ភ្នំពេញៈ រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចពិភាក្សា ពិសេសស្តីពីទំនាក់ទំនងកម្ពុជា-ជប៉ុន នៅថ្ងៃទី ១០ ខែវិច្ឆិកា ដើម្បីអបអរខួន ៧០ ឆ្នាំ នៃចំណងមិត្តភាពការទូតរវាងប្រទេសទាំង ២ និងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ពីអតីតកាល និងបច្ចុប្បន្នកាលរវាងប្រជាជនកម្ពុជា និងជប៉ុន។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអរគុណដល់ជប៉ុនដែលបានអញ្ជើញលោកទៅទស្សនកិច្ចនៅប្រទេសជប៉ុននៅឆ្នាំ ២០១៣ ដែលជប៉ុនបានណែនាំឱ្យស្គាល់កន្លែងពិគ្រោះយោបល់ និងកន្លែងចរចារវាងកម្ពុជាចតុភាគី នៅទីក្រុងតូក្យូ។
លោក សុខ ទូច ថ្លែងថា មានចំណុចសំខាន់ ៣ រវាងកម្ពុជា និងជប៉ុន ដែលគ្រប់គ្នាត្រូវចងចាំ គឺទី១ ជប៉ុនជាមហាអំណាច ហើយនៅតែរក្សាបានជាប្រទេសមហាអំណាច ប៉ុន្តែ កម្ពុជា ជាប្រទេសមហាអំណាច តែរក្សាមិនបានមហាអំណាចរបស់ខ្លួន ហើយក្លាយជាប្រទេសមួយតូចទៅវិញ។
ជប៉ុនធ្លាប់ដាក់អាណានិគមលើកម្ពុជានៅឆ្នាំ ១៩៤១ និងចេញនៅឆ្នាំ ១៩៤៥ ក្រោយចប់សង្គ្រាមលោកលើកទី២ ប៉ុន្តែកម្ពុជា មិនដែលធ្វើអាណានិគមជប៉ុនទេ។ មួយវិញទៀតជប៉ុនរក្សាបានតម្លៃសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលពីមុនធ្លាប់ជាមហាអំណាចទី២ លើពិភពលោក។ បន្ថែមលើនេះ វប្បធម៌គោរពទន់ភ្លន់របស់ជប៉ុន ជាមេរៀនដ៏ល្អ។
រាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា៖ «វប្បធម៌ជប៉ុនពីដើម មនុស្សកាចសាហាវណាស់ ជប៉ុនធ្វើសង្គ្រាមចាញ់សុខចិត្តសម្លាប់ខ្លួន តែឥឡូវនេះជប៉ុនជាប្រ
ជាជនដែលស្លូតត្រង់ ទន់ភ្លន់ ហើយកាយវិកាដ៏ទន់ភ្លន់នេះបានមកគ្របដណ្តប់នៅទ្វីបអាស៊ីអាគ្នេយ៍ទាំងមូល»។
លោក សុខ ទូច ថ្លែងបន្តថា ជប៉ុនបានបន្សល់នូវអនុស្សាវរីយ៍ ១ ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រគឺនៅឆ្នាំ ១៩៦៣ ជប៉ុនបានធ្វើស្ពានមួយ ហៅថាស្ពានជ្រោយចង្វារ។ទោះបីស្ពាននោះត្រូវបានកម្ទេចនៅឆ្នាំ ១៩៧៥ ក៏ដោយ ប៉ុន្តែក្រោយមកជប៉ុនបានធ្វើការតភ្ជាប់ស្ពាននោះឡើងវិញ។
លោក សុខ ទូច ថ្លែងទៀតថា បទពិសោធន៍ដែលមិនអាចកាត់ថ្លៃបានជាមួយជប៉ុន គឺលើកទី១ ក្នុងប្រវត្តិសាស្ត្រជប៉ុនក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ បានបញ្ចេញកងទ័ពមួកខៀវមកជួយដោះស្រាយបញ្ហាកម្ពុជានៅឆ្នាំ ១៩៩១ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោកថ្លែងថា៖ «យើងត្រូវចងចាំថា ជប៉ុនបានជួយកម្ពុជា កម្ពុជាបានជួយវិញ ដែលជប៉ុនមិនអាចភ្លេចបាន នៅពេលដែលចប់សង្គ្រាមលោកលើកទី២ ជប៉ុនត្រូវសងកម្ពុជាវិញ ប៉ុន្តែកម្ពុជាមិនទទួលយកទេ ដោយសារតែកម្ពុជាក៏ធ្លាប់រងទុក្ខវេទនាបែបនេះ កម្ពុជាមិនទទួលយកទេ ហើយអំណោយដែលជប៉ុនជួយគឺដោយសប្បុរសធម៌»។
លោក សោម វិសាល អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាសហប្រធានគណៈកម្មាធិការប្រតិបត្តិ នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជាជប៉ុន បានថ្លែងថា កម្ពុជាជប៉ុនមានការវិវឌ្ឍជាច្រើនក្នុងទំនាក់ទំនងការទូតទៅវិញទៅមក រហូតឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ និងគ្រោងប្រារព្ធខួបលើកទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំង ២ ដែលកម្ពុជាជាប្រទេសទី ១ នៅក្នុងអាស៊ានដែលបានគាំទ្រជប៉ុន នៅក្នុងកិច្ចព្រមព្រៀងឥណ្ឌូប៉ាស៊ីហ្វិក ក្រៅពីនេះកម្ពុជាជប៉ុនក៏មានទំនាក់ទំនងកិច្ចការផ្ទៃក្នុងផ្សេងៗជាច្រើនទៀតផងដែរ។
លោក សោម វិសាល ថ្លែងថា៖«កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ជារឿងសំខាន់ផងដែរ នៃទំនាក់ទំនងរបស់យើង ដែលជំរុញពាណិជ្ជកម្មប្រទេសទាំង២ បានកើនឡើងជាបន្តបន្ទាប់ នៃការនាំចេញផលិតផលជាច្រើនទៅកាន់ប្រទេសជប៉ុន មានខោអាវ ស្បែកជើង គ្រឿងសង្ហារិម និងមានការ
នាំចូលមកវិញនូវរថយន្ត និងគ្រឿងអេឡិចត្រូនិកមកពីប្រទេសជប៉ុនផងដែរ»។
លោក Atsushi Ueno ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងថា កិច្ចពិភាក្សាដែលរៀបចំឡើងនេះគឺជាព្រឹត្តិការណ៍មួយរំឭកទៅដល់ខួបលើកទី៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។
ឯកអគ្គរាជទូតវិសាមញ្ញ ថ្លែងថា វេទិកាវិទ្យាសាស្ត្រនេះជាពេលវេលាដ៏មានកិត្តិយសសម្រាប់ស្ថានទូតជប៉ុន ដែលបានចូលរួមជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងមួយសម្រាប់អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងដើរតួជាធនាគារខួរក្បាលដ៏មានឥទ្ធិពលទាំងក្នុងស្រុក និងអន្តរជាតិ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សាតុមូលនេះ នឹងបម្រើជាឱកាស ១ សម្រាប់ប្រជាជនខ្មែរជាច្រើននាក់ ជាពិសេសក្មេងជំនាន់ថ្មី ដើម្បីឱ្យកាន់តែចាប់អារម្មណ៍លើប្រទេសជប៉ុន និងទំនាក់នងរវាងប្រទេសទាំង ២ ឱ្យបានកាន់តែច្រើនជាងមុនទៅទៀត»៕