ភ្នំពេញៈ អ្នកលេងសាច់ដុំដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក សំបូរ សុភ័ណ្ឌ បានបន្តដណ្តើមបានជ័យជម្នះដ៏សំខាន់មួយទៀតគឺការឈ្នះបានមេដាយមាស ១ និងប្រាក់ ១ ពីការប្រកួតកីឡាកាយវប្បកម្មអន្តរជាតិ PCA Elite Classic ដែលបានធ្វើនៅ Elite Gym Pattaya ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
តាមរយៈការប្រកួតនេះ សំបូរ សុភ័ណ្ឌ បានបង្ហាញក្តីរំភើបរហូតស្រក់ទឹកភ្នែកចំពោះការដណ្តើមបានមេដាយប្រាក់ លើវិញ្ញាសា Classic physique open ព្រោះវិញ្ញាសានេះមានអ្នកខ្លាំងៗចូលរួមរហូតដល់ ១៣ នាក់ ហើយការដណ្តើមបានមេដាយប្រាក់នេះក៏ជាការផ្តល់កម្លាំងចិត្តដ៏សំខាន់ដល់រូបគេឈានទៅដណ្តើមបានមេដាយមាសលើវិញ្ញាសា Men physique open ដែលត្រូវប្រកួតនៅម៉ោងបន្ទាប់ នាថ្ងៃទី១២ ខែវិច្ឆិកា នោះផងដែរ។
ម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ ២០១៨ សំបូរ សុភ័ណ្ឌ បានថ្លែងតាមរយៈការឡាយផ្ទាល់ទាំងទឹកភ្នែកថា៖ «ខ្ញុំទទួលបានលេខ២ ហើយបងប្អូន! នេះជាលទ្ធផលដ៏ល្អមួយ ដែលខ្ញុំមានការរំភើប និងរីករាយក្នុងការទទួលយក ព្រោះអ្នកចូលរួមក្នុងវិញ្ញាសានេះ សុទ្ធតែមានការស៊ូខ្លាំង ដែលមានការលំបាក ចំណែកអ្នកបានលេខ១ ជាមិត្តភក្តិ ដែលធ្លាប់ប្រកួតជាមួយគ្នាកាលពី ៥ ឆ្នាំមុន ក្នុងការប្រកួតកីឡាកាយវប្បកម្មជើងឯកអាស៊ាន នៅខេត្តសៀមរាប»។
ជាមួយគ្នានេះ សំបូរ សុភ័ណ្ឌ បានចាត់ទុកការដណ្តើមបានមេដាយមាស១ និងប្រាក់១ពីការប្រកួតកីឡាកាយវប្បកម្មអន្តរជាតិ PCA Thailand នៅ Patayaនៅប្រទេសថៃនេះ ជាមេដាយរួមគ្នារបស់ប្រជាជនកម្ពុជា ដែលតែងតែបាននាំគ្នាគាំទ្រ និងលើកទឹកចិត្តដល់រូបគេគ្រប់ការប្រកួត។
ម្ចាស់មេដាយមាសថ្មីថ្មោងរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនក្រោយការប្រកួតនៅយប់ថ្ងៃអាទិត្យនោះថា៖ «ថ្ងៃនេះ ខ្ញុំបាទពិតជារំភើបខ្លាំងណាស់ ដែលបានឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង លើប្រភេទ២ វិញ្ញាសាគឺវិញ្ញាសា Men physique open បានមេដាយមាស និងវិញ្ញាសា Classic physique open បានមេដាយប្រាក់ ហើយការឈ្នះមេដាយទាំង ២ គ្រឿងនេះ មិនមែនជាមេដាយរបស់ខ្ញុំតែម្នាក់នោះទេ គឺជាមេដាយរបស់ពុកម៉ែបងប្អូនកម្ពុជាយើងទាំងមូល»។
ជាមួយគ្នានេះ បងប្រុសទាំង ២ នាក់របស់ សំបូរ សុភ័ណ្ឌ គឺម្ចាស់មេដាយមាសជើងឯកអាស៊ាន សំបូរ នន់ និង សំបូរ ណាន ដែលធ្លាប់បានឈ្នះមេដាយមាសជើងឯកពិភពលោកផ្នែកកីឡាកាយវប្បកម្មបានមុនគេនោះ ក៏បានបង្ហាញភាពរីករាយខ្លាំង ចំពោះការដណ្តើមបានមេដាយមាស១ និងប្រាក់១ របស់ សុភ័ណ្ឌ ពីការប្រកួត PCA Elite Classic នេះ ព្រោះអ្នកលេងសាច់ដុំត្រកូល«សំបូរ» បានព្យាយាមរាប់ឆ្នាំមកហើយ ទម្រាំអាចដណ្តើមបានលទ្ធផលដ៏ល្អពីព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញទង់ជាតិកម្ពុជាឱ្យបរទេសបានឃើញ។
បងប្រុសធំ សំបូរ នន់ ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹកទៅហើយនោះ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ទាល់តែរួមកម្លាំងគ្នាទើបបានជោគជ័យ! ខ្ញុំបានជូនប្អូនប្រុសខ្ញុំ ទៅដល់គោលដៅហើយ សម្រាប់ឆ្នាំនេះ។ តើឆ្នាំក្រោយមានកីឡាកររូបណាទៀត សូមរង់ចាំមើលទាំងអស់គ្នាម្តងទៀត នៅឆ្នាំ២០២៤»។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរដល់ សំបូរ សុភ័ណ្ឌ ផងដែរ។ លោកបានបង្ហោះសារ នៅលើហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី១៣ វិច្ឆិកាថា៖ «អបអរសាទរ កីឡាករកាយវប្បកម្មកម្ពុជា សំបូរ សុភ័ណ្ឌ ដែលបានឈ្នះមេដាយមាស១និងមេដាយមាសប្រាក់១ ក្នុងកម្មវិធីការប្រកួតជើងឯកកាយវប្បកម្មPCA Elite Classic(មេដាយមាសលើវិញ្ញាសា Men Physique Open និងមេដាយប្រាក់លើវិញ្ញាសា Classic Physique Open )នៅប្រទេសថៃថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣»។
យ៉ាងណាក៏ដោយ ចំពោះការចេញទៅប្រកួតតំណាងឱ្យកម្ពុជា ជាលក្ខណៈឯកជនដោយមិនមានអ្នកជួយទំនុកបម្រុងជាច្រើនឆ្នាំនេះ វាបានក្លាយជាវិបត្តិសេដ្ឋកិច្ចចំពោះ សំបូរ សុភ័ណ្ឌ ដែលរូបគេអាចនឹងផ្អាកអាជីពមួយនេះរយៈពេល២ឆ្នាំ ប្រសិនបើការព្យាយាមនេះនៅតែមិនទទួលបានការឧបត្ថម្ភពីសប្បុរសជននិងវិស័យឯកជន។
កីឡាករវ័យ២៨ឆ្នាំ សំបូរ សុភ័ណ្ឌ បាននិយាយមុនចេញទៅប្រកួតនៅប្រទេសថៃលើកនេះថា៖ «រាល់ការប្រកួត ខ្ញុំមិនដែលបាក់ទឹកចិត្តលើរឿងចាញ់ ឬបញ្ហាអ្វីអីនោះទេ ប៉ុន្តែកត្តាសំខាន់ដែលធ្វើឱ្យខ្ញុំចង់ផ្អាកការប្រកួត គឺកត្តាសេដ្ឋកិច្ចព្រោះយើងមានការចំណាយច្រើនទៅលើកីឡានេះ។ប៉ុន្តែមានលក្ខខណ្ឌមួយដែរគឺប្រសិនបើបងប្អូនស្រឡាញ់ គាំទ្រ និងមានការជួយឧបត្ថម្ភទៅលើការធ្វើដំណើរ និងការហូបចុក ខ្ញុំប្រហែលជាអាចបន្តទៀត»។
ជាមួយការចំណាយទៅលើការហ្វឹកហាត់ ពិសេសពេលត្រៀមការប្រកួតម្តងៗ សំបូរ សុភ័ណ្ឌ បានឱ្យដឹងថា រូបគេបានចំណាយច្រើន ទាំងទៅលើការប្រើវីតាមីន អាហារបំប៉នផ្សេងៗ ការម៉ាស្សា ត្រាំទឹកក្តៅទឹកត្រជាក់ ដើម្បីបំប៉នសាច់ដុំ និងកុំឱ្យឈឺសាច់ដុំ ជាពិសេសការហូបចុកប្រចាំថ្ងៃ គឺ១ថ្ងៃចំណាយមិនក្រោម៣០ដុល្លារនោះទេ ខណៈការហ្វឹកហាត់ត្រៀមចេញទៅប្រកួតក្នុងកម្មវិធី IFBB Muscle Contest នៅប្រទេសវៀតណាមកាលពីពាក់កណ្តាលខែតុលា កន្លងមក សុភ័ណ្ឌ បានចំណាយថវិកាជិត១ម៉ឺនដុល្លារ។
សុភ័ណ្ឌ បានបញ្ជាក់ថា៖ «សម្រាប់ការត្រៀមទៅប្រកួត នៅប្រទេសវៀតណាមកន្លងមក ខ្ញុំចំណាយចូល៨ពាន់ដុល្លារគ្រាន់តែការហូប ហើយមិនទាន់គិតលើថ្លៃដាក់ពាក្យ និងសំបុត្រយន្តហោះផង ហើយបូកទាំងការត្រៀមសម្រាប់ការប្រកួតនៅថៃនេះទៀតចូលជាង១ម៉ឺនដុល្លារ ព្រោះ១ខែចំណាយជាង២ពាន់ដុល្លារដោយថវិកាទាំងនេះ ខ្ញុំក៏ខ្ចីពីបងប្អូនដែរទេ គឺគ្មានលុយគ្រប់ឡើយ»។
យ៉ាងណាក៏ដោយ សំបូរ សុភ័ណ្ឌ នៅតែមិនចង់បោះបង់អាជីពនេះ ប្រសិនបើមានអ្នកជួយឧបត្ថម្ភ។ «ការប្រកួតរបស់ខ្ញុំ ចេញពីបេះដូង ដោយសារយើងស្រឡាញ់កីឡាកាយវប្បកម្មនេះ អ៊ីចឹងយើងអត់ចង់បោះបង់ទេ។ យើងចង់ធ្វើវាបន្តដើម្បីឱ្យបរទេសដឹងថាកូនខ្មែរយើងក៏អាចធ្វើបានដូចគ្នាហើយការខិតខំប្រឹងប្រែងរបស់យើងមកដល់ពេលនេះគឺដើម្បីប្រទេសជាតិយើង»៕