ភ្នំពេញៈតំណាង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោកស្រី Fiona Ma បាន​សន្យាថា លោកស្រី​នឹង​ជួយ​ជ្រោមជ្រែង​ការងារ​គុន​ខ្មែរ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា​នេះ នៅ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​អ្វីដែល​ប្រធាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ (KKIF) លោក​ឧកញ៉ា ស្រី ចាន់ថន បានប្រកាស​ឱ្យដឹង កាលពី​ថ្ងៃទី​ ១១ ខែវិច្ឆិកា​។​

ការប្រកាស​ដំណឹង​ដ៏​ល្អ​នេះ ដោយ​តែ​លោក ស្រី ចាន់ថន បាន​ជួបពិភាក្សា​ដោយផ្ទាល់​ជាមួយ​លោកស្រី  Fiona Ma ក្នុង​កម្មវិធី «​ពិព័រណ៍​ធុរកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​» លើក​ទី​១ ប្រចាំឆ្នាំ​ ២០២៣ ដែល​ធ្វើ​នៅ The Holiday Inn នៅ​ទីក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែវិច្ឆិកា ហើយ​នៅក្នុង​ពិព័រណ៍​នោះ លោក ចាន់ថន ក៏បាន​នាំយក​កីឡាករ ឈឿង ល្វៃ និង​គ្រូ​ជំនួយ​របស់​ក្លិប KKIF​លោក ស្រី រាជបុត្រ ទៅ​បង្ហាញ​ក្បាច់គុន​ខ្មែរ ឱ្យ​អ្នកចូលរួម​ទាំងអស់ បានឃើញ​ផងដែរ​។​


​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ លោក ស្រី ចាន់ថន បាន​ប្រាប់​តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ​ផេ​ច​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា​៖ «​ថ្ងៃនេះ​ខ្ញុំ​ពិត​ជាមាន​កិត្តិយស​ណាស់ ដែល​លោកស្រី Fiona Ma តំណាងឱ្យ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែលមាន​តួនាទី​ជា​ហេរញ្ញិក​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មួយ​នេះ បានផ្តល់​ជូន​លិខិត​ថ្លែងអំណរគុណ និង​កោតសរសើរ​ខ្ញុំបាទ ដែល​បាន​នាំ​សិល្បៈ​គុន​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋអាមេរិក​»​។​


​ប្រធាន​ក្លិប Kun Khmer International Fight Gym (KKIF) លោក ចាន់ថន បាន​ស្រង់​សម្តី​របស់​លោកស្រី Fiona Ma មក​បញ្ជាក់​ដូច្នេះ​ថា​៖ «​គាត់​បាន​និយាយ​អរគុណ​ដល់​ខ្ញុំ ដែល​បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​វប្បធម៌​តាមរយៈ​សិល្បៈ​ក្បាច់គុន​បុរាណ​ខ្មែរ ហើយ​លោកស្រី​បានបញ្ជាក់​បន្ថែមថា លោកស្រី​នឹង​ជួយ​ជ្រោមជ្រែង​ការងារ​គុន​ខ្មែរ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ នៅ​សហរដ្ឋអាមេរិក​»​។ 


​ជាមួយ​ការគាំទ្រ​របស់លោក​ស្រី Fiona Ma នេះ បាន​បើកផ្លូវ​មួយ​យ៉ាងសំខាន់​សម្រាប់ «​គុន​ខ្មែរ​» ក្នុងការ​ឈានទៅដល់​ការរៀបចំ​ឱ្យមាន​ការប្រកួត នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​មួយ​នេះ ព្រោះ​សម្រាប់​ការធ្វើដំណើរ​ទៅ​អាមេរិក​លើក​នេះ លោក ស្រី ចាន់ថន ក៏មាន​បំណង​ទៅ​ពិនិត្យមើល​ទីតាំង ដើម្បី​ធ្វើ​កម្ម​វិធីគុន​ខ្មែរ​នៅ​ទីនោះ ក្នុងពេល​ឆាប់ៗ​ផងដែរ​។​


​បន្ថែម​លើ​នេះ ក្លិប KKIF​របស់លោក ចាន់ថន ក៏បាន​ចងសម្ព័ន្ធភាព​ជាមួយ​ក្លិប​ប្រដាល់​គុន​ខ្មែរ​ប្រដាល់សេរី​របស់លោក​គ្រូ អ៊ុំ រី ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​រួចរាល់​ហើយ​ដែរ ហើយ​ជាមួយ​ការចង​ស​ម្ព័​ន្ត​មេត្រីភាព​គ្នា​នេះ លោក ចាន់ថន បានដាក់​ក្តី​រំពឹងថា នឹង​នាំឱ្យ​គុន​ខ្មែរ ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​មួយកម្រិត​បន្ថែមទៀត នៅ​សហរដ្ឋអាមេរិក​។ 


​ជាមួយគ្នានេះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានបង្ហាញ​ការគាំទ្រ និង​កោតសរសើរ​ដល់​លោក ស្រី ចាន់ថន ដែល​បាន​ខិតខំ​នាំយក «​គុន​ខ្មែរ​» ទៅ​ផ្សព្វផ្សាយ នៅ​អាមេរិក ក្នុងអំឡុង​ពេលដែល​ក្បាច់គុន​ជា​កេរ​មរតក​របស់​ដូនតា​ខ្មែរ​នេះ ត្រូវបាន​នាំយកទៅ​រៀបចំ​ឱ្យមាន​ការប្រកួត នៅ​ប្រទេស​បារាំង និង​អូស្ត្រាលី​រួចមកហើយ ហើយ​កីឡាករ​ប្រដាល់​កម្ពុជា​ក៏បាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ទៀត នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។​


​លោក តែម ម៉ឺន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា​ថា​៖ «​ចំពោះ​ការគាំទ្រ​ពី​ប្រទេសក្រៅ ឬ​ជនជាតិ​បរទេស ពិតជា​សំខាន់​ណាស់ យើង​ចង់បាន​ណាស់ ឱ្យតែ​ការគាំទ្រ​នោះ ស្របតាម​គោលការណ៍​សិល្ប​:​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ​របស់​យើង ក៏ដូចជា​គោលការណ៍​ច្បាប់​នៃ​ប្រទេស​នីមួយៗ ឱ្យស្រប​ទៅនឹង​រាជរដ្ឋាភិបាល​របស់​យើង គឺ​យើង​ស្វាគមន៍​ទាំងអស់​»​។​


​លោក​បាន​បន្ថែមថា​៖ «​រាល់​សកម្មភាព​ទាំងអស់នោះ សហព័ន្ធ ពិតជា​ចង់បាន និង​ចង់ឱ្យមាន​ការគាំទ្រ ហើយ​ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ ខ្ញុំ​សូម​អរគុណ​ដល់​លោក​ឧកញ៉ា ស្រី ចាន់ថន ដែល​បាន​នាំយក​ក្បាច់គុន​បុរាណ​ខ្មែរ​របស់​យើង ទៅ​បង្ហាញ​នៅ​អាមេរិក ដើម្បី​ឱ្យគេ​ស្គាល់ និង​មាន​មូលដ្ឋាន​ក្នុង​ការជួយ​គាំទ្រ​យើង​។ ទន្ទឹមនឹងនេះ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោកស្រី  Fiona Ma ដែល​បាន​គាំទ្រ​ដល់​គុន​ខ្មែរ   ដែល​ធ្វើឱ្យ​យើង​រឹត​តែមាន​កម្លាំង ក្នុងការ​ផ្សព្វផ្សាយ​រប​ស់​យើង​ទៅកាន់​ពិភពលោក​»​។​


​យ៉ាងណាក៏ដោយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​រូបនេះ សុំឱ្យ​មានការ​ជួយ​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធ្វើឱ្យ «​គុន​ខ្មែរ​» កាន់តែ​ទទួលបាន​ការគាំទ្រ​ខ្លាំង តែ​រាល់​ការងារ​ទាំងអស់នោះ ត្រូវតែ​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សិល្ប​:​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ ព្រមទាំង​ស្របទៅតាម​គោលការណ៍​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

លោក តែម ម៉ឺន បញ្ជាក់ថា​៖ «​យើង​ត្រូវ​នាំគ្នា​ការពារ អភិរក្ស និង​អភិវឌ្ឍ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​តម្លៃ​នៃ​ក្បាច់គុន​របស់​ដូនតា​យើង ដែល​បាន​បន្សល់​ទុកឱ្យ ហើយ​យើង​ត្រូវតែមាន​ការបង្រួបបង្រួម និង​ប្រមូល​កម្លាំង​ឱ្យបាន​ច្រើន ដើម្បី​ជួយ​គ្នា​នូវ​គ្រប់​មធ្យោបាយ​ឱ្យស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​សិល្ប​:​វប្បធម៌​ក្បាច់គុន​បុរាណ​ខ្មែរ ព្រមទាំង​ស្របទៅតាម​គោលការណ៍​របស់​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បញ្ជាក់​ច្បាស់​ថា យើង​ធ្វើ​នេះ ពិតជា​ត្រឹមត្រូវ ដើម្បី​លើកកម្ពស់​ពី​គុណ​តម្លៃ និង​ធ្វើឱ្យមាន​ការគាំទ្រ​កាន់តែខ្លាំង​ដល់​គុន​ខ្មែរ​របស់​យើង​»៕