ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្តល់យោបល់ទៅដល់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អង្គភាព ក្រសួង ដែលពាក់ព័ន្ធទាំងអស់ សូមពិនិត្យឡើងវិញលើការរៀបចំបទដ្ឋានគតិយុត្ត យន្តការ និងវិធីសាស្ត្រដោះស្រាយ ដើម្បីត្រៀម លក្ខណៈប្រយុទ្ធប្រឆាំងភេរវកម្ម និងត្រៀមជួយសង្គ្រោះមហន្តរាយនានា។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
លោកបានយកឱកាសនេះ ថ្លែងអំណរគុណ និងឧទ្ទិសសមិទ្ធផលដែលមានសព្វថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព ការបង្រួបបង្រួមជាតិដូចសព្វថ្ងៃនេះ។
ទន្ទឹមនេះសង្ឃឹមថា កម្ពុជានឹងលែងមានប្រឈមការប្រយុទ្ធទ្រង់ទ្រាយធំដូចមុនៗ ក៏ប៉ុន្តែការគំរាមកំហែងបញ្ហាសន្តិសុខនឹងនៅតែបន្តបើសិនជាយើងធ្វេសប្រហែស ស្របពេលដែលភាពតានតឹងក្នុងតំបន់ និងសកលលោកនៅបន្តកើតឡើង។
លោកថ្លែងថា៖«ជាក់ស្តែងទាក់ទងទៅនឹងការប្រឆាំងភេរវកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដែលនឹងក្លាយទៅជាឧទាហរណ៍មួយចំនួនក្នុងសមរភូមិបែបថ្មីក្នុងសតវត្សរ៍ទី២១នេះ។ ការកើនឡើងនៃបញ្ហាទាំងនេះជាសក្ខីភាពចាំបាច់នៃអង្គភាពទ័ពពិសេស ដែលមានសមត្ថភាពខ្ពស់អាចឆ្លើយតបបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា នេះហើយបេសកកម្មស្នូល និងជាមូលហេតុដែលបង្កើតបញ្ជាការដ្ឋានទ័ពពិសេស និងសង្ឃឹមថានឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់សម្រាប់វិស័យការពារជាតិនាពេលអនាគត»។
«អត់មាននរណាទាយបានទេថា ភេរវកម្មអត់អាចកើតលើទឹកដីកម្ពុជានោះទេ ហើយយើងធ្លាប់មានករណីជាច្រើនដែលអាចទប់ស្កាត់អាចបង្ការបាន នៅពេលដែលភេរវកររៀបចំផែនការវាយប្រហារក្នុងទឹកដីរបស់យើង។ អ៊ីចឹង!យើងសង្ឃឹមនូវអ្វីដែលល្អបំផុត ប៉ុន្តែត្រៀមលក្ខណៈជាប្រចាំដើម្បីឆ្លើយតបទៅនឹងសេនារីយ៉ូ ឬក៏ហេតុការណ៍យថាហេតុអាក្រក់ដែលអាចកើតឡើង»។ នេះបើតាមលោក ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែម។
ជាមួយគ្នានេះលោកនាយករដ្ឋមន្ត្រី បានផ្តល់យោបល់ទៅដល់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម អង្គភាពក្រសួង ដែលពាក់ព័ន្ធទាំងអស់ សូមពិនិត្យឡើងវិញលើការរៀបចំនូវបទដ្ឋានគតិយុត្ត និងយន្តការ វិធីសាស្រ្តក្នុងការដោះស្រាយ ។
លោកថា៖ «ព្រោះយើងមានការរៀបនូវជំនាញនិងកម្លាំងច្រើន ប៉ុន្តែការប្រយុទ្ធប្រឆាំងភេរវកម្មនេះ មានលក្ខណៈស្មុគស្មាញ និងពេលខ្លះពាក់ព័ន្ធផ្លូវច្បាប់ និងការទូត។ ព្រោះពេលខ្លះការវាយប្រហារមិនពាក់ព័ន្ធពលរដ្ឋខ្មែរ ឬមួយប្រទេសណាមួយទេ គឺវាអាចពាក់ព័ន្ធទៅនឹងមុខសញ្ញាទាំងជនរងគ្រោះ និងគោលដៅត្រូវវាយប្រហារជាបរទេស ឬមួយក៏ប្រតិបត្តិការភេរវកម្មក៏ជាបរទេសអ៊ីចឹង!ទាមទារការសហការដែលយើងមាននៅក្នុងគណៈកម្មាធិការជាតិដែលមានគ្រប់ស្ថាប័នរួមទាំងក្រសួងការបរទេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ»។
ពាក់ព័ន្ធការសង្គ្រោះមហន្តរាយវិញលោក ហ៊ុន ម៉ាណែត បានណែនាំឱ្យទ័ពពិសេស ត្រូវតៀមលក្ខណៈ និងបង្កើនសមត្ថភាពពង្រឹងផ្នែកសង្គ្រោះអគ្គិភ័យ គ្រោះទឹកជំនន់ និងការបាក់រលំអគារជាដើម។
បន្ថែមពីនេះ លោកស្នើឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានប្រភេទទ័ពទាំងអស់យកចិត្តទុកដាក់ទៅលើការគំរាមកំហែងបច្ចុប្បន្ន និងទៅអនាគតមួយទៀត គឺការគំរាមកំហែងសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា។
លោកបញ្ជាក់ថា៖ «កិច្ចការងារនេះគឺយើងចាំបាច់ត្រូវយកចិត្តទុកដាក់ ព្រោះកងទ័ពយើងទំនើបកម្មហើយ សូម្បីរថយន្តដែលប្រើសុទ្ធតែអេឡិចត្រូនិក។ ព្រោះបច្ចេកវិទ្យាគឺបច្ចុប្បន្ន និងអនាគត យើងមិនអាចបោះវាចោលទេយើងត្រូវប្រើវាដើម្បីបង្កើនប្រសិទ្ធភាព ប៉ុន្តែបើជ្រុលជាប្រើ សូមកុំឱ្យវាជាមុខពីរ យើងត្រូវការពារផង»។
នាឱកាសនោះ មេបញ្ជាការដ្ឋានទ័ពពិសេសលោក ស៊ុំ សំណាង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំលោក ហ៊ុន ម៉ាណែត បានលើកកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងពិភពលោក កាន់តែឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែង ការកសាង និងអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ ជារដ្ឋឯករាជ្យ នីតិរដ្ឋ និងប្រជាធិបតេយ្យសេរីពហុបក្ស។ ជាមួយគ្នានេះ តាងនាមឱ្យបញ្ជាការដ្ឋានទ័ពពិសេស បានប្តេជ្ញាស្មោះត្រង់ និងការពារចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងកាពាររាជរដ្ឋាភិបាលស្របច្បាប់ សុខសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីឱ្យបានស្ថិតស្ថេរ។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីនេះថា កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្តនានា ប្រកាន់ខ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។
លោកណែនាំដល់គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង ធនធាន និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព ពោលគឺ សូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។
លោកនាយករដ្ឋមន្ត្រីក៏បានជំរុញដល់គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់កងទ័ព ទាំងជំនាញយោធា និងជំនាញដែលមានប្រយោជន៍ក្នុងវិស័យស៊ីវិល ដើម្បីធានាថា កងទ័ពយើងមានសមត្ថភាព ហើយក៏នឹងក្លាយជាធនធានដ៏មានតម្លៃជូនសង្គមជាតិផងដែរ ក្រោយពេលលាឈប់ពីជួរកងទ័ព។
លោកថ្លែងថា៖ «សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ។ សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារឱ្យមានជីវភាពរស់នៅសមស្រប មានផាសុកភាព, សុខុមាលភាព និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន»៕