ភ្នំពេញៈ ព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ឡាយព្រះហស្តលេខា កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ព្រះរាជក្រឹត្យបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចេញហើយ ក៏ប៉ុន្តែផ្អែកទៅលើព្រះរាជក្រឹត្យតែ ១ គឺមិនទាន់អាចដំណើរការបានទេ វាទាមទារការរៀបចំកិច្ចដំណើរការមួយចំនួនទៀត។ អ៊ីចឹងអាជ្ញាធរជាតិនេះ នឹងអាចដំណើរការក្នុងពេលឆាប់ៗខាងមុខ។
យ៉ាងណាក្តីមន្ត្រីមួយចំនួន និងអង្គការសង្គមស៊ីវិលរំពឹងថា អាជ្ញាធរជាតិមួយនេះនឹងបំពេញការងារបានជាប្រយោជន៍យ៉ាងសំខាន់ដល់ប្រជាពលរដ្ឋក្នុងការផ្សះផ្សាជម្លោះនៅក្នុងសហគមន៍។
កញ្ញា សយ ពិសី ជាជនជាតិដើមភាគតិចព្រៅ រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីបានឱ្យដឹងថា នៅក្នុងសហគមន៍ដែលនាងកំពុងរស់នៅភាគច្រើនជាជនជាតិដើមភាគតិច ដូចជាជនជាតិដើមកួយ ព្រៅ ព្នងជាដើម។ ចំពោះប្រពៃណីរបស់ជនជាតិដើមភាគតិចនៅក្នុងភូមិនីមួយៗតែងតែមានជម្លោះម្តងម្កាលដែរ តែនៅពេលកើតមានជម្លោះ គឺអ្នកស្រុកតែងតែទៅពឹងពាក់ចាស់ទុំ ដើម្បីឱ្យជួយសម្រុះសម្រួលវិវាទនោះ និងទទួលបានការសម្រុះសម្រួលគ្នាពីចាស់ព្រឹទ្ធាចារ្យ។
កញ្ញា ពិសី ពោលថា៖ «តាំងពីខ្ញុំដឹងក្តីមក បើមានរឿងទំនាស់គ្នា ខ្ញុំឃើញតែសម្រុះសម្រួលជម្លោះដោយមានចាស់ទុំជាអ្នកកាត់ក្តី។ បញ្ហានេះខ្ញុំឃើញថា វាដំណើរការទៅមានភាពងាយស្រួលដោយសារតែវាមិនសូវជាអស់លុយអស់កាក់។ ម្យ៉ាងទៀតវាចំណេញពេលវេលាច្រើនជាងទៅតុលាការ»។
បើតាមកញ្ញាពិសីកន្លងមកនៅក្នុងសហគមន៍របស់កញ្ញា ធ្លាប់តែមានការដោះស្រាយវិវាទផ្អែកតែទៅលើទំនៀមទម្លាប់ប្រពៃណីតាមស្រុកភូមិតែប៉ុណ្ណោះ។ បានន័យថា សម្រុះសម្រួលដោយចាស់ទុំហើយតាមរយៈការសម្រុះសម្រួលជម្លោះផ្ទាល់នេះ គឺលទ្ធផលទទួលបានយុត្តិធម៌ទាំងអស់គ្នា។
បើទៅតុលាការវាមានប្រព័ន្ធសាំញ៉ាំច្រើន ដូចជារង់ចាំកម្មវិធីជម្រះក្តី កម្មវិធីប្រកាសសាលក្រម ឬសាលដីកាជាដើម។ កញ្ញា ពិសី និយាយថា៖ «ខ្ញុំគិតថា ក្រោយពីមានដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកើតឡើងការដោះស្រាយវិវាទក្នុងសហគមន៍ នឹងកាន់តែសុក្រឹតជាងការសម្រុះសម្រួលតាមទម្លាប់ប្រពៃណី»។
លោក ឡោ គិមហ្គិច ដែលមានជំនាញខាងច្បាប់ ហើយបច្ចុប្បន្នកំពុងតែប្រកបអាជីពជាមេធាវីផងនោះ ក៏យល់ឃើញដែរថា ចំពោះរឿងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ជាទូទៅនៅប្រទេសជឿនលឿនគេធ្វើអ៊ីចឹងមានន័យថា គេបានអនុវត្តហើយ។
ការអនុវត្តបែបនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកុំឱ្យគាត់ពិបាក ឬចំណាយពេលច្រើនមកតុលាការដែលការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នៅប្រទេសគេហៅថា«តុលាការប្រជាជន»។ លោកថ្លែងថា៖ «អ៊ីចឹងគេបង្កើតជាគណៈកម្មការ ១ ដើម្បីជួយដោះស្រាយឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍។ សម្រាប់ប្រទេសយើងវិញនេះជាចំណុចល្អ ១ របស់រាជរដ្ឋាភិបាលយើងហើយ»។
ពាក់ព័ន្ធនឹងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ត្រូវបានលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា បញ្ហាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺកន្លងមកអាជ្ញាធរខេត្តស្វាយរៀងបានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបានជាច្រើនករណីដែរ ដូចជារឿងវិវាទដីធ្លី ទំនាស់រឿងទ្រព្យសម្បត្តិជាដើម។
លោកថ្លែងថា៖ «ធ្វើយ៉ាងម៉េចបើសិនជាអាចដោះស្រាយបានក្រៅប្រព័ន្ធតុលាការហ្នឹងគឺថា យើងខិតខំណាស់បាទ។ កិច្ចការនេះវានឹងផ្តល់អត្ថប្រយោជច្រើនដល់ប្រជាពលរដ្ឋ»។
លោក ម៉ែន អេង បានបញ្ជាក់ថា៖ «យើងប្តេជ្ញាចិត្តថា យើងនឹងខិតខំធ្វើកិច្ចការងារនេះឱ្យបានល្អធ្វើយ៉ាងណាដើម្បីបានតម្កល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋជាធំ ព្រោះយើងទាំងអស់គ្នានេះ មានកាតព្វកិច្ចតែមួយទេ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋលោកមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីប្រជាពលរដ្ឋយើងត្រូវតែនាំគ្នាធ្វើ»។
ពាក់ព័ន្ធនឹងព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង នៅចំពោះមុខមន្ត្រីរាជការក្នុងពិធីសំណេះសំណាលជាមួយកម្មករកាត់ដេរកាលពីខែតុលា នៅខេត្តកំពង់ស្ពឺថា អាជ្ញាធរជាតិនេះមិនទៅជំនួសតុលាការទេ ហើយក៏មិនទៅជំនួសប្រព័ន្ធយុត្តិធម៌ដែលមានស្រាប់ដែរ។
លោកសង្កត់ធ្ងន់ថា៖ «កន្លងទៅរាជរដ្ឋាភិបាលធ្លាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការច្រើនណាស់ ហើយអានេះក៏ជាប្រពៃណីរបស់យើងដែរ។ ភាគច្រើនពេលមានជម្លោះតែងតែរកមេឃុំ មេស្រុកឱ្យជួយសម្របសម្រួលហើយមុននឹងទៅតុលាការ ឬរកអ្នកចាស់ទុំក្នុងភូមិឱ្យទៅសម្របសម្រួលក៏មាន»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនចាំបាច់ដាក់ពាក្យរកមេធាវីទៅតុលាការទេ ហើយជួនកាលចំណាយពេលវេលាយូរទៀតនៅតុលាការ។ កន្លងមករាជរដ្ឋាភិបាលបានខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ បានដើរតួនាទីសំខាន់ណាស់ ជាពិសេសករណីរឿងរដ្ឋប្បវេណី។
បើតាមលោកនាយករដ្ឋមន្ត្រី ផលប្រយោជនៃការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺដោះស្រាយវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្មនិងវិវាទដទៃទៀត តាមរយៈការសម្រុះសម្រួលផ្សះផ្សា ដោយផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគី តាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សា។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនបង្ខំប្រជាពលរដ្ឋទេ គឺជាជម្រើសរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយជម្លោះ។
លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យបណ្តាអាជ្ញាធរខេត្តស្រុក ត្រៀមសហការជាមួយក្រុមការងារ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅពេលដែលព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការចូលជាធរមាន។
បើតាមព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ដែលឡាយព្រះហស្ដលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ៩ ខែវិច្ឆិកា បង្ហាញថា អាជ្ញាធរជាតិមួយនេះមានសមាសភាពចំនួន ១១ រូប មកពីស្ថាប័នរដ្ឋ និងគណៈមេធាវី។
លោក ជិន ម៉ាលីន បានឱ្យដឹងថា អ្វីដែលនៅរៀបចំគឺទី១ សមាសភាពដែលចង់បង្ហាញនៅក្នុងព្រះរាជក្រឹត្យ។ ទី២ គឺអគ្គលេខាធិការដ្ឋានដែលគាំទ្រដល់កិច្ចដំណើរការនេះ។ ទី៣ គឺឯកសារគាំទ្របទដ្ឋានគតិយុត្តផ្សេងៗទៀតដែលជាឯកសារគាំទ្រដល់កិច្ចដំណើរការ និងទី៤ គឺការប្រកាសជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទការបណ្តុះបណ្តាល និងការចុះបំពេញការងារភារកិច្ចរបស់ខ្លួន។ អ៊ីចឹងនេះគឺជាអ្វីដែលត្រូវរៀបចំក្រោយពីព្រះរាជក្រឹត្យចេញ។
លោកថា៖ «គោលបំណងនៃការបង្កើតអាជ្ញាធរជាតិនេះទី១ គឺដើម្បីបង្ខិតសេវាយុត្តិធម៌នេះឱ្យទៅជិតប្រជាពលរដ្ឋ។ ទី២ បង្កើតភាពសុខសាន្ត ភាពសុខដុមរមនា នៅក្នុងសហគមន៍។ ទី៣ គឺវានឹងចូលរួមចំណែកក្នុងការកែទម្រង់ប្រព័ន្ធតុលាការ គឺការដោះស្រាយភាពកកស្ទះសំណុំរឿង ការកើនឡើងសំណុំរឿងនៅតាមតុលាការដែលយើងអាចកាត់បន្ថយបានមួយចំនួន»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃសមាគមការពារសិទ្ធិមនុស្សលីកាដូ យល់ឃើញថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បើសិនជាយន្តការនេះរៀបចំបានល្អ មាននីតិវិធី គោលការណ៍ច្បាស់លាស់ និងមានការបណ្តុះបណ្តាលមន្ត្រីជំនាញច្បាស់លាស់ គឺអាចជួយកាត់បន្ថយសំណុំរឿងនៅតុលាការពាក់ព័ន្ធនឹងរឿងរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងរឿងទំនាស់ក្នុងការរស់នៅតាមបែបរដ្ឋប្បវេណី និងទំនៀមទម្លាប់ប្រពៃណីជាដើម។ ម្យ៉ាងទៀតគឺកាត់បន្ថយការចំណាយ កាត់បន្ថយការមើលមុខគ្នាមិនចំក្នុងការរស់នៅ គឺរស់នៅដោយសុខដុមរមនាជាមួយគ្នា។
ប៉ុន្តែរឿងព្រហ្មទណ្ឌ និងរឿងមួយចំនួនទៀតគឺមិនអាចដោះស្រាយតាមយន្តការនេះបានទេ គឺនៅតែតាមតុលាការដដែល។ យន្តការនេះថ្មី គឺត្រូវទាមទារទំនុកចិត្តពីប្រជាពលរដ្ឋជាមុនសិន តាមរយ:តម្លាភាព យុត្តិធម៌ មិនមានអំពើពុករលួយ និងប្រកបដោយវិជ្ជាជីវ: បើមិនអាចទាញទំនុកចិត្តពីប្រជាពលរដ្ឋគឺប្រហែលមិនសូវមានប្រសិទ្ធភាពទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មិនអាចបន្សាបឥទ្ធិពលតុលាការទេ ព្រោះនៅពេលដោះស្រាយតាមយន្តការនេះមិនជាសះនឹងគ្នា គឺត្រូវបញ្ជូនទៅតុលាការដដែល ហើយរឿងព្រហ្មទណ្ឌ និងរឿងមួយចំនួនមិនអាចដោះស្រាយតាមយន្តការនេះបានទេ គឺតាមតុលាការ»៕