ភ្នំពេញៈ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានរួមគ្នារៀបចំសន្និបាតនៃសមាគមប្រទេសទាំង២ ដើម្បីពង្រឹងការទូតប្រជាជនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការព្រំដែននៃប្រទេសកម្ពុជា-វៀតណាម សំដៅឈានទៅរក្សាបានព្រំដែនសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យទ្វេភាគី។
ថ្លែងក្នុងសន្និបាត ដែលរៀបចំរយៈពេល ២ថ្ងៃ ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាខេត្តតៃនិញ ប្រទេសវៀត-ណាម លោកស្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម មកដល់ពេលនេះមានរយៈពេល ៥៦ ឆ្នាំហើយ។
លោកស្រីបានលើកឡើងតាមរយៈហ្វេសប៊ុកលោកស្រីថា៖«ទំនាក់ទំនងការទូតទ្វេភាគី បានរីកចម្រើនយ៉ាងខ្លាំង និងបានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ ការពារជាតិ រហូតដល់វិស័យ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និងវិទ្យាសាស្ត្រ»។
លោកស្រីបន្តថា ជាពិសេស ភាគីទាំង២ នឹងបន្តធ្វើការពង្រឹងចំណងមិត្តភាពការទូត ប្រជាជន កិច្ចសហ-ប្រតិបត្តិការព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាបានព្រំដែនសន្តិភាព និងការ-អភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត។
ជាមួយគ្នានេះ លោកស្រីង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ក៏បានលើកឡើងដែរថា ប្រទេសទាំង២ បានយកចិត្តទុកដាក់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើសកម្មភាពមិត្តភាពរវាងប្រជាជន និងប្រជាជនរវាងខេត្តជាប់ព្រំដែន និងការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ច និងក្លិបធុរកិច្ចនៃសមាគមទាំង២។
លោកស្រីបន្តថា៖«សកម្មភាពទាំងនេះបានបង្ហាញពីការពង្រឹងចំណងនៃទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ដោយបានជំរុញការកែលម្អបន្ថែមទៀតនូវគុណភាព និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងសមាគមទាំង២ និងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងប្រពៃណីនៃសាមគ្គីភាព និងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំង២ រដ្ឋទាំង២ និងប្រជាជននៃប្រទេសទាំង២»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា នៅថ្ងៃទី១៣ ខែវិច្ឆិកា បានឱ្យដឹងថា ដើម្បីជំរុញឱ្យប្រទេសទាំង២ កាន់តែមានទំនាក់ទំនងល្អបន្ថែមទៀត ភាគីទាំង២ គួរតែពន្លឿនការចរចាបោះបង្គោលព្រំដែនរវាងប្រទេសទាំង២ ឱ្យបានឆាប់ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ មរតកប្រវត្តិសាស្ត្រ និងកេរដំណែលអាណានិគម។
លោកថា៖«ក្រៅពីពន្លឿនការបោះបង្គោលព្រំដែន ប្រទេសទាំង២ ក៏ត្រូវការគោរពអធិបតេយ្យឯករាជភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ខណៈភាគីទាំង២ ក៏គួរតែដោះស្រាយជនអន្តោប្រវេសន៍ដោយគោរពលើផលប្រយោជន៍រៀងខ្លួនផងដែរ»។
លោកថ្លែងថា ក្រៅពីនេះ បើពិនិត្យមើលទំនាក់ទំនងប្រជាជនប្រទេសទាំង២ ឃើញថា មានលំហូរទៅវិញទៅមក ខណៈប្រទេសទាំង២ ក៏គួរពង្រឹងបន្ថែមលើកិច្ចការនាំចេញនាំចូលរវាងគ្នា ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងធានាសុវត្ថិភាពលើការចរាចរទំនិញ។ ប្រទេសទាំង២ ក៏គួរតែពង្រឹងបន្ថែមទៀត លើវិស័យអប់រំ ឧស្សាហកម្ម បច្ចេកវិទ្យា សន្តិសុខ ការពារជាតិ និងរួមគ្នាប្រឆាំងនឹងបទល្មើសឆ្លងដែនឱ្យមានប្រសិទ្ធភាពជាដើម។
សន្និបាតបញ្ជាក់ថា កម្ពុជា និងវៀតណាមក៏បានពិភាក្សារួមគ្នាផ្តោតជាសំខាន់លើពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការទូត ប្រជាជន និងប្រជាជនកម្ពុជា សមាគមមិត្តភាពនៃប្រទេសទាំង២ តាមការកសាងទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមកដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព៕