សៀមរាបៈ នាយកប្រតិបត្តិអង្គការមរតកវប្បធម៌ខ្មែរ លោក អ៊ុន មណីនីតា បានឱ្យដឹងថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ សម្រាប់សិស្សថ្នាក់វិទ្យា ល័យ បឋមសិក្សា និងសិស្សនៃវិទ្យាល័យក្នុងតំបន់អង្គរបានជួយឱ្យសិស្សយល់ច្រើនពីការការពារ ការថែរក្សា និងអភិរក្សវត្ថុបុរាណខ្មែរ បន្ទាប់ពីបានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ ២០១៨ មក។
លោកអ៊ុន មណីនីតា បានលើកឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកាថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ សម្រាប់ជាមូលដ្ឋានគ្រឹះសិក្សា នៅក្នុងថ្នាក់រៀន និងទស្សនាភ័ស្តុតាងជាក់ស្តែងនៅតាមប្រាសាទ ដោយក្នុងនោះមានការសិក្សាស្រាវជ្រាវ និងកន្លែងធ្វើកំណាយនៅតាមតំបន់អង្គរ រួមជាមួយនឹងវត្ថុបុរាណដែលត្រូវបានយកមកដាក់នៅក្នុងសារមន្ទីរ។
លោកបានបញ្ជាក់ថា ៖ «សាលារៀនដែលត្រូវបានជ្រើសរើសសម្រាប់កម្មវិធីអប់រំបេតិកភណ្ឌកុមារនេះ ត្រូវទស្សនាដោយផ្ទាល់នៅតាមប្រាសាទ យ៉ាងហោចណាស់ ២ដង ក្នុង ១ ឆ្នាំ និងសារមន្ទីរ ១ ដង សម្រាប់សាលារៀន ១។ បើគិតជាសរុបមានសិស្សកម្រិតបឋមសិក្សា ជាង ៣០០ នាក់ និងវិទ្យាល័យប្រមាណ ៥៥ នាក់បានចូលរួមកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះក្នុង ១ ឆ្នាំៗ»។
លោកអ៊ុន មណីនីតា បានបន្តថា ៖ «ក្រោយពេលដែលអង្គការបានដាក់ចេញកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ សិស្សានុសិស្សទាំងនោះ បានយល់ដឹងច្រើនពាក់ព័ន្ធនឹងការពារ ការថែរក្សា និងអភិរក្សវត្ថុបុរាណដែលជាបេតិកភណ្ឌរបស់ជាតិ ជាពិសេសបានយល់ដឹងពីគុណតម្លៃនៃមរតកវប្បធម៌ ខណៈពីមុនមិនបានយល់ដឹងដូច្នេះទេ តែពួកគេជឿតែតាមគ្នីគ្នាប៉ុណ្ណោះ»។
លោកបញ្ជាក់ទៀតថា អង្គការលោកមានគម្រោងច្រើនលើការអនុវត្តកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ដោយក្នុងនោះនឹងពង្រីកទៅតាមខេត្តមួយចំនួនទៀតដែលមានប្រាសាទបុរាណខ្មែរផងដែរ។
ទាក់ទងនឹងកម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន ១៨៥ នាក់ រួមមាន ថ្នាក់ទី ៥ និងទី ៦ នៃសាលាបឋមសិក្សាក្របីរៀលបានចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដើម្បីឱ្យកុមារដែលរស់នៅជិតរមណីយដ្ឋានអង្គរបានសិក្សាស្វែងយល់ពីអរិយធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយនៃកម្មវិធីអប់រំបំណិនជីវិត។
យោងតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា៖ «កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរនេះ ដើម្បីបង្ហាញពីភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពយូរអង្វែងសម្រាប់តំបន់អង្គរផ្ដល់ឱ្យកុមារនូវចំណេះដឹង និងទេពកោសល្យសម្រាប់ឱ្យពួកគេស្គាល់សម្បត្តិវប្បធម៌កាន់តែច្បាស់តាមរូបភាពនីមួយៗ ក៏ដូចជា បង្កើនស្មារតីកុមារឱ្យស្រឡាញ់ និងជួយថែរក្សា ការពារបេតិកភណ្ឌបន្ថែមទៀត»។
សូមបញ្ជាក់ថា កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរដល់សិស្សានុ-សិស្សក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ផងដែរ ដូចជាចុះទស្សនាតាមប្រាសាទ សារមន្ទីរ កិច្ចពិធីផ្សេងៗនៅក្នុងភូមិក្នុងតំបន់រមណីយដ្ឋានអង្គរ និងផ្តល់ចំណេះដឹងតាមរយៈសកម្មភាពផ្ទាល់ផ្សេងៗជាដើម។
សូមរំឭកដែរថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា អាជ្ញាធរជាតិអប្សរាបានបិទវគ្បណ្តុះបណ្តាលស្តីពីការអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាក្របីរៀលសម្រាប់ឆ្នាំ ២០២៣ បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេល ១១ ខែ កន្លងមក។
ក្នុងពិធីបិទវគ្គនោះដែរ លោក ឡុងកុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរៀនសូត្រមិនថាកម្មវិធីរបស់សាលារៀន ឬកម្មវិធីអប់រំពីបេតិកភណ្ឌផ្សារភ្ជាប់ទំនាក់ទំនងនិងភាពស្មោះត្រង់គឺជាស្ពាននៃការកសាងអនាគតដ៏ប្រសើរក្នុងថ្ងៃខាងមុខដើម្បីក្លាយទៅជាធនធានមនុស្ស ជាអ្នកបន្តវេនមរតកវប្បធម៌ដែលបុព្វបុរសបានបន្សល់ទុក។
លោកបានបញ្ជាក់ថា៖«អ្វីៗដែលអាជ្ញាធរជាតិអប្សរា បានបំពេញក្នុងពេលនេះ គ្រាន់តែជាការចូលរួមមួយផ្នែកប៉ុណ្ណោះដើម្បីជំរុញឱ្យក្មួយៗទទួលបានចំណេះដឹងអំពីការចូលរួមការពារ ថែរក្សា និងអភិរក្ស សម្បត្តិបេតិកភណ្ឌរបស់ជាតិ»។
លោកបន្តថា កម្មវិធីអប់រំបេតិកភណ្ឌ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលរស់នៅក្នុងតំបន់បេតិកភណ្ឌ ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយបានយល់ដឹងពីតម្លៃបេតិកភណ្ឌ និងផ្តល់ឱកាសដល់យុវជនបានយល់ពីតម្លៃមរតកវប្បធម៌ បេតិកភណ្ឌបណ្តុះគំនិតជាមួយនឹងបេតិកភណ្ឌ ឱ្យពួកគាត់ចេះស្រឡាញ់ និងចូលរួមថែរក្សាការពារ ព្រមទាំងយល់ដឹងពីភារកិច្ចនៃការការពារ អភិរក្ស និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងធ្វើជាគំរូដល់សហគមន៍របស់ខ្លួន៕