ភ្នំពេញៈ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលលោក កុល ហេរ៉ូ បានថ្លែងថា ជំងឺមិនឆ្លង អាចបង្ការបានរហូតទៅដល់ ៨០% តាមរយៈការបង្ការ និងការពារ «ដោយគ្រាន់តែយើងរួមគ្នាដោះស្រាយកត្តាហានិភ័យ រួមចំនួន ៤ ធំៗ គឺឈប់ប្រើប្រាស់ថ្នាំជក់ ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលមិនមានផាសុកភាព និងការអនុវត្តកាយវប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ»។
លោកបានលើកឡើងដូចនេះ នាពិធីបើកយុទ្ធនាការទិវាទឹកនោមផ្អែមពិភពលោកឆ្នាំ ២០២៣ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលរៀបចំដោយក្រសួងសុខាភិបាល,សមាគមលើកកម្ពស់សុខភាពកូរ៉េ និងអង្គការ KOICA ប្រចាំនៅប្រទេសកម្ពុជា។
លោក កុល ហេរ៉ូ ឱ្យដឹងថា ជំងឺមិនឆ្លង បាននិងកំពុងបង្កការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ គ្រួសារ និងការសម្រេចនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដោយសារការចំណាយច្រើនចំពោះការព្យាបាល ពិការភាព និងបាត់បង់កម្លាំងពលកម្ម ដែលជាកត្តាជំរុញឱ្យមានភាពក្រីក្រ។
លោកកុល ហេរ៉ូ បញ្ជាក់ថា ការបង្ការ និងការពារជំងឺមិនឆ្លងមិនអាចអនុវត្តប្រកបដោយជោគជ័យតាមរយៈក្រសួងសុខាភិបាលតែឯងបានទេ គឺចាំបាច់មានការចូលរួមពីគ្រប់ភាគីទាំងអស់រួមមាន គ្រប់ក្រសួងស្ថាប័ន អង្គការដៃគូ សង្គមស៊ីវិល សប្បុរសជន វិស័យឯកជន ជាពិសេសគឺចេញពីបុគ្គលម្នាក់ៗ។
សូមបញ្ជាក់ដែរថា ផែនការពហុវិស័យជាតិស្តីពីការការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ ២០១៨-២០២៧ ដែលត្រូវបានអនុម័តឱ្យប្រើប្រាស់ ដោយលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបាននិងកំពុងយកមកប្រើជាយន្តការសម្រាប់ក្រសួងស្ថាប័ន អង្គការដៃគូ សង្គមស៊ីវិល សហការអនុវត្តន៍ ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។
លោក កុល ហេរ៉ូ បញ្ជាក់ថា ៖ «ក្រសួងសុខាភិបាលកំពុងអនុវត្តកម្មវីធីពង្រឹងគុណភាព និងសមធម៌សុខាភិបាលក្នុងការពិនិត្យ និងស្រាវជ្រាវរកក្នុងចំណោមប្រជាពលរដ្ឋ ដែលកើត ឬត្រៀមកើតជំងឺមិនឆ្លង ក្នុងគោលដៅយកអ្នកជំងឺមកព្យាបាលឱ្យទាន់ពេល និងផ្តល់ការអប់រំផ្ដល់ដំបូន្មាន លើការកាត់បន្ថយ ឬចៀសវាង កត្តាហានិភ័យ ដែលជំរុញឱ្យកើតមានជំងឺមិនឆ្លង»។
លោកក៏បានជំរុញឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ទាំងអស់ចាត់ទុកជំងឺមិនឆ្លង ជាអាទិភាពចម្បងមួយ និងធ្វើការរួមគ្នាអនុវត្តសកម្មភាពកាត់បន្ថយបន្ទុកជំងឺមិនឆ្លងដែលអាចការពារបាន។
នាឱកាសនោះដែរ លោកស្រី ស៊ិន ជុងយ៉ឺន នាយិការងប្រតិបត្តិអង្គការកយកា (KOICA) ប្រចាំនៅកម្ពុជា ក៏បានថ្លែងដែរថា ស្របតាមយុទ្ធសាស្ត្រ ៥ យ៉ាង របស់រាជរដ្ឋាភិបាលកម្ពុជា ការិយាល័យកយកានៅកម្ពុជាខិតខំជួយដល់ប្រជាជនកម្ពុជាទាំងអស់ ឱ្យរស់នៅមានសុខភាពល្អជាងមុន ដោយធ្វើឱ្យប្រសើរឡើងកន្លែងថែទាំសុខភាពសាធារណៈ ពង្រឹងសមត្ថភាពសេវាថែទាំសុខភាព និងគាំទ្រដល់មូលនិធិសមធម៌សុខាភិបាល។
លោកស្រីថ្លែងថា ៖«ខ្ញុំសង្ឃឹមថា យុទ្ធនាការ ដែលបានធ្វើឡើងនៅក្នុងឱកាសរំឭកដល់ទិវាជំងឺទឹកនោមផ្អែមពិភពលោកនៅថ្ងៃទី ១៤ ខែវិច្ឆិកានេះ នឹងក្លាយជាពេលវេលាមួយដើម្បីដឹងពីភាពធ្ងន់ធ្ងរនៃជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម និងការយល់ដឹងពីសារៈសំខាន់នៃការការពារជំងឺមិនឆ្លងនេះ»។
សូមរំឭកដែរថា ទាក់ទងនឹងការការពារជំងឺមិនឆ្លងនេះដែរ កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ក្រសួងសុខាភិបាលបានរៀបចំពិធី «ដើរដើម្បីប្រយុទ្ធនឹងជំងឺមិនឆ្លង» នាពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការគាំទ្រពីនាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាលរួមសហការឧបត្ថម្ភពីវិស័យឯកជន និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២០០ នាក់។
នៅក្នុងពិធីនោះដែរ លោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណទៀងទាត់ និងជាប្រចាំ និងការបរិភោគអាហារដែលមានសុវត្តិភាពសម្រាប់សុខភាពដោយចៀសវាង និងកាត់បន្ថយអាហារដែលមានជាតិប្រៃខ្លាំង ផ្អែមខ្លាំង ខ្លាញ់ច្រើន បារី និងគ្រឿងស្រវឹងដែលជាអាហារបង្កគ្រោះថ្នាក់ដល់សុខភាព ពីព្រោះវាជាកត្តាជំរុញនៃការកើតឡើងជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងជំងឺមហារីកជាដើម។
ទិវាជំងឺទឹកនោមផ្អែមពិភពលោក (World Dabetisday) ត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩១ ដោយសម្ព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោកក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសុខភាព និងការគំរាមកំហែងសេដ្ឋកិច្ច បង្កឡើងដោយជំងឺទឹកនោមផ្អែម៕