ភ្នំពេញៈ រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានស្នើឱ្យភាគីកម្ពុជា ពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន ដើម្បីបង្កើនលំហូរទំនិញនិងទេសចរទ្វេភាគីឱ្យកាន់តែប្រសើរឡើងថែមទៀត។
ការស្នើនេះ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារទ្វេភាគីនៅប្រទេសឡាវជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលចុងសប្តាហ៍មុន។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ ផ្សាយនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
ក្រសួងសាធារណការ បានឱ្យដឹងថា ជំនួបពិភាក្សានេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងឡាវដែលមានភូមិផងរបងជាប់គ្នា។
បើតាមហ្វេសប៊ុកក្រសួងដដែល ក្នុងឱកាសនោះ លោក Ngampasong Muongmany រដ្ឋមន្រី្តក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានថ្លែងដោយស្នើឱ្យភាគីកម្ពុជាជួយពិនិត្យពិចារណាទៅលើការបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនការកែលម្អច្រករបៀងដឹកជញ្ជូន និងបង្កើនលំហូរទំនិញទេសចរ សេវាកម្ម រវាងប្រទេស ២។
លោកបានបញ្ជាក់ថា៖ «ការស្នើនេះសំដៅធ្វើឱ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឈានទៅរួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់បន្ថែមទៀត»។
ជាការឆ្លើយតបនឹងការលើកឡើង និងសំណើភាគីឡាវ លោកប៉េង ពោធិ៍នា បានចាត់ទុកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំង ២ ថា ពិតជាមានសារៈសំខាន់ណាស់។
លោកបានបញ្ជាក់ថា៖«ជារួមការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំង ២ គឺពិតជាសំខាន់ ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ហើយដែលការតភ្ជាប់នេះគឺស្របតាមផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលកម្ពុជាទើបបានអនុម័តកាលពីពេលថ្មីៗនេះផងដែរ»។
ពាក់ព័ន្ធរឿងនេះ លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកាថា កន្លងមក កម្ពុជា ក៏គ្រោងតភ្ជាប់ផ្លូវដែកល្បឿនលឿនពីប្រទេសចិន កាត់តាមប្រទេសឡាវដែរ ហើយការដាក់ស្នើឱ្យពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ ឡាវនាពេលនេះគឺជាចរន្តសេដ្ឋកិច្ចដ៏ធំមួយរបស់កម្ពុជា ពិសេសអាចជួយលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរបន្ថែមទៀត។
លោកបន្តថា៖ «យើងដឹងថា កំពង់ផែរបស់កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងការឆ្លងកាត់ទំនិញទៅប្រទេសឡាវ ពីព្រោះប្រទេសឡាវមិនមានព្រំដែនសមុទ្រទេ មានតែកម្ពុជាទេ អ៊ីចឹងហើយនេះជាឱកាសរបស់កម្ពុជាក្នុងការដឹកជញ្ជូនពាណិជ្ជកម្មទៅប្រទេសឡាវ និងការកសាងទំនាក់ទំនងបន្ថែម»។
លោក គី សេរីវឌ្ឍន៍ បានបន្តថា លើសពីនេះ កិច្ចសម្រួលពាណិជ្ជកម្មតាមតំបន់ព្រំដែនរវាងប្រទេសទាំង ២ ក៏ជាកត្តាសំខាន់ក្នុងការលើកទឹកចិត្តឱ្យមានពាណិជ្ជកម្មទៅវិញទៅមកកាន់តែខ្លាំង។
សភាពាណិជ្ជកម្មកម្ពុជា ធ្លាប់បានលើកឡើងកាលពីខែកុម្ភៈ ឆ្នាំនេះថា ទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ បានកើនឡើងពី ១៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ដល់ ២១០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២២។
យ៉ាងណាមិញ បើតាមក្រសួងសាធារណការ ក្នុងជំនួបរវាងរដ្ឋមន្ត្រីដឹកជញ្ជូនកម្ពុជា-ឡាវ ក៏បានឯកភាពគ្នាបង្កលក្ខណៈងាយស្រួលទៅវិញទៅមកដើម្បីបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាពិសេសការអនុវត្តគម្រោងនានាដែលនឹងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋប្រទេសទាំង ២ ថែមទៀត៕