ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ចង់ឃើញ​វិស័យ​ឯកជន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋា​ភិ​​បាល​ដើម្បី​ជួយ​ជំរុញ​ការចូលរួម​អនុលោមភាព ដោយ​លោក​បញ្ជាក់ថា បើ​មិនមាន​អនុលោម​ភាព​ទេ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​កម្ពុជា​នឹង​បាត់បង់​នូវ​សេចក្ដី​ទុក​ចិត្ត​ហើយក៏​នឹងមិន​អាច​ធានា​នូវ​ភាព​ប្រកួតប្រជែង​ដោយ​ស្មើ
​ភាព​ផងដែរ​។​

​លោក​បញ្ជាក់ថា រាជ​រដ្ឋា​ភិ​បាល​យល់ច្បាស់​អំពី​បន្ទុក​អនុ​លោម​ភាព (Compliant burden) ដែល​កន្លងមក​វិស័យ​ឯក​ជន​តែងតែ​លើកឡើង​។ បន្ទុក​អនុលោមភាព​មួយចំនួន​ដែលជា​បន្ទុក​មិនចាំបាច់​រាជ​រដ្ឋា​ភិ​បាល​ត្រូវ​ដាក់ចេញ​វិធានការ​លុបបំបាត់​ឬ​កែសម្រួល​។ 

​ប៉ុន្តែ​ប្រការនេះ​មិនមែន​មានន័យថា វិស័យ​ឯកជន​មិនត្រូវ​រង​នូវ​បន្ទុក​អនុលោមភាព​ណាមួយ​សោះ​នោះទេ​ព្រោះ​បន្ទុក​អនុលោម​ភាព​នេះហើយ​ជា​ស្តង់ដា​អប្បបរមា ដែល​វិស័យ​ឯកជន​ត្រូវ​អនុវត្តតាម​ដើម្បី​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​អតិថិជន​របស់ខ្លួន​ក៏​ដូច​​ជា​ការជំរុញឱ្យ​ដំណើរការ​របស់ខ្លួន​ច្បាស់លាស់ និង​អាច​លូត​លាស់​ដោយ​ចីរភាព​។​

​ក្នុង​វេទិកា រាជរដ្ឋាភិបាល​ផ្នែក​ឯកជន នា​ថ្ងៃទី​​ ​១៣ ខែវិច្ឆិកា ឆ្នាំ​​​ ២០២៣ លោក​បានលើកឡើង​ពី​គុណសម្បត្តិ​នៃ​ការ​ចូលរួម​ក្នុង​អនុលោមភាព​ដែល​ជួយ​ពង្រឹង​តម្លាភាព​ការងារ ការ​ប្រកួតប្រជែង​ស្មើភាព និង​ភាព​ទុកចិត្ត​គ្នា​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ផងដែរ ដោយ​លោក​ពន្យល់ថា បន្ទុក​អនុលោម​ភាព​នេះ​គឺជា​កាតាលីករ​ដែល​នឹង​ជំរុញឱ្យមាន​ភាព​ប្រកួត​ប្រជែង​ដោយ​ស្មើភាព ដែលជា​ខែល​ការពារ​ក្រុមហ៊ុន​ពីស​កម្ម​ភាព​ផ្លូវច្បាប់​ណាមួយ នៅពេល​មាន​បណ្តឹង​ផងដែរ​។​

ជាពិសេស​សម្រាប់​រយៈពេល​វែង​វិស័យ​ឯក​ជន​តែងតែ​ចង់បាន​នូវ​បរិស្ថាន​មួយ​ដែល​ប្រាកដប្រជា ដែល​ស្មើភាព​ហើយ​ងាយស្រួល​នៅក្នុង​ការធ្វើផែនការ​ដែល​មាន​ភាពច្បាស់លាស់​។​

លោក ហ៊ុន ម៉ា​ណែ​ត បន្តថា​៖ «​ផ្ទុយទៅវិញ​បើ​គ្មាន​អនុលោម​ភាព​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​របស់​យើង​នឹង​ក្លាយជា​សេដ្ឋកិច្ច​អ​នា​ធិបតេយ្យ​បាត់បង់​សេចក្ដី​ទុក​ចិត្ត ហើយក៏​នឹងមិន​អាច​ធានា​ភាព​ប្រកួតប្រជែង​ដោយ​ស្មើភាព​ផងដែរ​។ នៅ​ក្នុងន័យនេះ​ខ្ញុំ​បានលើកឡើង​នៅក្នុង​វេទិកាសាធារណៈ ជាច្រើន​។ ពេល​ជួប​ជាមួយ​វិស័យ​ឯកជន​ក៏ដូចជា​ជួប​ជា​លក្ខណៈ​ឯកជន​ជាមួយ​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​ខ្ញុំ​ចង់ឃើញ​វិស័យ​ឯកជន​ដើរតួនាទី​យ៉ាងសកម្ម​នៅក្នុង​ការចូល​រួមជាមួយ​រដ្ឋាភិបាល​ដើម្បី​ជួយ​ជំរុញ​ការចូលរួម​អនុលោមភាព​។ បានន័យថា វិស័យ​ឯកជន​ដើរ​​តួនាទី​ជា​ប៉ូលិស​ផង​។ រាជរដ្ឋាភិបាល​ស្ថាប័នរដ្ឋ​មិនចាំបាច់ មិនត្រូវ​ការ​ឬមួយ​ក៏​មិន​ចង់​ដើរតួ​នាទី​តែឯង​នោះទេ ព្រោះ​កិច្ចការ​ជាច្រើន​នៅក្នុង​ការជំរុញ​អនុ​លោម​ភាព​បានន័យថា ​collective responsibility (​ការរួម​គ្នា​ទទួលខុសត្រូវ​)»​។​

​លោក​បន្ថែមថា ប្រសិនជា​វិស័យ​ឯកជន​ដើរតួនាទី​កាន់តែ​សកម្ម និង​មាន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង និង​ជំរុញ​អនុលោម​ភាព​ក្នុង​វិស័យ​ឯកជន រដ្ឋ​នឹង​បាន​ធូរ​មួយកម្រិត ហើយ​ស្ថាប័ន​​រដ្ឋ​ក៏​អាច​ដើរ​ឈាន​នៅ​ខាងក្រោយ​សម្រាប់​គាំទ្រ​ទៅវិញ​។ 

​លោក​ចង់​បង្កើន​តួនាទី​ឱ្យ​វិស័យ​ឯកជន​ដើរតួនាទី​ជា​អ្នក​ជួយ​ជំរុញ​អនុលោមភាព​នៅក្នុង​វិស័យ​ឯកជន​។ លោក​អំពាវនាវ​ដល់​វិស័យ​ឯកជន​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ឆ្លើយតប​ទៅនឹង​អនុលោមភាព ដោយ​មិនត្រូវ​ចាត់ទុក​អនុលោម​ភាពជា​របាំង​ឧបសគ្គ​ឡើយ ហើយ​ថា រាជរដ្ឋាភិបាល​នឹង​ផ្តល់នូវ​កិច្ច​សម្របសម្រួល​គ្រប់បែបយ៉ាង​ដើម្បី​កាត់បន្ថយ​បន្ទុក​អនុលោម​ភាព​នេះ​។​

ជាមួយនឹង​ការចូល​​រួម​ពី​គ្រប់​តួអង្គ​រាជរដ្ឋាភិបាល​នឹង​បង្កើតឡើង​នូវ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ដែល​ជំរុញ​ការលើកស្ទួយ​កិច្ចសហការ​រួមគ្នា​នៅក្នុង​ចី​រ​​ភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចកម្ពុជា​។​

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​គោលដៅ​នៃ​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​និង​សុខុមាលភាព​របស់​ប្រជា​ជន​ជារួម​សំដៅ​រក្សាបាន​ទីផ្សារ និង​ការងារ​ដែលមាន​ស្រាប់ និង​បង្កើត​ទីផ្សារការងារ​ឱ្យបាន​កាន់​​តែ​ច្រើន​នៅក្នុង​ឧស្សាហកម្ម​សក្តានុពល​ថ្មីៗ​បន្ថែមទៀត​ជា​មួយ​នឹង​ការបង្កើន​ចំណូល និង​ជំនាញ​ដល់​ប្រជាពលរដ្ឋ​។​ 

​ក្រៅពីនេះ លោក​ក៏បាន​លើក​ឡើង​ពី​ភាពចាំបាច់​ដែល​ត្រូវខិតខំ​ចៀសវាង​ឱ្យបាន​នូវ​សតិ​អារម្មណ៍​នៃ​ស្ថានភាព​ដែលថា «​ពេល​ខាត​រដ្ឋ​ចេញ ពេល​ចំណេញ ឯកជន​យក​» ដោយ​លោក​បន្ថែមថា ភាពចាំបាច់​នៃ​កិច្ចការ​កែទម្រង់ គឺមាន​ទាំងសងខាង​ទាំង​សម្រាប់​រាជរដ្ឋាភិបាល និង​ទាំង​សម្រាប់​វិស័យ​ឯកជន ហើយ​ការផ្ដល់​កិច្ចសហការ​​គាំទ្រ​ក៏​មិនមែនជា​កាតព្វកិច្ច​តែ​ម្ខាង​របស់​រាជរដ្ឋាភិបាល​នោះដែរ​។

វិស័យ​ឯកជន​ក៏មាន​កាត​ព្វ​កិច្ច​បង្ហាញ​ពី​សមត្ថ​កម្ម​ជាក់​​ស្ដែង​ដែល​ខ្លួន​សម្រេចបាន​បន្ទាប់​ពី​ទទួលបាន​ការគាំទ្រ​ណាមួយ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។​

​លោក ថុង ម៉េង​ដា​វិត ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចក្ខុ​​វិស័យ​អាស៊ី (AVI) បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៣ ខែ​​វិច្ឆិកា ថា ការលើកកម្ពស់ និង​គាំទ្រ​សកម្មភាព​វិស័យ​ឯកជន គឺជា​កត្តាចាំបាច់​មួយ​ដ៏​សំខាន់​នៅក្នុង​រដ្ឋាភិបាល​នីតិកាល​ទី​ ៧ នេះ ដែល​វិស័យ​ឯកជន​គឺជា​មុំ​ ១ និង​ការ​កាតាលីករ​ក្នុងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​បរិ​យាប​ន្ន និង​និរន្តរភាព​។​

​វិស័យ​ឯកជន​គឺជា​ឆ្អឹងខ្នង និង​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ និង​ជា​តួអង្គ​សំខាន់​ក្នុង​ការកសាង​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី ស្ថិរភាព និង​ន​វា​នុ​​វត្ត​ន៍​។​ 

លោក​បន្ថែមថា​៖ «​ចំណុច​គន្លឹះ​ដែល​រដ្ឋាភិបាល​នីតិកាល​ទី​ ៧ គួរ​ពិចារណា និង​ពង្រឹង​ឱ្យមាន​ប្រសិទ្ធភាព​គឺ​វិស័យ​ច្បាប់ លិខិត​រដ្ឋបាល វិស័យ​ឌីជីថល និង​ន​វា​​នុ​វត្ត​ន៍ ការកសាង​ធនធានមនុស្ស​មាន​ជំនាញ​ច្បាស់លាស់ និង​ការលុបបំបាត់​អំពើពុករលួយ ដើម្បី​កសាង​បរិយាកាស​ធុរកិច្ច​ល្អ ជំរុញ​ការវិនិយោគ​ក្នុងស្រុក និង​បរទេស បង្កើន​ទំនុកចិត្ត​អ្នក​ធុ​រ​កិច្ច និង​លើកកម្ពស់​ការកសាង​សមត្ថភាព និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បន្ថែមទៀត​សម្រាប់​កម្លាំង​ពលកម្ម​ក្នុងស្រុក​»​។​ 

​លោក​ថ្លែងថា កម្ពុ​ជាមាន​ភូមិ​សាស្ត្រ​ល្អ នយោបាយ​មាន​ស្ថិរភាព និង​សេដ្ឋកិច្ច​នឹងនរ ប្រព័ន្ធ​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ល្អ និង​មាន​កម្លាំង​​ពលកម្ម​មាន​វិជ្ជាជីវៈ និង​ចំណេះដឹង​ខ្ពស់ កម្លាំង​ពលកម្ម​មានតម្លៃ​សមរម្យ និង​ប្រជាជន​ក្មេង​ច្រើន​។ កត្តា​ទាំងអស់នេះ​ជា​ចំណុច​ដែល​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​គួរផ្តោត​សំខាន់ និង​គាំទ្រ​គ្នា​ទៅវិញ​-​ទៅមក​ក្នុង​ការកសាង​គោល​​នយោបាយ​សេដ្ឋកិច្ចជាតិ​៕