ភ្នំពេញៈ ការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ ២០២៣ ត្រូវបានរៀបចំឱ្យមានជាលើកដំបូង នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃទី ១៧ ដល់ទី ១៩ ខែវិច្ឆិកាហើយគ្រូបង្វឹក និងមន្ត្រីជំនាញរបស់សហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា បានអះអាងថា ការប្រកួតពាននេះនឹងផ្តល់ឱកាសបន្ថែមទៀត ដល់សហព័ន្ធ ក្នុងការពង្រឹងធនធានកីឡាករ កីឡាការិនី ដើម្បីសម្រិតសម្រាំងអត្តពលិកមានគុណវុឌ្ឍិខ្ពស់ សម្រាប់ប្រកួតនៅលើឆាកអន្តរជាតិតំណាងឱ្យកម្ពុជា។
ចំពោះការប្រកួតនេះ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ថា៖ «ការប្រកួតពានរង្វាន់ថ្មីមួយនេះត្រូវបានបង្កើតឡើង ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាគោលគំនិតរបស់ឯកឧត្តម កែវ រ៉េមី ជាប្រធានសហព័ន្ធ ដើម្បីពង្រឹងគុណភាពកីឡាករ កីឡាការិនីទាំងក្រុមជម្រើសជាតិ ក្រុមថ្នាល និងក្រុមពេញវ័យ គឺយើងមានទាំងអស់»។
ជាមួយគ្នានេះ ប្រធានបច្ចេកទេសការប្រកួត លោក បួនហ៊ីង សុធីយ៉ា បានចាត់ទុកការប្រកួតពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី នេះ ថា ជាការបង្កើតឱ្យមានការប្រកួតប្រជែងថ្មីមួយទៀត សម្រាប់ក្រុមតេក្វាន់ដូ ITFបន្ទាប់ពីក្រុមនេះ បានខកខានចេញទៅប្រកួតនៅក្រៅប្រទេសមួយរយៈពេល ជាពិសេសការខកចិត្ត មិនបានចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង ជាលើកដំបូង កាលពីខែឧសភា បើទោះបីជា ITFបានប្រឹងប្រែងខ្លាំងសម្រាប់ត្រៀមចូលរួមការប្រកួតនេះ។
លោកបានបញ្ជាក់ថា៖ «បើទោះបីជាយើងបានខកខានការប្រកួត នៅលើឆាកអន្តរជាតិ ជាពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង ប៉ុន្តែជាគោលការណ៍របស់សហព័ន្ធ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមប្រធាន គឺយើងត្រូវជំរុញឱ្យមានការប្រកួតនៅក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីដុសខាត់ចំណេះជំនាញដល់អត្តពលិករបស់យើងឱ្យកាន់តែប្រសើរ ដើម្បីសម្រិតសម្រាំងបាននូវធនធានល្អៗ សម្រាប់ប្រកួតតំណាងឱ្យជាតិ»។
លោក កៅ មករា អគ្គលេខាធិការរងសហព័ន្ធកីឡាតេក្វាន់ដូអាយធីអែហ្វកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ២០២៣ ជាលើកដំបូងនេះ មានក្លិប-សមាគមចំនួន១៨ បានចុះឈ្មោះមកចូលរួម ដោយក្នុងនោះ មានប្រតិភូចំនួន៣៦នាក់ កីឡាករ១០៧នាក់ និងកីឡាការិនី៧១នាក់ សរុបចំនួន២១៤នាក់។
ចំពោះក្រុមអត្តពលិកទាំង១៧៨នាក់នេះត្រូវបានចែកចេញជា២វ័យ គឺយុវជនអាយុ១៣ឆ្នាំ ដល់១៨ឆ្នាំ និងពេញវ័យ អាយុចាប់ពី១៨ឆ្នាំឡើង ហើយត្រូវប្រកួតលើវិញ្ញាសាសរុបចំនួន២៩ ក្នុងនោះផ្នែកយុវជន មានការប្រកួតមេគុនឯកត្តជន ចំនួន២វិញ្ញាសា គឺខ្សែក្រវាត់ក្រោមខ្មៅទាំងផ្នែកបុរស-នារី និងការប្រកួតវិញ្ញាសាប្រយុទ្ធ មាន៦ប្រភេទទម្ងន់ គឺផ្នែកបុរសមាន៥០គ.ក្រ ៥៥គ.ក្រ និង៦០គ.ក្រ ហើយផ្នែកនារីមានទម្ងន់ ៤៥, ៥០ និង៥៥គ.ក្រ។
ចំពោះផ្នែកពេញវ័យវិញ មានការប្រកួតមេគុនសម្រាប់ក្លិប ចំនួន៤វិញ្ញាសា លើកម្រិតខ្សែក្រវាត់ក្រោមខ្មៅ និងខ្សែក្រវាត់ខ្មៅ១ជាន់ ទាំងឯកត្តជនបុរស-នារី, ប្រកួតមេគុនសម្រាប់ក្រុមជម្រើសជាតិ មាន៤វិញ្ញាសា ក្នុងកម្រិតខ្សែក្រវាត់ខ្មៅ១ជាន់ និង២ជាន់ឯកត្តជនបុរស-នារី, វិញ្ញាសាប្រយុទ្ធសម្រាប់ក្លិប មាន៨ប្រភេទទម្ងន់ (បុរសមានទម្ងន់ ៥០,៥៥, ៦០, +៦៥គ.ក្រ និងនារីមានទម្ងន់ ៤៥, ៥០, ៥៥, +៦០គ.ក្រ) និងប្រកួតវិញ្ញាសាប្រយុទ្ធសម្រាប់ជម្រើសជាតិ មាន៥ទម្ងន់ គឺបុរសមានទម្ងន់ ៥២-៥៨គ.ក្រ, +៥៨-៦៤គ.ក្រ +៦៤-៧០គ.ក្រ និងនារីមានទម្ងន់៤៨-៥៥គ.ក្រ និង ៥៥+៦៥គ.ក្រ)។
ជាមួយគ្នានេះដែរ ម្ចាស់មេដាយមាសជើងឯកពិភពលោក ប៉ាល់ ជីវ័ន បានមើលឃើញថា ការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់ឯកឧត្តម ហ៊ុន ម៉ានី ឆ្នាំ២០២៣ នឹងបានបន្ថែមនូវកម្លាំងចិត្តមួយទៀតដល់កីឡាករ កីឡាការិនីមកពីគ្រប់បណ្តាក្លិប ឱ្យកាន់តែខំប្រឹងហ្វឹកហាត់ និងប្រកួតប្រជែងគ្នា ដើម្បីភាពរីកចម្រើនរបស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា តទៅមុខទៀត។
គ្រូជំនួយក្រុមជម្រើសជាតិ លោក ប៉ាល់ ជីវ័ន បាននិយាយថា៖ «ការប្រកួតនេះ ពិតជាល្អណាស់ គឺទី១ យើងបានដឹងពីភាពរីកចម្រើនរបស់កីឡាករ កីឡាការិនីនៅតាមក្លិបនីមួយៗ និងទី២ វាធ្វើឱ្យក្រុមអត្តពលិករបស់យើង មានទឹកចិត្តក្នុងការហ្វឹកហាត់ ព្រោះជាធម្មតា នៅពេលមានការប្រកួត ពួកគាត់នឹងប្រឹងប្រែងហ្វឹកហាត់ ដែលនឹងធ្វើឱ្យសមត្ថភាពរបស់គាត់កាន់តែខ្លាំងឡើងៗ ចំណែកការប្រកួតប្រជែងគ្នា ក៏កាន់តែស្វិតស្វាញ អ៊ីចឹងវានឹងជួយឱ្យសហព័ន្ធ អាចជ្រើសរើសបានអត្តពលិកល្អៗ សម្រាប់ចូលជាជម្រើសជាតិ»៕