ភ្នំពេញៈនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) ដែលមកវិនិយោគនៅកម្ពុជា តាំងពីឆ្នាំ២០១៣មកនោះ បានឱ្យដឹងថា នៅឆ្នាំក្រោយ ក្រុមហ៊ុនគ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារប្រមាណ ៧០០ កន្លែងបន្ថែមទៀត។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនោះ លោក អ៊ីនីហ្ស៊ីកា ណាអូតូ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុនដេនសូ (Denso) បានលើកឡើងពីគម្រោងពង្រីករោងចក្រនេះ ដោយលោកថា បច្ចុប្បន្នក្រុមហ៊ុនដែលកំពុងវិនិយោគនៅកម្ពុជាដែលមានកម្មករប្រមាណជាង៥០០នាក់បាននិងកំពុងបម្រើការងារនៅក្នុងរោងចក្រDenso។
លោកបានបញ្ជាក់ថា៖«នៅឆ្នាំក្រោយខាងមុខនេះ ក្រុមហ៊ុននឹងមានគម្រោងផ្តល់ឱកាសការងារបន្ថែមទៀតប្រមាណ៧០០ កន្លែង ផងដែរ»។
លើសពីនេះទៀតនាយកក្រុមហ៊ុនជប៉ុនខាងលើនេះ ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមហ៊ុន Denso ក៏មានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ផងដែររហូតឈានដល់ការចុះអនុស្សរណៈយោគយល់គ្នាស្ដីពីការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ក្នុងនោះលោកថា មានបុគ្គលិកចំនួន ៥០ នាក់ ក្នុងចំណោមវិស្វករចំនួន១០០នាក់ដែលបាន និងកំពុងបម្រើការនៅក្នុងរោងចក្រ Denso គឺជាសិស្ស ដែលបានបញ្ចប់ការសិក្សាមកពីសាលាតិចណូផងដែរ។
នាឱកាសនោះដែរ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនធំមួយនេះ ដែលបានធ្វើសកម្មភាពវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១៣ មក ហើយនៅឆ្នាំនេះក៏ជាខួប ១០ ឆ្នាំ នៃការបង្កើតក្រុមហ៊ុន Denso នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានបន្តថា៖«សូមសម្តែងការអបអរសាទរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុនដែលឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលមូលធនមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាពរបស់ក្រុមហ៊ុនបន្ថែមទៀត»។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន DENSO Cambodia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន DENSO Corporation ដែលមានមូលដ្ឋាននៅជប៉ុន។ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនិងគ្រឿងរថយន្តសកល ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២០០ នៅលើពិភពលោក និងមានក្រុមហ៊ុនដៃគូនៅ ៣៥ ប្រទេស។ ក្រុមហ៊ុននេះ បានចុះបញ្ជីវិនិយោគមានតម្លៃ ១០ លានដុល្លារនៅកម្ពុជា តាំងពីឆ្នាំ២០១៣ មកម្ល៉េះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ជុំវិញរឿងនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី១៤ ខែវិច្ឆិកា បានសាទរចំពោះគម្រោងពង្រីករោងចក្ររបស់ក្រុមហ៊ុនជប៉ុន ដើម្បីផ្តល់ឱកាសការងារបន្ថែមទៀត ។
លោកថា នេះជាសញ្ញាមួយដ៏ល្អប្រសើរសម្រាប់អ្នកវិនិយោគនៅកម្ពុជា ពិសេសជាការជួយផ្សព្វផ្សាយដល់ធុរកិច្ចបរទេសដទៃទៀតអំពីសក្តានុពលវិយោគនៅកម្ពុជាថាកម្ពុជាពិតជាអាចវិនិយោគបាន។
លោកបានថ្លែងថា៖«បច្ចុប្បន្នការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ហើយការបន្តពង្រីកខ្លួននេះជាសញ្ញាល្អ សម្រាប់កម្ពុជា ព្រោះថា ការវិនិយោគរបស់ជប៉ុន នឹងជួយទាក់ទាញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាបន្ថែម»។
លោក លឹម ហេង បានបញ្ជាក់ថា៖ «យើងឃើញថា ការវិនិយោគរបស់ក្រុមហ៊ុនភាគច្រើនបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់កម្មករយើងឱ្យមានឱកាសទទួលបានប្រាក់ខែកាន់តែខ្ពស់ និងឈានទៅជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិបានប្រសើរឡើង»។
សូមរំឭកដែរថា នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន កាលពីដើមខែឧសភា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបាន១ ៩៤៨ លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១ ១៧៣ លានដុល្លារ ខណៈជប៉ុននាំចូលមកកម្ពុជាមានតម្លៃ ៧៧៤ លានដុល្លារ។
ក្នុងនោះ ផលិតផលសំខាន់ដែលកម្ពុជាបាននាំចេញទៅជប៉ុន មានដូចជា ស្បែកជើង គ្រឿងបង្គុំ និងកសិផល។ ចំណែកជប៉ុននាំចូលមកកម្ពុជាវិញ រួមមាន គ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។
យ៉ាងណាមិញ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញក្តីរំពឹងថា ការវិនិយោគរបស់ជប៉ុននៅកម្ពុជា កាន់តែច្រើនក៏នឹងឈានទៅចូលរួមអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ផងដែរ ជាពិសេសឈានទៅពង្រីកពាណិជ្ជកម្មកម្ពុជា-ជប៉ុន ឱ្យកាន់តែខ្លាំងថែមទៀត៕