ភ្នំពេញៈ បន្ទាប់ពី​ខេត្តមណ្ឌលគិរី បានចាប់ផ្តើម​បោសសម្អាត​មីន​នៅ​ឆ្នាំ​ ២០០២ នា​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ខេត្ត​នេះ​បាន​ក្លាយជា​ខេត្ត​ទី​១៤ ដែល​ត្រូវ​បានប្រកាស​ជា​ខេត្ត​អស់​មីន សម្រាប់​ប្រជាជន​ទាំងមូល​ទទួលបាន​នូវ​សេរីភាព​រួច​ចាក​ផុតពី​ការ​គំរាម​ដោយសារ​មីន​ដែលជា​មរតក​ពី​សង្គ្រាម​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ថ្លែង​ដូចនេះ​ក្នុង​ឱកាសលោក​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ការប្រកាសខេត្តមណ្ឌលគិរី ជា​ខេត្ត​អស់​មីន​។​

លោក​មានប្រសាសន៍ថា៖ «​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានផ្តល់​នូវ​អំណោយ​ជា​សមិទ្ធផល​សកម្មភាព​មីន​សម្រាប់​ចុងឆ្នាំ​២០២៣ ជូន​ដល់​ប្រជាជន​ខេត្តមណ្ឌលគិរី ឱ្យ​រួច​ចាក​ផុតពី​គំរាមកំហែង​ដោយសារ​មីន​»​។ 

លោក​បាន​បន្តថា ខេត្តមណ្ឌលគិរី គឺជា​ខេត្ត​ទី​១៤ ប្រកាស​ជា​ខេត្ត​អស់​មីន ដែល​បាន​បោសសម្អាត​ចាប់ពី​ឆ្នាំ​២០០២ ដោយ​ប្រតិបត្តិ​ករ​ចំនួន​៣ រួមមាន​៖ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អង្គភាព​ស៊ីម៉ាក់ និង​អង្គការ​ម៉ែ​ក ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជា ១៧ ៨៨៦ ៥៦៤ ម៉ែត្រក្រឡា ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ «​មូលនិធិ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥» ប្រទេស​ជា​មិត្ត និង​ដៃគូ​អភិវឌ្ឍន៍​។ 

នេះ​គឺជា​ស្នាដៃ​ប្រវត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ប្រជាជន​ខេត្តមណ្ឌលគិរី​ទាំងមូល ឱ្យទទួល​បាន​នូវ​សេរីភាព​រួច​ចាក​ផុតពី​ការ​គំរាម​ដោយសារ​មីន​ដែលជា​មរតក​ពី​សង្គ្រាម ក្រោម​ម្លប់​សន្តិភាព​កើតចេញពី​នយោបាយ ឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ប្រឹងប្រែង​ពលី​ស្វែងរក​មក​យ៉ាង​លំបាក​។ 

លោក លី ធុជ មានប្រសាសន៍ថា​៖ «​ជាមួយនឹង​ផ្លែផ្កា​នៃ​សន្តិភាព ការងារ​បោសសម្អាត​មីន ពិតជា​បានរួម​ចំណែក​ធ្វើឱ្យមាន​ភាពខុសប្លែក​គ្នា​យ៉ាងខ្លាំង​ចំពោះ​សុខ​សុវត្ថិភាព សន្តិសុខ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅក្នុង​សហគមន៍​ដែល​រង​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។​

​នេះ​គឺជា​ភាពជោគជ័យ​នៃ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​ជាង ៣០​ឆ្នាំ​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ជាង ២០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ធានា​សុខ​សុវត្ថិភាព និង​សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក លី ធុជ​។​

សូម​បញ្ជាក់ដែរថា នៅ​ឆ្នាំ​២០២៤ ខាងមុខនេះ កម្ពុជា​នឹង​ទទួល​ធ្វើជា​ប្រធាន​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដោយ​សម្រេច​ជ្រើស​យក​ខេត្តសៀមរាប ជាទី​កន្លែង​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ ស្តីពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន ដែលមាន​តំណាង​មកពី​រដ្ឋ​ភាគី និង​រដ្ឋ​សង្កេត​ការណ៍​ប្រមាណ​ជាង ២០០​ប្រទេស​ចូលរួម​។ 

លោក លី ធុជ បាន​ថ្លែងថា ៖ «​ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា នឹង​ធ្វើឱ្យ​គណៈប្រតិភូ​មកពី​ជាង ២០០ ប្រទេស ផ្លាស់ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​ពី​កម្ពុជា ក៏ដូចជា​ក្លាយជា​ឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយ​ដំណឹង​ល្អ និង​វិជ្ជមាន​ពី​កម្ពុជា ទៅកាន់​សកលលោក​»​។​

យោងតាម​របាយការណ៍​អាជ្ញាធរ​មីន បានឱ្យដឹងថា រយៈពេល​ជាង ៣០​ឆ្នាំ​កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ២ ៧៩៥ គីឡូម៉ែត្រ​ក្រឡា ដោយបាន​រកឃើញ និង​បំផ្លាញចោល​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បាន​រាប់លាន​គ្រាប់ និង​ផ្តល់​អត្ថប្រយោជន៍​ជូន​ពលរដ្ឋ​ជាង ១១​លាន​នាក់​។​

​រាជធានី​ខេត្ត ដែល​ប្រកាស​អស់​មីន​ចំនួន​១៤​នៅ​ទូទាំងប្រទេស​កម្ពុជា រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្តស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ ខេត្តកំពត​ ខេត្តកំពង់ស្ពឺ និង​ខេត្តមណ្ឌលគិរី​៕