ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា និងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសវៀតណាម លោក ផាន វ៉ាន់យ៉ាង (Phan Van Giang) បានបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវការរីកចម្រើន និងរក្សាឱ្យបានទំនាក់ទំនងដ៏ល្អរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង២។
រដ្ឋមន្ត្រីទាំង ២ បានបញ្ជាក់ដូច្នេះក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា នៅប្រទេសវៀតណាម ក្នុងឱកាសដែលលោកទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសនេះរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់លោក ផាន វ៉ាន់យ៉ាង។
សេចក្តីប្រកាសរបស់កងទ័ពជើងគោកកម្ពុជាបានឱ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកា ថា៖ «ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារប្រទេសទាំង២ កម្ពុជា-វៀតណាម បានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំង២ កម្ពុជា-វៀតណាម ដើម្បីនាំមកនូវការរីកចម្រើនដល់កងទ័ពទាំង២ កម្ពុជា- វៀតណាម និងរក្សាឱ្យបានទំនាក់ទំនងដ៏ល្អផូរផង់រវាងកងទ័ពនិងប្រជាជននៃប្រទេសទាំង២ »។
សេចក្តីប្រកាសដដែលបញ្ជាក់ថា លោក ទៀ សីហា ដែលអមដោយលោក ហ្វុង ស៊ីទីន អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមនៅថ្ងៃទី១៣ ខែវិច្ឆិកា បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវីរជននិងបន្ទាប់មកបានបន្តទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ហូ ជីមិញ អតីតមេដឹកនាំវៀតណាម នៅក្នុងរដ្ឋធានីហាណូយ។
សេចក្តីប្រកាសបានឱ្យដឹងថា មន្ត្រីដែលអមដំណើរលោក លោក ទៀ សីហា ទៅបំពេញទស្សនកិច្ចនេះ រួមមាន លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ(ខ.ភ.ម.)លោកម៉ៅ សុផាន់ អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក លោក ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសក្រសួងការពារជាតិព្រមទាំងនាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិជាច្រើននាក់ទៀត។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា នេះជាការផ្លាស់ប្តូរទំនាក់ទំនងទៅវិញទៅមកជាប្រក្រតីរវាងកម្ពុជានិងវៀតណាមដែលជាទំនាក់ទំនងមិត្តភាពប្រទេសជិតខាងនិងគ្រប់ជ្រុងជ្រោយនិងជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។
លោកបានថ្លែងថា៖ «យើងចង់កត់សម្គាល់ថា ការពិតត្រូវតែពង្រឹងទំនាក់ទំនងផ្នែកការពារជាតិទៅវិញទៅមកដែលជាប្រទេសជាប់ព្រំដែនជាមួយគ្នា។ខ្ញុំចង់កត់សម្គាល់ថា យើងត្រូវតែមានភាពស្មោះត្រង់នឹងគ្នាទៅលើទំនាក់ទំនងរវាងបណ្ដាប្រទេសដែលមានភូមិផងរបងជាមួយគ្នានេះ»៕