ភ្នំពេញៈ «ត្រីបបែលយក្សទឹកសាបនៅតំបន់ទនេ្លមេគង្គ» ១ ក្បាល ក្នុងចំណោម ៣ ក្បាល ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ជាត្រីទឹកសាប ដែលធំបំផុតក្នុងពិភពលោក ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវឱ្យមានការចូលរួមថែរក្សា ការពារ និងអភិរក្សបន្ថែមទៀត។
ពិធីទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ពីស្ថាប័នកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS)នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៤ ខែវិច្ឆកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយនៅក្នុងការប្រគល់វិញ្ញាបនបត្រនេះ លោក យីប ជុងវៃ តំណាងស្ថាប័នកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS)បាននិយាយថា វិញ្ញាបនបត្រ ដែលប្រគល់ជូននៅពេលនេះមាន ២ ប្រភេទ គឺទី១ ជាត្រីទឹកសាបដែលធំជាងគេបំផុតក្នុងពិភពលោក និងទី២ជាត្រីទឹកសាបញី ដែលធំជាងគេលើលោក។
លោកបានថ្លែងបញ្ជាក់ថា៖ «យើងសូមអបអរកម្ពុជា ចំពោះកំណត់ត្រាថ្មីនេះ។ ត្រីបបែលយក្សទឹកសាបនៅតំបន់ទនេ្លមេគង្គ ១ក្បាលនេះមានបណ្តោយប្រវែង ១៦ ហ្វីត (ជិត ៥ ម៉ែត្រ) និងទទឹង ៧,២ ហ្វីត (ជាង ២ ម៉ែត្រ) និងទម្ងន់ជាង ៣០០ គីឡូក្រាម។ ដូច្នេះស្ថាប័នយើងទទួលស្គាល់ថា នេះគឺជាប្រភេទសំណាកនៃត្រីដែលមានទំហំធំបំផុត»។
នាឱកាសនោះដែរ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា ក្នុងឆ្នាំ ២០២២ ត្រីបបែលយក្សទឹកសាបចំនួន ៣ ក្បាល ត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្នុងនោះ ត្រីបបែលយក្សទី១ ទម្ងន់ ១៨០ គីឡូក្រាម, ទី២ ទម្ងន់១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី៣ ទម្ងន់ ៣០០ គីឡូក្រាម។ ត្រីបបែលយក្សទី៣នេះ ត្រូវបានជាប់ក្នុង កំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS) ជាត្រីទឹកសាបធំបំផុត នៅលើពិភពលោក។
លោកបញ្ជាក់ដូច្នេះថា៖ «ត្រីបបែលយក្សនេះត្រូវបានក្រុមអ្នកស្រាវជ្រាវប្រសិទ្ធនាមថា បូណ៌មី ព្រោះត្រីនេះបានលែងចូលក្នុងទន្លេមេគង្គវិញ នៅថ្ងៃពេញបូណ៌មី។ តាមលទ្ធផលនៃការស្រាវជ្រាវ បានបង្ហាញថា បូណ៌មី បាននិងកំពុងស្ថិតនៅក្នុងអន្លង់ដែលអ្នកនេសាទចាប់បានកន្លងមកដដែល»។
លោក ហាស សារ៉េត បានអំពាវនាវថា៖«ខ្ញុំសូមផ្តាំផ្ញើដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រូវបន្តសហការឱ្យបានជិតស្និទ្ធ ថែមទៀត ជាមួយរដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សប្រភេទត្រីមេពូជ នៅក្នុងទន្លេមេគង្គលើដែលជាប្រភពពូជត្រី សម្រាប់ចែកចាយទៅតំបន់បឹង ទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងទៀត ដែលជាកន្លែងនេសាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើនេសាទសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ»។
លោកក៏បញ្ជាក់ដែរថា ត្រីបបែលយក្សធំៗបែបនេះ មិនមែនមានត្រឹមតែ៣ក្បាលនេះទេ ប៉ុន្តែវាអាចមានច្រើនជាងនេះទៀត ខណៈដែលរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គកំពុងធ្វើការសិក្សា និងស្រាវជ្រាវបន្តទៀត។
ក្នុងពេលចូលរួមអបអរសាទរព្រឹត្តការណ៍នេះដែរ លោក ផាទ្រីក ម័រហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា វាជារឿងដែលគួរឱ្យអបអរ ដែលកម្ពុជាបានទទួលនូវកំណត់ត្រាថ្មីនេះ ពី GUINNESS WORLD RECORDS ដែលនេះជាឱកាសដ៏សំខាន់ក្នុងការបង្ហាញពីកិច្ចការងារអភិរក្សនៅក្នុងទន្លេមេគង្គ របស់កម្ពុជា។
លោកនិយាយថា៖ «ពិធីនេះបង្ហាញពីសារៈសំខាន់នៃការរកឃើញរបស់យើងនូវជីវចម្រុះដែលវាសំខាន់ក្នុងពិភពលោក ដូចជានៅក្នុងតំបន់មេគង្គនេះ។ ជីវចម្រុះនេះ ផ្តល់ការគាំទ្រដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋជាង៦០លាននាក់ដែលនៅជុំវិញតំបន់នេះ»។
បន្ទាប់ពីការទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកពីស្ថាប័នកំណត់ត្រាពិភពលោក (GUINNESS WORLD RECORDS)រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ក៏បានរៀបចំសិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គ ផងដែរ។
លោកហ្សេប ហូហ្គេន ប្រធានគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលើកឡើងនាសិក្ខាសាលានោះថា សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្ដល់នូវធាតុចូលសំខាន់ៗនៃចំនួន និងលក្ខណៈជីវសាស្ត្រនៃត្រីបបែលយក្សទឹកសាប ក្នុងទន្លេមេគង្គកម្ពុជា និងទន្លេនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងសម្រាប់ការរៀបចំផែនការសិក្សាស្រាវជ្រាវ និងអភិរក្សបបែលយក្សទឹកសាបឱ្យមាននិរន្តរភាព។
លោកបន្តថា៖«គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នឹងបន្តសហការឱ្យបានជិតស្និទ្ធថែមទៀត ជាមួយរដ្ឋបាលជលផល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សប្រភេទត្រីមេពូជ នៅក្នុងទន្លេមេគង្គលើ ដែលជាប្រភពពូជត្រីសម្រាប់ចែកចាយទៅតំបន់បឹងទន្លេសាប ទន្លេមេគង្គក្រោម និងតំបន់លិចទឹកផ្សេងៗទៀត»។
សូមជម្រាបថា ចាប់ពីឆ្នាំ២០២០ មក រដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានលែងប្រភេទត្រីដែលកំពុងរងគ្រោះថ្នាក់ចំនួន ១៦ ២៣៦ក្បាល ចូលក្នុងដែនទឹកធម្មជាតិវិញរួមមាន ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ត្រីប្រាធំ ក្នុងនោះក៏មានត្រីបបែលយក្ស ៣ក្បាលផងដែរ៕