ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ខេត្តចំនួន ៤ របស់កម្ពុជា រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ច្រករបៀងមច្ឆា និងអង្ករ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការលោក ស៊ុន ចាន់ថុល បានសរសេរយ៉ាងខ្លីថា៖ «ច្រករបៀងមច្ឆា និងអង្ករ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលប្រកបដោយសក្ដានុពលសម្រាប់វិស័យកសិកម្មរួមមានដំណាំស្រូវ និងជលផលជាដើម»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា ច្រករបៀង «មច្ឆា និងអង្ករ» នឹងបើកច្រកថ្មីសម្រាប់ទីផ្សារកសិផលកម្ពុជាទៅប្រទេសចិន ទោះបីជាការទើបចាប់ផ្តើម ហើយប្រហែលជាត្រូវប្រើពេលបន្តិចទៀត ទើបអាចឃើញលទ្ធផល តែនេះគឺជាវឌ្ឍនភាពថ្មីប្រកបដោយសក្តានុពលមួយទៀតសម្រាប់វិស័យកសិកម្មនៅកម្ពុជា ។
លោកបានថ្លែងថា៖ «កន្លងទៅភាគីចិនបានបង្ហាញពីតម្រូវការផលិតផលវារីវប្បកម្មចំនួន ១២ មុខ ទាំងផលិតផលទឹកសាបនិងទឹកប្រ រួមមាន បង្កងទឹកសាប បង្កងសមុទ្រ ត្រីខ្ចឹងអន្ទង់ បង្គា ខ្ចៅ ខ្យងនិងត្រីសមុទ្រមួយចំនួនទៀតហើយផលិតផលទាំងនោះត្រូវតែមានមានស្តង់ដានិងគុណភាព»។
ចំណែកឯលោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជាវិញ បានថ្លែងថា ខេត្តទាំង ៤ នោះ ជាខេត្តដែលមានសក្តានុពលកសិកម្ម ជាពិសេសដំណាំស្រូវ និងមានអាងទន្លេសាបមួយដែលមានធនធានជលផលយ៉ាងច្រើនសន្ធឹកសន្ធាប់។
លោកថា៖ «អ្វីដែលយើងត្រូវគិតបន្តទៀត គឺការគិតគូរពីការពង្រីកវិសាលនៃការផលិតយ៉ាងដូចម្តេចនិងត្រូវគិតគូរពីកែច្នៃផលិតទាំងនេះយ៉ាងដូចម្តេចដើម្បីទទួលបានផលិតផលស្តង់ដាមួយដែលអាចនាំចេញបានក្រៅពីកាផ្គត់ផ្គង់នៅក្នុងស្រុក»។
សូមជម្រាបថា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២៣ កម្ពុជា និងចិន បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ច្រករបៀងមច្ឆា និងអង្ករ ដោយផ្តោតលើការអភិវឌ្ឍវារីវប្បកម្ម កសិកម្មកែច្នៃ កសិកម្មអេកូឡូស៊ី ម៉ាស៊ីនទំនើបៗ បច្ចេកវិទ្យាកសិកម្មថ្មី និងធនធានមនុស្ស។
ក្រោយការចុះហត្ថលេខារួច ១ ថ្ងៃ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបពិភាក្សាការងារជាមួយលោក Tang Renjian រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិន និងសហការីនៅទីក្រុងណាននីងដើម្បីពិភាក្សាបន្ត
ទាក់ទងនឹងយន្តការសម្រាប់ជំរុញអនុវត្តឱ្យមានប្រសិទ្ធភាពនិងបានជាផលប្រយោជន៍ដល់ភាគីទាំងសងខាងនូវច្រករបៀង មច្ឆា និងអង្ករ។
ក្នុងជំនួបនោះភាគីទាំង ២ បានលើកឡើងថា ត្រូវរៀបចំគណៈកម្មការតម្រង់ទិសដែលដឹកនាំដោយអនុរដ្ឋមន្ត្រីនៃក្រសួងទាំង ២ និងក្រុមការងារបច្ចេកទេសរួម សម្រាប់រៀបចំផែនការសកម្មភាព អនុវត្តឱ្យត្រូវតាមគោលនយោបាយដែលបានកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រីកសិកម្មកម្ពុជាក៏បានស្នើសមភាគីចិន ជួយសហការផ្នែកបច្ចេកទេសដើម្បីជំរុញមុខទំនិញអាទិភាពចំនួន៣ដូចជា អង្ករ ស្វាយចន្ទី និងត្រីចិញ្ចឹម នៅក្នុងច្រករបៀងអង្ករ និងមច្ឆា សម្រាប់នាំចេញមកកាន់ទីផ្សារចិននិងទីផ្សារអន្តរជាតិដទៃទៀត។
«ខ្ញុំសូមលើកទឹកចិត្តដល់អ្នកវិនិយោគិនចិនដែលមានជំនាញ និងបច្ចេកទេសទីផ្សារល្អៗ មកវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសលើការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្មដែលមានស្រាប់ ឱ្យទៅជាផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ និងមានឈ្មោះល្បីលើទីផ្សារអន្តរជាតិ»។ លោក ឌិត ទីណា បានបញ្ជាក់បន្ថែម។
សូមបញ្ជាក់ថា ច្រករបៀងមច្ឆា និងអង្ករ ផ្តោតសំខាន់លើកសិផល ដូចជា ត្រី អង្ករ ផ្លែឈើត្រូពិក បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ) ដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំង ២៕