ភ្នំពេញៈ អាជ្ញាធរជាតិអប្សរា បានស្នើសុំក្រុមហ៊ុនបណ្តាញសង្គម TikTok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមកុំចូលរួមចែករំលែកបន្តវីដេអូខ្លីថតដោយជនជាតិវៀតណាមនៅប្រាសាទអង្គរវត្ត ដែលមានរូបភាពខ្លឹមសារប៉ះពាល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។
ការស្នើរបស់អាជ្ញាធរជាតិអប្សរានេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោយពីមានប្រតិកម្មពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកលេងបណ្តាញសង្គម និងមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមនូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់តបញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់របស់កម្ពុជា។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិត ជាមួយនឹងសម្ភារមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារមួយចំនួនមក ភ្នាក់ងារទេសចរណ៍ ក៏បានតាមពិនិត្យ និងបានស្នើសុំឱ្យលុបចោលរូបភាពមួយចំនួនផ្សេងៗទៀត ដែលមានលក្ខណៈមិនសមស្របចោល។
ប្រភពដដែលបន្តថា ជាយថាហេតុ សមាជិកនៅក្នុងក្រុមនោះដែលបានប្រើប្រាស់ទូរស័ព្ទដៃជាឧបករណ៍ថត អាចនឹងធ្វើការលាក់កំបាំងហើយប្រើប្រាស់រូបភាពមួយចំនួន ទាំងក្នុងនិងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗ ដើម្បីផ្សព្វផ្សាយ ក្នុងគោលបំណងមិនល្អ។
អាជ្ញាធរជាតិអប្សរាបានសង្កត់ធ្ងន់ថា៖ «ដោយសារសកម្មភាពជាវីដេអូឃ្លីប មានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំក្រុមហ៊ុនបណ្តាញសង្គម TikTok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់សាធារណជនទាំងអស់ មេត្តាកុំចូលរួមចែករំលែកបន្ត ពីព្រោះជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ»។
ប្រភពដដែលបន្តថា៖ «ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតមួយចំនួនដែលកើតមានឡើងជាយថាហេតុ ហើយប្ដេជ្ញានឹងពង្រឹងកិច្ចការងារក្នុងការថែរក្សានូវរូបភាពដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត»។
ជុំវិញបញ្ហានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានស្នើសុំមិនធ្វើអត្ថាធិប្បាយបន្ថែមពីអ្វីដែលមាននៅក្នុងសេចក្តីប្រកាសព័ត៌មាននោះទេ។
លោក ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា បានថ្លែងប្រាប់ដោយលោកគាំទ្រ ចំពោះអាជ្ញាធរជាតិអប្សរា ដែលស្នើសុំកុំបន្តចែករំលែកវីដេអូនោះបន្តទៀត ព្រោះទង្វើនៃអ្នកថតដែលបានកាត់បញ្ចូលរូបភាពទង់ជាតិ និងព្រះមហាក្សត្រថៃ ក្នុងចេតនាមិនល្អណាមួយដែលចង់បញ្ជាក់ថាប្រាសាទអង្គរវត្តជារបស់ថៃ ដូចមានការទាមទានាពេលកន្លងមក។
លោក ឈត ប៊ុនថង ថ្លែងថា៖ «គាត់មានចេតនាមិនល្អ ថ្វីដ្បិតតែអាជ្ញាធរជាតិអប្សរាអះអាថាបានលុបរូបចោលមួយចំនួនហើយ ប៉ុន្តែនៅមានរូបមួយចំនួនទៀត ដែលត្រូវបានប្រើប្រាស់ និងកាត់ត។ អ៊ីចឹងទេ វាជាចេតនាមួយ អត់ល្អ។ បញ្ហានេះហើយដែលធ្វើឱ្យមានបញ្ហារសើប ដែលអាចនឹងផ្ទុះឡើងវិញរវាងប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋថៃ។ ដូច្នេះ យើងត្រូវតែបិទកុំឱ្យមានការចែករំលែកផ្សព្វផ្សាយបន្តទៀត ដែលនាំឱ្យមានកំហឹងពីសំណាក់លេងបណ្តាញសង្គម»។
ទោះជាយ៉ាងណា លោក ឈត ប៊ុនថង ចាត់ទុកករណីនេះជាកម្ទេចភ្លើងមួយដ៏តូចប៉ុណ្ណោះ។ ដូច្នេះប្រជាពលរដ្ឋខ្មែរ និងអ្នកលេងបណ្តាញសង្គមមិនគួរប្រកាសវាឱ្យកា្លយទៅជាជម្លោះវប្បធម៌ ឬជម្លោះការទូតរវាងប្រទេសជិតខាងនោះទេ។
មួយគ្នានោះ ប្រជាពលរដ្ឋខ្មែរដែលជាអ្នកលេងបណ្តាញសង្គមទាំងអស់គួរតែបញ្ឈប់ការចុច Like ឬចែកចាយ (Share) និងជាពិសេសអាជ្ញាធរជាតិអប្សរាគួរតែស្នើដល់អ្នកប្រព្រឹត្ត ឬអ្នកបង្ហោះវីដេអូ ឱ្យដកចេញពីបណ្តាញសង្គម កុំឱ្យមានការឡើងកម្តៅរវាងពលរដ្ឋខ្មែរ និងពលដ្ឋនៃប្រទេសជិតខាង៕