ភ្នំពេញៈ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ បង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងឱ្យមានប្រសិទ្ធភាព ខណៈមន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញខាងអប់រំគាំទ្រវិធានការនេះ តែត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
លោក ជួន ណារិន្ទ បានដាក់បទបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា បន្ទាប់ពីមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះក្មេងទំនើងបានចេញធ្វើសកម្មភាពហាក់បីដូចជាកម្រើកឡើងវិញនៅតាមទីសាធារណៈ បន្ទាប់ពីមានភាពស្ងប់ស្ងាត់កន្លងមកដោយសារការអនុវត្តយុទ្ធនាការបង្ក្រាបនាពេលកន្លងមក។
តាមរយៈហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកជួន ណារិន្ទ បានថ្លែងថា៖«ក្មេងទំនើងអាចបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សុវត្ថិភាពសង្គមជាខ្លាំង។ ដូច្នេះត្រូវចាត់វិធានការនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា»។
លោកបានបញ្ជាក់ទៀតថា៖«ដោយឡែកពាក់ព័ន្ធនឹងការងារបទល្មើសគ្រឿងញៀនកម្លាំងជំនាញត្រូវចេញស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានដូចភ្លៀងរលឹម ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ព្រោះបទល្មើសគ្រឿងញៀនបានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងប៉ះពាល់ដល់ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព»។
លោក ជួន ណារិន្ទ ក៏បានថ្លែងណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវស្មោះត្រង់នឹងវិជ្ជាជីវៈជំនាញ ហើយកុំពាក់ព័ន្ធជាមួយនឹងបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌផ្សេងៗដែលជាបទល្មើសមានហានិភ័យដល់សង្គម។ ជាពិសេសត្រូវគោរពច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ ឱ្យបានខ្ជាប់ខ្ជួន និងមានការគ្រប់គ្រងកម្លាំងឱ្យបានមុឺងម៉ាត់ជាមួយនឹងការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប និងការបែងចែកភារកិច្ចដល់មន្ត្រីអនុវត្តន៍ការងារតាមជំនាញផងដែរ។
លោក សម វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី១៤ ខែវិច្ឆិកា ថ្លែងថា សមត្ថកិច្ចគឺមានតួនាទីក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយមិនធ្វើឱ្យប្រជាពលរដ្ឋ ណាមួយមានការភ័យខ្លាចឡើយ។
លោក សំអាត ថ្លែងទៀតថា ក្នុងន័យនេះ ក្នុងនាមជាអង្គការសង្គមស៊ីវិល មិនគាំទ្រដាច់ខាតចំពោះអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដ ជាពិសេសក្មេងទំនើង និងស្នើសុំឱ្យអនុវត្តតាមផ្លូវច្បាប់ទៅលើបុគ្គលនោះ។
លោក អំ សំអាត ក៏បានថ្លែងស្នើឱ្យសមត្ថកិច្ច ដែលអនុវត្តទៅលើក្មេងទំនើងទាំងនោះ គឺត្រូវហាមដាច់ខាតធ្វើអំពើហិង្សា និងទារុណកម្មផ្សេងៗទៅលើពួកគេ ពោលគឺត្រូវធ្វើយ៉ាងណាអនុវត្តទៅតាមផ្លូវច្បាប់ ឬធ្វើការអប់រំ និងណែនាំ ចំ-ពោះក្មេងដែលមិនទាន់គ្រប់អាយុ។
លោក អំ សំអាត បានថ្លែងថា៖ «បើការអនុវត្តច្បាប់ វាអត់មានអីប៉ះពាល់ដល់សិទ្ធិទេហើយច្បាប់តម្រូវថា ក្មេងត្រឹមអាយុ ១៤ ឆ្នាំ មិនឱ្យចាប់ ឬឃុំខ្លួនបានទេ បើយើងចាប់ហើយឃុំខ្លួន អាហ្នឹង គឺរំលោភលើសិទ្ធិហើយ។យើងគួរតែមានវិធានការសមស្របណាមួយ ដូចជាប្រគល់ឱ្យឪពុកម្តាយ ឬក៏បញ្ជូនទៅមណ្ឌលយុវនីតិសម្បទាអប់រំផ្សេងៗវិញ»។
លោក ឈត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានថ្លែងដោយបង្ហាញការគាំទ្រចំពោះការដាក់ចេញវិធានការដ៏ម៉ឺងម៉ាត់របស់ស្នងការនគរបាលរាជធានីភ្នំពេញលើការបង្ក្រាប និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របស់ក្មេងទំនើងនេះផងដែរ។ ការអនុវត្តនេះ មិនមែនធ្វើតែម្តងហើយចប់នោះទេ គឺត្រូវធ្វើជាប្រចាំ ព្រោះក្មេងទំនើង មិនអស់ទេ ទោះជាមានវិធានការយ៉ាងណាក៏ដោយ។
លោ ឈត ប៊ុនថង បានថ្លែងថា៖ «អ៊ីចឹងទេ ការដាក់ចេញវិធានការឱ្យកងកម្លាំងនគរបាលធ្វើការជាប្រចាំ ទៅលើការគ្រប់គ្រង ការទប់ស្កាត់ក្មេងទំនើងនេះ គឺជារឿងដែលត្រូវធ្វើជាចាំបាច់ ព្រោះបើអស់ក្មេងទំនើងមួយ នៅក្មេងទំនើងផ្សេងទៀត ដោយសារតែការអប់រំបច្ចុប្បន្ន និងការគ្រប់គ្រងកូនរបស់អាណាព្យាបាលរាល់ថ្ងៃពិបាកណាស់ដោយសារតែឥទ្ធិពលគ្រឿងញៀន និងវប្បធម៌បរទេសជាដើម»។
លោក ប៊ុនថង ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងលោកគ្រូ អ្នកគ្រូ នៅតាមសាលារៀន និងអាណាព្យាបាល ត្រូវរួមគ្នាចូលរួមពង្រឹង និងអប់រំកូនៗរបស់ខ្លួន កុំឱ្យភ្លើតភ្លើន ធ្លាក់ទៅក្នុងផ្លូវអបាយមុខ បង្កទៅជាក្មេងទំនើងនាំឱ្យមានផលប៉ះពាល់ដល់សង្គមជាតិ និងគ្រួសារ៕