ភ្នំពេញ: នៅក្នុងសាច់រឿង «Expend4bles» វគ្គ ៤ បន្ដបង្ហាញឈុតឆាកបាញ់ប្រហារ និងវាយតប់ មិនចាញ់វគ្គមុនៗឡើយ។ ក្រុមបេសកកម្មដែលដឹកនាំដោយអ្នកក្លាហាន ដូចជា Barney Ross និង Lee Christmas បានប្រជែងគ្នានឹងពេលវេលា ដើម្បីរារាំងការគំរាមកំហែងនុយក្លេអ៊ែរដែលបានរៀបចំឡើងដោយភេរវករដែលមានកូដឈ្មោះ Ocelot។
ក្នុងចំណោមសមាជិកថ្មី គឺជាតួអង្គដែលជីវិតពិតគឺគួរឱ្យចាប់អារម្មណ៍ដូចនឹងសកម្មភាពសម្ដែង គឺលោក ណុប ដារ៉ែន ជាតួអង្គលេងក្បាច់គុន បានសម្ដែងជាសេនាដៃស្ដាំរបស់តួអាក្រក់។
លោក ដារ៉ែន បាននិយាយថា៖ «នៅក្នុងរឿង «Expendables 4» ខ្ញុំលេងជាតួអង្គបាញ់ និងវាយតប់ ដោយមិនបានធ្វើជាអ្នកបង្វឹកក្បាច់គុននោះទេ។ ផលិតករភាពយន្តនេះបានជួលក្រុមបង្វឹកក្បាច់គុនជនជាតិចិនសម្រាប់សកម្មភាពវាយតប់។ អ្នកដឹកនាំបានស្នើសុំឱ្យខ្ញុំថតឈុតឆាកប្រយុទ្ធដោយខ្លួនឯង»។
ក្លាយជាតួសម្ដែង និងអ្នកប្រយុទ្ធក្នុងសាច់រឿងនេះពិតជាមានការលំបាកច្រើន ដោយលោកបាននិយាយថា ក្នុងរយៈពេលត្រៀមខ្លួនត្រឹមតែ ១ ខែប៉ុណ្ណោះ លោកចាប់ផ្ដើមថតឈុតឆាកវាយតប់ និងបាញ់ប្រហារ ដោយបានចូលរួមជាមួយបងប្រុសជាតួអង្គជំនួស ឈ្មោះ លោក ណុប ដាវីដ។
លោក ដារ៉ែន បាននិយាយថា៖ «លោក តូនី ចា និងខ្ញុំបានថតឈុតវាយតប់គ្នា ដោយធានាថា យើងមិនចម្លងស្ទីលដូចគ្នានៃក្បាច់គុនមួយថៃ និងល្បុក្កតោនោះទេ។ ខ្ញុំបានបំប្លែងក្បាច់គុនចម្រុះមួយចំនួន»។
ការខិតខំរបស់លោកដំណើរការទៅយ៉ាងរលូនជាមួយសកម្មភាពសម្ដែងប្រើប្រាស់កាំភ្លើង និងការរត់ប្រដេញវាយតប់គ្នា ក៏ដូចជា ការដេញបាញ់តួអង្គរបស់ Jason Statham។ តួសម្តែងសំខាន់នៃរឿង «Expend4bles «មានតារាល្បីៗ រួមមាន Jason Statham, Sylvester Stallone, Dolph Lundgren, Randy Couture, Curtis "50 Cent" Jackson, Megan Fox, Tony Jaa, Iko Uwais, Jacob Scipio, Levy Tran, Andy García និង Nop Daren។
ពួកគេមានសញ្ជាតិខុសៗគ្នាចាប់ពីអង់គ្លេស អាមេរិក ស៊ុយអែត ថៃ ឥណ្ឌូនេស៊ី និងកម្ពុជា ក៏ដូចជាកូនកាត់អាមេរិក វៀតណាម យ៉ាងហោចណាស់ ៦ សញ្ជាតិផ្សេងគ្នា។
កូនខ្មែរដែលប្រសូតនៅប្រទេសបារាំង ក្រោយឪពុកម្ដាយរត់ភៀសខ្លួនពីសង្គ្រាមរូបនេះ ក៏មានឈុតខ្លះសម្ដែងដោយផ្ទាល់ជាមួយកំពូលតារាភាពយន្ដ រួមទាំង Sylvester Stallone, Jason Statham និង Dolph Lundgren នៅក្នុងខ្សែភាពយន្តនៅពេលលោកចូលក្នុងគុក ដែលពួកគេទាំងនោះនៅឈរពីមុខរបស់លោក។ បន្ទាប់មកលោកបានប្រយុទ្ធគ្នាជាមួយ Jason Statham មុនពេល Statham សម្លាប់លោក។
លោក ដារ៉ែន បាននិយាយថា លោកចូលចិត្តរឿងនោះពេលលោកកំពុងដេញបាញ់លោក Jason Statham។
យ៉ាងណាមិញ លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំពិតជាសោកស្ដាយណាស់នៅពេលដែលភាពយន្តនេះចេញមក ដោយសារតែពួកគេបានកាត់ឈុតសម្តែងជាច្រើនរបស់ខ្ញុំ ដែលជាឈុតឆាកប្រយុទ្ធដ៏ល្អ»។
ឈុតឆាកប្រយុទ្ធជាមួយតួអង្គថៃ លោក តូនី ចា និងការប្រយុទ្ធគ្នាយ៉ាងសំខាន់ជាមួយ Jason Statham ត្រូវបានកាត់ចោល ជាការសម្រេចចិត្តដែលធ្វើឱ្យលោក ដារ៉ែន ខកចិត្តយ៉ាងខ្លាំង។ លោកបានឱ្យដឹងថា ភាពយន្តនេះចេញមកក្នុងពេលវេលាដ៏អាក្រក់ ដោយសារតែមានវិបត្ដិនៅក្នុងឧស្សាហកម្មភាពយន្តដែលលោកមិនទាន់ទទួលបានឱកាសណាមួយនៅឡើយ។
លោកប្រាថ្នាថា លោកនឹងត្រូវបានអញ្ជើញឱ្យសម្ដែងជាតួក្នុងគម្រោងផ្សេងៗទៀត ព្រោះលោកចង់ក្លាយជា Action Actor ច្រើនជាងគ្រាន់តែជាអ្នកសម្ដែងធម្មតា ឬអ្នកក្បាច់រាំ។ លោកនិយាយថា៖ «បំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាតារាលេងក្បាច់គុនបារាំងកម្ពុជាទី ១»។
ចំពោះអាជីពលើវិថីសិល្បៈរបស់តួសម្ដែងក្បាច់គុនវ័យ ៣៧ ឆ្នាំរូបនេះ លោកបានអរគុណដល់ប្រធានក្រុមអ្នកបង្វឹកក្បាច់គុន និងតួជំនួសរបស់ ឈិន ឡុង គឺលោក Brad Allan។ ភាពជឿជាក់របស់លោក Allan លើលោក ដារ៉ែន បានផ្តល់ឱ្យលោកនូវឱកាសជាច្រើននៅក្នុងឧស្សាហកម្មនេះ ដែលកំណត់ទិសដៅនៃអាជីពសិល្បៈសម្ដែងនេះ។
លោក ដារ៉ែន ថ្លែងថា៖ «បងធំរបស់ខ្ញុំ... គាត់គឺជាបុរសដែលទុកចិត្តខ្ញុំ ហើយផ្តល់ឱកាសជាច្រើនដល់ខ្ញុំ។ គាត់ដូចជាបងធំដែលខ្ញុំមិនដែលមានទេ»។
ចាប់តាំងពីពេលនោះ លោកបានបង្ហាញទេពកោសល្យនៅក្នុងរឿង «John Wick 4» និងជាអ្នករៀបចំការប្រយុទ្ធនៅក្នុងភាពយន្ដភាគ «Star Wars: Acolyte»។ ពេលសម្លឹងឆ្ពោះទៅមុខចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលខាងមុខ លោក ដារ៉ែន តែងតែមានក្តីសង្ឃឹមក្នុងការធ្វើឱ្យបេតិកភណ្ឌកម្ពុជាប្រកបដោយមោទនភាព និងមហិច្ឆតារះលើវិថីហូលីវូដ។
លោក ដារ៉ែន បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រដោយជំរុញឱ្យពួកគេទៅទស្សនារឿង «Expend4bles» និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដែលលោកបានចូលរួមចំណែកក្នុងភាពយន្ដនេះ ទោះបីជាឈុតឆាកជាច្រើនត្រូវបានកាត់ក៏ដោយ។
លោកនិយាយថា៖ «ខ្ញុំគ្រាន់តែចង់និយាយថា Enjoy the movie ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងចូលចិត្តរឿងខ្ញុំសម្ដែង។ ខ្ញុំចង់និយាយថា អរគុណដែលបន្តគាំទ្រខ្ញុំ»។
ដំណើររបស់លោកពីកូនរបស់ឪពុកម្តាយជនភៀសខ្លួននៅទីក្រុងប៉ារីសទៅជាតារាសម្ដែងលំដាប់ហូលីវូដ មិនត្រឹមតែជាជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការបំផុសគំនិតឱ្យកូនខ្មែរដទៃទៀតហ៊ានបង្ហាញទេពកោសល្យរបស់ខ្លួនផងដែរ៕