ភ្នំពេញៈ អង្គការយូណេស្កូ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់សម្បត្តិបេតិកភណ្ឌវប្បធម៌ក្រោមទឹក ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានការគាំទ្រពីមូលនិធិសង្គ្រោះបេតិកភណ្ឌយូណេស្កូ (HEF) និងលេខាធិការដ្ឋានអង្គការយូណេស្កូកាលពីចុងខែតុលា កន្លងទៅ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា ដោយមានការចូលរួមពីអ្នកធ្វើគោលនយោបាយ អ្នកជំនាញផ្នែកបេតិកភណ្ឌ និងអ្នកពាក់ព័ន្ធផ្នែកបេតិកភណ្ឌវប្បធម៌ក្រោមទឹកចំនួន ៦១ នាក់ មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។
ប្រទេសទាំងនោះនឹងទទួលបានបទពិសោធន៍ និងជំនាញពីអ្នកជំនាញមកពីប្រទេសអូស្ត្រាលី កោះហ្គាំ ហុងគ្រី និងជប៉ុន។ នេះបើតាមការផ្សព្វផ្សាយរបស់អង្គការយូណេស្កូប្រចាំកម្ពុជាតាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
អង្គការយូណេស្កូប្រចាំកម្ពុជាបានលើកឡើងថា សិក្ខាសាលានេះមានការចូលរួមពីលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងលោក ប្រាក់ សូណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោក Sardar Umar Alam បានថ្លែងថា បញ្ហាចម្បងដែលសម្បត្តិបេតិកភណ្ឌវប្បធម៌ក្រោមទឹកប្រឈមសព្វថ្ងៃនេះ រួមមានការប្រែប្រួលអាកាសធាតុ ដូច្នេះតម្រូវការសំខាន់បំផុតក្នុងការដោះស្រាយបញ្ហានេះ គឺត្រូវការពង្រឹង ការត្រៀមខ្លួនសម្រាប់ការពារអភិរក្សបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់របស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «វាចាំបាច់ដែលយើងត្រូវពង្រឹងក្របខ័ណ្ឌគោលនយោបាយរបស់យើង វិនិយោគលើធនធាន បង្កើនសមត្ថភាពប្រតិបត្តិការ ជំរុញការសម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីបង្កើនការការពារជារួមនៃបេតិកភណ្ឌទាំងអស់ និងជាពិសេសបេតិកភណ្ឌវប្បធម៌ក្រោមទឹក»។
លោក ប្រាក់ សូណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានថ្លែងនាពេលនោះដែរថា សិក្ខាសាលានេះគឺជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីការបង្កើតគំរូក្នុងអនុតំបន់ និងតំបន់សម្រាប់ការពង្រឹងការការពារបេតិកភណ្ឌវប្បធម៌ និងជាពិសេសបេតិកភណ្ឌវប្បធម៌ក្រោមទឹក ដោយមានការគាំទ្រពីអង្គការយូណេស្កូ។
លោកថ្លែងថា៖ «ភាពអស្ចារ្យនៃបេតិកភណ្ឌក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការគំរាមកំហែងដែលកំពុងកើនឡើងបានជះឥទ្ធិពលដល់បេតិកភណ្ឌទាំងនេះ ដូច្នេះជាដំណោះស្រាយ គឺតម្រូវឱ្យមានកិច្ចសហការក្នុងតំបន់ និងផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ»។
បើតាមអង្គការយូណេស្កូ តំបន់អាស៊ីអាគ្នេយ៍ គឺជាជម្រកនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងជាកន្លែងបុរាណវត្ថុវិទ្យាក្រោមទឹកជាច្រើន ដែលជាធនធានដ៏មានតម្លៃសម្រាប់អ្នកស្រាវជ្រាវ ហើយទទួលបានការកោតសរសើរកាន់តែប្រសើរឡើងអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រកាលពីអតីតកាលផងដែរ៕