ភ្នំពេញៈ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាមបានប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ១៤ វិច្ឆិកា លើកទី១១ ក្រោមប្រធានបទ «ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធសន្តិសុខសង្គម សម្រាប់អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជា» ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរនៅតាមដងផ្លូវ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានឱ្យដឹងនៅថ្ងៃទី ១៤ ខែវិច្ឆិកាថា ឆ្នាំនេះ សមាគមលោក និងអង្គការអុកស្វាម បានរៀបចំប្រារព្ធទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរួមនឹងអ្នកពាក់ព័ន្ធនានាប្រមាណជា ២០០ នាក់។
លោកបានប្រាប់ថា ទិវានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សិទ្ធិការងារ និងការទទួលស្គាល់សិទ្ធិរបស់អ្នកលក់ដូរតាមដងផ្លូវ និងក៏ដើម្បីពង្រឹងប្រសិទ្ធភាព រួមនឹងការពង្រីកវិសាលភាពកិច្ចគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការ រវាងអ្នកលក់ដូរតាមផ្លូវ និងអ្នកពាក់ព័ន្ធដើម្បីទទួលបានការងារសមរម្យ និងថ្លៃថ្នូរ។
លោក វន់ ពៅ បានថ្លែងថា៖«សម្រាប់អ្នកលក់ដូរតាមដងផ្លូវ បច្ចុប្បន្ននេះ យើងមើលឃើញថា ពួកគាត់កំពុងធ្លាក់ចុះប្រាក់ចំណូល ខណៈដែលទំនិញផ្សេងៗកំពុងឡើងថ្លៃ ដូច្នេះធ្វើឱ្យអ្នកលក់ដូរទាំងអស់នោះជាប់ជំពាក់លុយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលគាត់ខ្ចីយកមកបើកអាជីវកម្មរកស៊ី»។
បើតាមលោក វន់ ពៅ ស្ថានភាពអ្នកលក់ដូរតាមដងផ្លូវក៏កំពុងតែជួបបញ្ហាប្រឈមមួយចំនួនដូចជា គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលរងការបៀត
បៀនពីគ្រប់អ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះការប្រកួតប្រជែង និងការបាត់បង់មុខរបរទៅលើជនបរទេស។
ម្យ៉ាងទៀត លោកថា អ្នកលក់ដូរតាមដងផ្លូវនៅប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញនៅពុំទាន់មានការស្រាវជ្រាវជាក់លាក់ណាមួយពីចំនួនតួលេខពីសំណាក់ស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
អ្នកស្រី លាន សោភា អាយុ ៤២ ឆ្នាំ ជាស្ដ្រីមេម៉ាយកូន ៤ នាក់ ដែលលក់ភេសជ្ជៈតាមរទេះរុញនៅក្នុងរាជធានីភ្នំពេញបានប្រាប់ថា ក្នុង ១ ថ្ងៃ អ្នកស្រីរកចំណូលបានជាមធ្យម ១៦ ០០០ រៀល ដោយចេញពីផ្ទះតាំងពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ៦ ល្ងាច ដើម្បីលក់ដូរ។
អ្នកស្រីបានបន្តថា ការចំណាយជាទូទៅរបស់អ្នកស្រីប្រមាណ ២០ ០០០ រៀល ទៅលើអាហារ ថ្លៃទឹកភ្លើង កូនរៀន ព្រមទាំងថ្លៃថ្នាំពេទ្យផងដែរ។ ដោយសារចំណូលសព្វថ្ងៃនេះ ទទួលបានតិចជាងការចំណាយ អ្នកស្រីបង្ខំចិត្តខ្ចីលុយគេបន្ថែម ដើម្បីដោះស្រាយថ្លៃជីវភាពម្ដងម្កាលដែរ។
អ្នកស្រី លាន សោភា បានថ្លែងថា៖ «ក្នុងនាមជាអ្នកលក់ដូរតាមផ្លូវ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលបញ្ចុះតម្លៃទំនិញ ជួយរកកន្លែងលក់ដូរសមរម្យដល់ស្ដ្រីអ្នកលក់ដូរតាមដងផ្លូវ ហើយនិងប្រាក់ឧបត្ថម្ភសម្រាប់ស្ដ្រីមេម៉ាយក្រីក្រផង»។
អ្នកស្រីបន្ថែមថា បច្ចុប្បន្នក្រៅពីជួបប្រទះបញ្ហាជីវភាព និងជំពាក់បំណុលគេ អ្នកស្រីក៏ជួបប្រទះបញ្ហា ដូចជា ត្រូវបានសន្តិសុខបណ្ដេញចេញនៅពេលកំពុងតែលក់តាមដងផ្លូវ ហើយពេលខ្លះគេចោទថា ធ្វើខូចសណ្ដាប់ធ្នាប់ និងត្រូវបង់ថ្លៃសេវាអនាម័យ និងសន្តិសុខជាដើម។
ទាក់ទងនឹងបញ្ហានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា អ្នកលក់ដូរតាមដងផ្លូវ ត្រូវបានចាត់ទុកជាបុគ្គលស្វ័យនិយោជន៍ ដែលនៅថ្ងៃ ១៤ ខែវិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តបេឡាជាតិរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្តដល់គ្រួសារសមាជិក បសស និងបុគ្គលស្វ័យនិយោជន៍ជាផ្លូវការផងដែរ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង! ពួកគាត់គ្រាន់តែចុះឈ្មោះធ្វើកាត ប.ស.ស ដោយបង់វិភាគទានម្នាក់ ១៥ ៦០០ រៀល ក្នុង ១ ខែ ពួកគាត់នឹងក្លាយជាសមាជិក ប.ស.ស ដែលនឹងទទួលបានការថែទាំសុខភាពនៅតាមមន្ទីរពេទ្យសាធារណៈ និងឯកជនដែលបានភ្ជាប់ជាមួយប.ស.ស ដោយមិនអស់ប្រាក់តាមកញ្ចប់ ប.ស.ស ផ្តល់ជូន»។
លោកបានបញ្ជាក់ថា៖ «នេះជាគោលនយោបាយរបស់យើងដើម្បីលើកស្ទួយសុខភាពប្រជាពលរដ្ឋ និងកាត់បន្ថយចំណាយផ្នែកសុខភាពរបស់ពលរដ្ឋ»។
សូមបញ្ជាក់ថា ពិភពលោក បានប្រារព្ធទិវាអ្នកលក់តាមដងផ្លូវអន្តរជាតិនេះ ចាប់តាំងពីឆ្នាំ ២០១២ ជារៀងរាល់ថ្ងៃទី ១៤ ខែវិច្ឆិកា ដែលគិតមកទល់ពេលនេះបានប្រារព្ធចំនួន ១១ ដងមកហើយ តែសម្រាប់ប្រទេសកម្ពុជាបានប្រារព្ធទិវានេះចាប់តាំងពីឆ្នាំ ២០១៥ មក បានចំនួន ៩ ដងហើយ។
យោងតាមការសិក្សារបស់អង្គការ Oxfam នៅឆ្នាំ ២០១៩ បានប៉ាន់ប្រមាណថា អ្នកលក់ដូរតាមដងផ្លូវនៅកម្ពុជាមានរហូតដល់ជិត ១,៧ លាននាក់ ឬស្មើនឹង ១០ ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ការសិក្សាដដែលបានឱ្យដឹងទៀតថា ក្នុងចំណោម១០ភាគរយនេះ មានអ្នកលក់ដូរតាមដងផ្លូវជាស្ដ្រីប្រមាណជា ៧៥ ភាគរយ៕