ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញពីឆន្ទៈរៀងៗខ្លួន ក្នុងការរឹតបន្តឹងចំណងមិត្តភាព តាមរយៈការបន្តពង្រឹង និងពង្រីកកិច្ចសហការរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរឡើង ដោយផ្តោតជាសំខាន់ដើម្បីអភិវឌ្ឍវិស័យអប់រំបន្ថែមទៀត។
ការលើកឡើងរបស់ភាគីទាំង ២ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Mohammed Ismaeil A.Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុកក្រសួងអប់រំ ឯកអគ្គរាជទូតអារ៉ាប៊ី សាអ៊ូឌីត ប្រចាំកម្ពុជាលោក Mohammed IsmaeilA.Dahlwy បានបង្ហាញពីឆន្ទៈក្នុងការរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោកបានអះអាងថា៖ «ទូតអារ៉ាប៊ី សាអ៊ូឌីត បាននិងបន្តផ្តល់ព័ត៌មានពីអាហារូបករណ៍ជាច្រើន សម្រាប់សិស្សនិស្សិតខ្មែរដែលចង់ទៅបន្តការសិក្សានៅព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត»។
ឆ្លើយតបនឹងការលើកឡើងនេះដែរលោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការនានា របស់ព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីត ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាកន្លងមក។
លោករដ្ឋមន្ត្រីបានថ្លែងបន្តថា៖ «ក្រសួងអប់រំរីករាយបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែប្រសើរឡើងឈានទៅសម្រេចគោលដៅជាច្រើនបន្ថែមទៀត ពិសេសលើវិស័យអប់រំនៅកម្ពុជានាពេលខាងមុខ»។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងនៅថ្ងៃទី ១៤ ខែវិច្ឆិកា ថា ប្រសិនបើអារ៉ាប៊ី សាអ៊ូឌីត ជួយពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំកម្ពុជាតាំងនាមឱ្យវិស័យអប់រំឯកជនលោកពិតជាសប្បាយរីករាយ ខណៈគ្រប់គ្នាដឹងហើយថា អារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសដែលមានប្រព័ន្ធអប់រំ និងភាពរីកចម្រើននៃបច្ចេកវិទ្យាខ្លាំង។
លោក គង់ សំនៀង ថ្លែងបន្តថា៖ «កាលណាប្រទេស ១ ខ្លាំង គឺគេមានភាពរីកចម្រើនខ្លាំងលើប្រព័ន្ធអប់រំ និងគុណភាពអប់រំ កាន់តែមានស្តង់ដាខ្ពស់ ហើយអារ៉ាប៊ី សាអ៊ូឌីត គឺជាប្រទេស ១ ដែលបានយកចិត្តទុកដាក់ និងអភិវឌ្ឍកម្មវិធីសិក្សាជាប់ប្រចាំ»។
លោក គង់ សំនៀង ថ្លែងថា គម្រោងនេះនឹងកើតឡើង ហើយផ្តល់ផលច្រើនទៅដល់ប្រជាជនកម្ពុជាបានច្រើន ហើយលោកក៏សូមឱ្យការផ្តល់អាហារូបករណ៍ណាមួយពីអារ៉ាប៊ី សាអ៊ូឌីត ត្រូវបែងចែកឱ្យមានតម្លាភាពទៅដល់សិស្សនិស្សិតទាំងទីក្រុង និងជនបទអាចមានឱកាសសិក្សារៀនសូត្រពីប្រទេសជឿនលឿននេះឱ្យក្លាយជាធនធានមនុស្សនាពេលអនាគត។
សូមរំឭកដែរថា ក្នុងកិច្ចប្រជុំអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការមហាឈូងសមុទ្រនាប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃទី ២០ ខែតុលា កន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត បានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី បន្ថែមទៀតផងដែរ។
ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ក៏បានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម វិស័យវិនិយោគ វិស័យអប់រំ និងកីទ្បា វិស័យសុខាភិបាល និងវិស័យគមនាគមន៍ជាដើម៕