ភ្នំពេញៈ ក្នុង​វេទិកា​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន មន្ត្រីជាន់ខ្ពស់​កម្ពុជា​លើកឡើងថា កា​រវិ​និ​​យោគ​របស់​ចិន​ទៅលើ​ការ​អភិ​វ​ឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា បានរួម​ចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រកួតប្រជែង​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI)​​ ជាពិសេស​ក្នុង​វិស័យ​ផលិតកម្ម​។​

​លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេស​ក​​កម្ម​ពិសេស​បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​​កំពូល​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​​ចិន​សកល កាលពី​ថ្ងៃទី ​៦-៧ ខែវិច្ឆិកា នៅ​ទីក្រុង​សិន​ជិន ប្រទេស​ចិន ក្រោម​ប្រធានបទ «​ការបង្កើន​អានុភាព​នៃ​កំណើន បច្ចេកវិទ្យា និង​វិបុលភាព​ក្នុង​តំបន់​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​ខុ​ទ្ទ​​កាល័យ​របស់លោក​បញ្ជា​ក់ថា​៖ «​ឯកឧត្តម​សាស្ត្រាចារ្យ​បណ្ឌិតសភា​ចា​រ្យ​ទេសរដ្ឋមន្ដ្រី [​លោក សុក ស៊ីផាន់ណា​]​ ក៏បាន​លើក​ឡើង​ពី​ការវិនិយោគ​សំខាន់ៗ​របស់​ប្រទេស​ចិន​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​កម្ពុជា​ដែល​រួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការប្រកួត​ប្រ​ជែង​របស់​កម្ពុជា​ក្នុងការ​ទាក់​​ទាញ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) ជាពិសេស​នៅក្នុង​វិស័យ​ផលិតកម្ម​។ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​អា​សិប បាន​ផ្លាស់ប្ដូរ​ទិដ្ឋភាព​ពាណិជ្ជកម្ម​របស់​កម្ពុ​ជា​យ៉ាងខ្លាំង ដោយ​ផ្ដល់នូវ​ទីផ្សារ​ថ្មី​សម្រាប់​ផលិតផល​កសិកម្ម​និង​ទំនិញ​របស់​កម្ពុជា​»​។​

​ក្នុង​កិច្ចពិភាក្សា​ស្តីពី «​បញ្ហា​ប្រឈម​នៃ​ភូមិសាស្ត្រ​យុទ្ធ​សាស្ត្រ​និង​ភូមិសាស្ត្រ​សេដ្ឋកិច្ច ដែល​កំពុង​ជួបប្រទះ​នៅក្នុង​ពិភពលោក​ពហុ​ប៉ូល​ថ្មី​៖ តួនាទី​របស់​ប្រទេស​ចិន និង​អាស៊ី​» លោក​សុក ស៊ីផាន់ណា បាន​គូសបញ្ជាក់​ពី​ការផ្លាស់ប្ដូរ​សណ្តាប់​ធ្នាប់​ពិភពលោក និង​ភាព​ចាំ​បាច់​នៃ​ប្រព័ន្ធ​ពហុភាគី​និយម ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នៃ​សតវត្សរ៍​ទី ​២១​។​ 

​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន ក្រុម​ប្រទេស BRICS បាន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ជា​យុទ្ធសាស្ត្រ​នៅក្នុង​ពិភព​លោក​ពហុ​ប៉ូល ដែល​ធ្វើឱ្យ​ចិន​ក្លាយជា​ទីផ្សារ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ពិភពលោក​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក សុក​ ស៊ីផាន់ណា បានបញ្ជាក់​អំពី​ការវិវឌ្ឍ​ជាច្រើន​ទសវត្សរ៍​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​ជា​មួយ​អាស៊ាន​ដែល​ក្នុង​ឆ្នាំ ​២០០៣ ប្រទេស​ជា​សមាជិក បាន​លើក​កម្ពស់​ទំនាក់ទំនងរ​បស់​ពួកគេ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​នាំឱ្យមាន​សមាហរណកម្ម សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ ការ​ពង្រឹង​នៃ​ការតភ្ជាប់ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​ទៀត ជាពិសេស​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ​(BRI) និង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន។​

​កិច្ចប្រជុំ​កំពូល​នេះ​មាន​គោល​បំណង​ជំរុញ​កាលានុវត្តភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​ចំ​ណោម​ប្រទេស​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​កិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (​អា​សិប​)​ និង​ផ្តោតលើ​កិច្ច​ពិ​ភា​ក្សា​ទាក់ទង​នឹង​សក្តានុពល​របស់​ក្រុម​ប្រទេស​ BRICS ដែល អាច​ក្លាយជា​កម្លាំង​សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ពិភពលោក​ពហុ​ប៉ូល និង​បាន​ស្វែងយល់​បន្ថែម​អំពី​តួនាទី​ចិន​ក្នុងការ​ផ្លាស់ប្តូរ​អំណាច​សកល។​ 

​កិច្ចប្រជុំ​កំពូល​នេះ​ក៏បាន​ផ្តោតទៅលើ​សារៈសំខាន់​នៃ​ថា​ម​ពល​បៃតង​ក្នុង​ការជំរុញ​វឌ្ឍនភាព​បច្ចេកវិទ្យា​សម្រាប់​ពង្រឹង​និរន្តរភាព ដែល​ក្នុងនោះ​រួមមាន​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ និង​ការដឹកជញ្ជូន​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​ 

​កិច្ចប្រជុំ​ក៏បាន​ស្វែងយល់​ពី​ឥទ្ធិពល​នៃ​ការប្រែប្រួល​សេដ្ឋកិច្ច​ឌីជីថល​ទៅលើ​ដំណើរការ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​អាជីវកម្ម ព្រម​ទាំង​ដំណើរការ​នៃ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ដែល​ជះឥទ្ធិពល​ទៅលើ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​។​ 

​កិច្ចប្រជុំ​កំពូល​ក៏បាន​ពិនិត្យ​លើ​ការរួមចំណែក​របស់​ប្រជា​ជន​ចិន​ដែល​រស់នៅ​ជុំវិញ​ពិភព​​លោក​ទៅលើ​ភាពជា​សហគ្រិន តួនាទី​របស់​ពួកគេ​ក្នុងការ​ជំរុញ​កិច្ចសហការ​ថ្មី និង​កត្តា​ជោគជ័យ​សំខាន់ៗ​ទៀត​នៅក្នុង​សហ​​គម​ន៍​ដ៏​រស់​រវើក​មួយ​នេះ​។​

​អំឡុងពេល​កិច្ចប្រជុំ​កំពូល​នេះ លោក សុក ស៊ីផាន់ណា មាន​កិច្ចប្រជុំ​ទ្វេភាគី​ដាច់ដោយឡែក​ចំនួន​ ៥​ ជាមួយ​តំណាង​នៃ​សមាគម​ធុរកិច្ច​ចិន​-​អាស៊ាន (CABA) ក្រុមហ៊ុន Shui On Group ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Gao Feng  វិទ្យាស្ថាន​អភិវឌ្ឍន៍​ចិន និង​បណ្តាញ​ព័ត៌មាន China Daily Asia Pacific​។ កិច្ចប្រជុំ​ទ្វេភាគី​ទាំង​ ៥​ នេះ​បាន​ផ្ដោតលើ​មធ្យោបាយ​ជំរុញ​កាលា​នុ​វត្ត​ភាព​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា ចិន និង​ហុងកុង។​

​កិច្ចប្រជុំ​កំពូល​នេះ ត្រូវបាន​សហការ​រៀប​ចំ​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ចិន​នៃ​ទីក្រុង​សិន​ជិន និង​វិទ្យាស្ថាន​យុទ្ធសាស្ត្រ KSI ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​មាន​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​នៃ​ប្រទេស​ម៉ាឡេស៊ី និង​ចិន រួម​​ទាំង​សហគ្រិន ក្រុម​អ្នក​ស្រាវ​ជ្រាវ ក្រុម​អ្នកជំនាញ​បច្ចេក​​វិទ្យា និង​តំណាង​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់ មកពី​ហុងកុង ឥណ្ឌូនេស៊ី ថៃ មី​យ៉ាន់​ម៉ា អូស្ត្រាលី និង​កាណាដា ក៏ដូចជា​ភ្ញៀវកិត្តិយស​ពី​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​សរុប​ប្រមាណ​ជាង ៤០០​ នាក់​៕