ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារវីង ដើម្បីជួយកសិករ សហគមន៍ និងអ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពល ក្នុងការជួយជំរុញអភិវឌ្ឍវិស័យកសិកម្មឱ្យបានមួយកម្រិតទៀតតាមរយៈការផ្តល់ជូនឥណទាន ដែលមានការប្រាក់ទាបបំផុតមិនធ្លាប់មាន។ កម្មវិធីនេះបានធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម អគារផ្ការំដួល សាលសែនពិដោរ នៅរសៀលថ្ងៃទី ១៤ ខែវិច្ឆិកា។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ធនាគារវីងមានការយោគយល់ក្នុងការជួយដល់ប្រជាកសិករ និងសហគមន៍ ដោយរៀបចំឱ្យមានការផ្តល់ជូនឥណទានដែលមានការប្រាក់ទាបចន្លោះរង្វង់ពី ៧ ទៅ ៨ ភាគរយក្នុង ១ ឆ្នាំ ដោយមិនគិតពីសេវាកម្រៃផ្សេងៗអ្វីទាំងអស់ ហើយកញ្ចប់ដែល
ធនាគារវីងបានផ្តល់ជូនសម្រាប់កម្ចីឥណទានក្នុងជំហានដំបូងនេះមានថវិកា ៥ លានដុល្លារសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «ក្នុងកញ្ចប់ថវិកា ៥ លានដុល្លារ ដែលធនាគារវីងបានដាក់នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នានេះ កម្រិតត្រឹមតែ ៧ ទៅ ៨ ភាគរយក្នុង ១ ឆ្នាំ គឺជាការផ្តល់សម្បទានមួយយ៉ាងធំ។ ខ្ញុំសង្ឃឹមថា ក្នុងថ្ងៃនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មី ដើម្បីឱ្យសហគ្រាសមីក្រូហិរញ្ញវត្ថុ ឬធនាគារផ្សេងៗទៀតអាចគិតគូរពិចារណាក្នុងការដើរតាមគំរូធនាគារវីងនេះ ក្នុងការជួយជ្រោមជ្រែងដល់កសិករយើងនិងសហគ្រាសថែមទៀត»។
លោករដ្ឋមន្ត្រីលើកឡើងថា អ្នកមានតម្រូវការឥណទានមានច្រើន ដើម្បីយកទៅវិនិយោគបន្ថែម ឬត្រូវការជាទុនបង្វិលសម្រាប់ធ្វើយ៉ាងណាដោះស្រាយទិញកសិផល ឬវិនិយោគលើការដាំដុះឱ្យទាន់ពេលវេលាក្នុងរដូវដាំដុះនីមួយៗ។ ក្នុងន័យនេះ ក្រសួងកសិកម្ម នឹងធ្វើការងារបន្តទៀតជាមួយធនាគារវីង ពិនិត្យមើលកសិករ សហគមន៍ ឬសហគ្រាសធុនតូច និងមធ្យមណាដែលមានសក្តានុពលក្នុងការយកកម្ចីនេះទៅធ្វើការអភិវឌ្ឍឱ្យមានការរីកចម្រើន។
លោក គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីង ថ្លែងថា ការចុះអនុស្សរណៈនៃការយោគយល់ថ្ងៃនេះគោលបំណងសំខាន់គឺផ្តល់ឥណទានជូនកសិករ ដើម្បីជំរុញការងារវិនិយោគនៃកសិកម្ម។ លោកថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងអាណត្តិទី៧ នេះ គឺមានការជំរុញការអភិវឌ្ឍសមត្ថភាពកសិករ
បង្កើនផលិតផលកសិកម្មដែលមានគុណភាពសំដៅជំរុញកំណើនការនាំចេញបន្ថែមទៀតទៅកាន់ប្រទេសផ្សេងៗ។
លោកថ្លែងថា៖ «ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រមុតស្រួចជាទីបំផុត ដើម្បីធ្វើយ៉ាងណាឱ្យការវិនិយោគរបស់យើង កាន់តែមានការរីកចម្រើន ធ្វើយ៉ាងណាកែសម្រួលបរិយាកាសវិនិយោគឱ្យបានជោគជ័យដើម្បីយើងមិនមែនប្រកួតនៅក្នុងស្រុកទេគឺប្រកួតក្រៅស្រុករបស់យើងបាន»។
លោក គិត ម៉េង ឱ្យដឹងថា បច្ចុប្បន្នធនាគារវីង មានអតិថិជនសរុប ១៧ លាននាក់ ដែលប្រតិបត្តិក្នុងចរន្តប្រព័ន្ធធនាគារនេះ។ជាមួយគ្នានោះធនាគារ វីងក៏មានអាខោន (គណនី) ចំនួន ៩ លាន ដែលបានចុះបញ្ជីសហការជាមួយប្រព័ន្ធធនាគារ វីង។
លោក ឈឺន ផាតំណាង សហគមន៍កសិកម្មសុវណ្ណភូមិ បានសម្តែងការគាំទ្រចំពោះការបង្កើតឱ្យមានកម្ចីឥណទាន ដែលមានការប្រាក់ទាបដែលមិនធ្លាប់មានបែបនេះសម្រាប់កសិករ និងសហគមន៍។ លោកសង្ឃឹមថា នឹងមានធនាគារជាច្រើនទៀតនៅក្នុងប្រទេស អនុវត្តទៅតាមគោលការណ៍ដូចធនាគារវីង។
លោកថ្លែងថា៖ «ដោយសារធនាគារវីងគាត់មានអត្រាការប្រាក់ទាបហើយគាត់ឱ្យសហគមន៍ខ្ចីអ៊ីចឹងធ្វើឱ្យប្រជាជនយើងមានការរីកចម្រើន ព្រោះការប្រាក់វាទាប ៧ ទៅ ៨ ភាគរយ ក្នុង ១ ឆ្នាំមានន័យថា ទាបមែនទែន នៅស្រុកខ្មែរអត់ទាន់មានទេមានតែ ១០ ទៅ ១២ ភាគរយ ក្នុង ១ ឆ្នាំ អ៊ីចឹងសង្ឃឹមថាកសិករយើងនឹងមានសង្ឃឹមទៅថ្ងៃអនាគតក្នុងការបង្កើនមុខរបរនិងផលិតកម្មផ្សេងៗ»៕