ភ្នំពេញៈ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បាននិងកំពុងបើកព្រឹត្តិការណ៍ «សប្តាហ៍ម្ហូបអាហារអាមេរិក» ជាលើកដំបូងក្នុងរយៈពេល ១ សប្ដាហ៍ នៅរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មរបស់ខ្លួនទៅដល់ប្រជាជន និងអ្នកបើកអាជីវកម្មខាងធ្វើម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះ បានចាប់ផ្ដើមពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយមានភោជនីយដ្ឋានរបស់អាមេរិកចំនួន ១៥ ហាង ចូលរួមផ្តល់នូវជម្រើសម្ហូបអាហារដ៏គួរឱ្យទាក់ទាញជាច្រើន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក W. Patrick Murphy ឯកអគ្គរាជទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននោះថា «សប្តាហ៍ម្ហូបអាហារអាមេរិកគឺជាឧទាហរណ៍មួយនៃសកម្មភាពទីផ្សារជាច្រើនដែលក្រសួងកសិកម្មអាមេរិកធ្វើនៅជុំវិញពិភពលោកដើម្បីណែនាំអ្នកប្រើប្រាស់ឱ្យស្គាល់អាហារអាមេរិកដែលមានគុណភាពខ្ពស់ មានជីវជាតិ និងសុវត្ថិភាព»។
លោកបានបន្តថា ទំនាក់ទំនងពាណិជ្ជកម្មកសិកម្មរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តមានភាពរីកចម្រើន ខណៈដែលការនាំចេញសាច់គោពីសហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាបានកើនឡើង ១៣០ ភាគរយពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកដដែលបានបញ្ជាក់ថា សប្តាហ៍ម្ហូបអាហារអាមេរិកនេះ នឹងឈានដល់ការពង្រីកនៃផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ពីសហរដ្ឋអាមេរិកនៅក្នុងទីផ្សារបដិសណ្ឋារកិច្ចផងដែរ។
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ១៣ ខែវិច្ឆិកាថា៖ «តោះញ៉ាំ! ជាមួយសិស្សហាត់ការរបស់យើងនៅស្ថានទូតអាមេរិកដោយគេរីករាយក្នុងការណែនាំ Burger សាច់គោអាមេរិក និងឆ្អឹងជំនីរខ្ចីនៅក្នុងសប្តាហ៍ផ្សព្វផ្សាយភោជនីយដ្ឋានអាមេរិក»។
លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងនៅថ្ងៃទី ១៤ ខែវិច្ឆិកាថា នេះជាព្រឹត្តិការណ៍មួយដ៏ល្អ ពីព្រោះវិស័យម្ហូបអាហារ ជាផ្នែកមួយក្នុងការទាក់ទាញអ្នកទេសចរ។
លោកបានបន្តថា ជាពិសេសគឺជាការទាក់ទាញអ្នកទេសចរជនជាតិអាមេរិក ក៏ដូចជា អ្នកទេសចរផ្សេងៗទៀត ដែលចង់ភ្លក់រសជាតិម្ហូបអាហាររបស់អាមេរិក ខណៈពួកគាត់កំពុងមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
លោក តុប សុភ័ក បានបញ្ជាក់ទៀតថា៖ «អ៊ីចឹងជារួម ខ្ញុំគិតថា ព្រឹត្តិការណ៍នេះ វាជាការរួមចំណែកមួយផ្នែកក្នុងវិស័យម្ហូបអាហារដើម្បីជាការទាក់ទាញអ្នកទេសចរជនជាតិអាមេរិកផង ក៏ដូចជាអ្នកទេសចរមកពីប្រទេសផ្សេងទៀតដែរ»៕