ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ទេសចរណ៍ ដើម្បីបន្សាបដំណឹងមិនល្អ និងចំណុចអវិជ្ជមាននៃបញ្ហាសន្តិសុខរបស់កម្ពុជា ខណៈរដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពពង្រឹងវិស័យទេសចរណ៍។
ការស្នើនេះធ្វើឡើងនាវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាវិមានសន្តិភាព។ លោកលើកឡើងថា ថ្វីដ្បិតតែចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅកម្ពុជានាពេលបច្ចុប្បន្នមានការកើនឡើងបន្តិចមែន ប៉ុន្តែមិនទាន់មានស្ថានភាពល្អដូចអំឡុងមុនពេលកូវីដ ១៩ នោះទេ។
លោកថ្លែងថា៖ «យើងត្រូវរៀបចំជាយន្តការជាគណៈកម្មការរៀបចំ ជាសកម្មភាពជាក់ស្តែងក្រៅតែពីលើក្រដាស។ យើងត្រូវរៀបចំផ្ទះយើងឱ្យបានល្អឱ្យបានរៀបរយ មុនពេលហៅគេមក បើសិនយើងរៀបចំផ្ទះយើងមិនបានល្អទេ គេមកហើយ ថ្ងៃក្រោយគេអាចប្រាប់គ្នាគេឱ្យលែងមកទៀត»។
ក្រៅពីនេះ ក្នុងវិធានជំរុញវិស័យទេសចរណ៍ រដ្ឋាភិបាលនឹងដាក់ចេញ «យុទ្ធសាស្ត្រទស្សនាសៀមរាបឆ្នាំ ២០២៤» ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាឆ្អឹងខ្នងនៃវិស័យទេសចរណ៍របស់កម្ពុជា។ ក្នុងន័យនេះ មិនមែនរដ្ឋាភិបាលខ្វល់ខ្វាយតែខេត្តសៀមរាបទេ ប៉ុន្តែជាគំរូសម្រាប់ខេត្តដទៃទៀត។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា រដ្ឋាភិបាលជ្រើសរើសយកខេត្តសៀមរាបជាអភិក្រមមកអភិវឌ្ឍវិស័យទេសចរណ៍មុនគេ បើសិនជាអាចអនុវត្តបានជោគជ័យមានន័យថា ជាការបើកផ្លូវអាទិភាពអភិវឌ្ឍវិស័យទេសចរណ៍នៅបណ្តាខេត្តផ្សេងៗសម្រាប់ក្របខ័ណ្ឌទូទាំងប្រទេសបាន។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «ទាំងរដ្ឋាភិបាល និងវិស័យឯកជនត្រូវខិតខំរួមគ្នាក្នុងការលើកកម្ពស់វិស័យទេសចរណ៍នេះហើយរដ្ឋាភិបាលនឹងគិតគូរសម្របសម្រួលតម្លៃសេវាកម្មទេសចរណ៍,ការតភ្ជាប់ជើងហោះហើរ, បន្ធូរបន្ថយពន្ធលើវិស័យទេសចរណ៍,ផ្តល់កម្ចីក្នុងទំហំ ៥០ លានដុល្លារដល់ប្រតិបត្តិករទេសចរណ៍ជាដើម»។
ជាមួយគ្នានេះលោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជា បានសម្តែងការគាំទ្រទៅលើវិធានការដែលរដ្ឋាភិបាលគ្រោងអនុវត្តដើម្បីជំរុញវិស័យទេសចរណ៍ ខណៈការជ្រើសយកខេត្តសៀមរាបជាខេត្តគំរូមុនគេ ដោយលោកថា ការពង្រឹងវិស័យនេះនឹងផ្តល់សារៈប្រយោជន៍ទាំងវិស័យឯកជនផ្ទាល់ និងរដ្ឋាភិបាល។
លោកហូ វណ្ឌី ថ្លែងថា៖ «វាចំណេញដល់យើងទាំងអស់គ្នា ទាំងវិស័យឯកជនរកស៊ីក្នុងផ្នែកទេសចរណ៍ ទាំងរដ្ឋាភិបាល។ ក្នុងកិច្ចការនេះយើងចង់ឱ្យរដ្ឋាភិបាលមានគំរូផែនការមួយដើម្បីដាក់លើតុឱ្យវិស័យពាក់ព័ន្ធនានាមកជជែកគ្នា ដើម្បីយកទៅអនុវត្ត»។
លោកបន្ថែមថា វិធានការដែលប្រមុខរដ្ឋាភិបាលលើកឡើងនឹងជួយស្តារវិស័យទេសចរណ៍កម្ពុជា តែជាជំហានដំបូង ត្រូវមានការចូលរួមពីវិស័យឯកជន និងរដ្ឋាភិបាល ដោយមានផែនការគំរូដាក់ចេញណាមួយយកមកអនុវត្តជាក់ស្តែង។
លោកក៏បានអំពាវនាវឱ្យអាជីវករ និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍ចូលរួមអនុវត្តទៅតាមការណែនាំរបស់រដ្ឋាភិបាលជាពិសេសប្រជាពលរដ្ឋនានាត្រូវថែរក្សាសណ្តាប់ធ្នាប់ អនាម័យក្នុងប្រទេសដើម្បីផ្តល់ភាពអំណោយផលដល់វិស័យទេសចរណ៍ជាតិ។
ជាមួយគ្នានេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា វិស័យទេសចរណ៍ពឹងផ្អែកសំខាន់ទៅលើផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ ខណៈវិស័យនេះមានភាពផុយស្រួយខ្លាំងនៅពេលកើតមានអសន្តិសុខជួនចំពេលកន្លងមកកម្ពុជាលេចឮការផ្សព្វផ្សាយមិនល្អពីបញ្ហាសន្តិសុខជាតិ។
លោកថ្លែងថា៖ «កត្តារាំងស្ទះដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជារួមមាន៖ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់, បញ្ហាផលិតផលទេសចរណ៍ដែលយើងមានតែបែបវប្បធម៌ និងធម្មជាតិ មិនទាន់មានទេសចរណ៍កែច្នៃផ្សេងៗទៀត ដែលនាំឱ្យមានភាពសម្បូរបែប, បញ្ហាមិនមានសុចរិតភាព របស់អាជីវករ និងអ្នកផ្តល់សេវាទេសចរណ៍និងបញ្ហាការមិនមានប្រក្រតីភាពនៅច្រកចេញ-ចូលអន្តរជាតិដែលមានការយកលុយក្រៅសេវា ជាដើម»។
លោក យង់ ពៅ បន្តថា រដ្ឋាភិបាលគួរពង្រឹងផ្នែកការទូតទេសចរណ៍ ដែលគួរមានការរៀបចំបង្ហាញផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជានៅក្រៅប្រទេសដើម្បីឱ្យគេកាន់តែស្គាល់កម្ពុជា។ រៀបចំ និងចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ជាពិសេសការផ្សព្វផ្សាយពីស្ថានភាពសន្តិសុខ។ រដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើកញ្ចប់សេវាទេសចរណ៍ ត្រូវធានាទៅលើតម្លៃផងដែរ៕