ភ្នំពេញៈ សហភាពអឺរ៉ុប (EU) និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានគាំទ្រលើការកែលម្អឱ្យមានទំនើបកម្មលើកម្មវិធីសិក្សានៅកម្រិតសាកលវិទ្យាល័យនៅកម្ពុជា ពាក់ព័ន្ធផ្នែកជលផលឱ្យសមស្របតាមសភាពការណ៍ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងក្នុងវិស័យជលផលមានលទ្ធភាពអាចដោះស្រាយបញ្ហាប្រឈមក្នុងផ្នែកនេះ ដែលកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។
ការលើកឡើងរបស់ EU និង FAO នេះធ្វើឡើងតាមរយៈសិក្ខាសាលាស្តីអំពីការត្រួតពិនិត្យកម្មវិធីវិទ្យាសាស្រ្តជលផល ក្នុងខេត្តសៀមរាបចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមពីរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី១៤ ខែវិច្ឆិកា បានឱ្យដឹងថា អង្គារ FAO និងរដ្ឋបាលជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការគាំទ្រទៅលើការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រជលផលជាបន្តបន្ទាប់ជាមួយ សាកលវិទ្យាល័យចំនួន ៤ ដើម្បីកែលម្អការអប់រំផ្នែកជលផលនៅកម្ពុជា។
សាកលវិទ្យាល័យទាំង ៤ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ក្រៅពីការពង្រឹងសមត្ថភាពស្ថាប័នលើការអប់រំផ្នែកជលផល កម្មវិធីនេះក៏នឹងធានាបានថា និស្សិតដែលសិក្សានៅសាកលវិទ្យាល័យត្រូវទទួលបានចំណេះដឹង ជំនាញ ក៏ដូចជាសមត្ថភាពដែលសមស្របបំផុតទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងសិក្ខាសាលានោះដែរ លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានលើកឡើងថា៖ «យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យ ដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយពិនិត្យ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាផ្នែកជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារការងារក្នុងស្រុក តំបន់ និងអន្ដរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល។
លោក ហែម វីរៈ នាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ក៏បានថ្លែងស្វាគមន៍ចំពោះការគាំទ្រដ៏ពិសេសលើការកែលម្អ និងអភិវឌ្ឍន៍កម្មវិធីសិក្សា តាមរយៈការសម្របសម្រួលពិគ្រោះយោបល់ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យផ្សេងៗផងដែរ។
ចំណែកអ្នកស្រី ផេន សុវត្ថិឌី ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យ វិទ្យាសាស្ត្រព្រៃឈើ ជលផល និងបរិស្ថាននៃវិទ្យាស្ថានជាតិកសិកម្ម ព្រែកលៀប ក៏បានស្វាគមន៍ចំពោះការគាំទ្រផងដែរ។
អ្នកស្រី បានមានប្រសាសន៍ថា ៖ «វាជាលើកទី១ ហើយ ដែលកម្មវិធីសិក្សាផ្នែកជលផលត្រូវបានរៀបចំដោយមានការសម្របសម្រួលរវាងសាកលវិទ្យាល័យទាំងបួនដូចនេះ»។
ក្នុងអំឡុងពេលសិក្ខាសាលា ព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ៗបានធ្វើការវាយតម្លៃលម្អិតពីលទ្ធផលរំពឹងទុកនៃមេរៀនសិក្សាសម្រាប់មុខវិជ្ជាជលផល ដើម្បីធ្វើឱ្យកាន់តែពាក់ព័ន្ធទៅនឹងតម្រូវការនៃវិស័យនេះ និងតម្រូវការរបស់ឧស្សាហកម្ម។
សិក្ខាសាលាផ្តួចផ្តើមដំបូងនេះរៀបចំឡើងនៅខេត្តសៀមរាបដែលមានការចូលរួមពីតំណាង មកពីស្ថាប័ន រាជរដ្ឋាភិបាល និងសាកលវិទ្យាល័យចំនួន៤ ចំនួន៣០នាក់។
សូមបញ្ជាក់ដែរថា អង្គការ FAO កំពុងគាំទ្រកម្មវិធីការផ្លាស់ប្ដូរបទពិសោធន៍ រវាងរដ្ឋបាលជលផល និងសាកលវិទ្យាល័យទាំង ៤ ផងដែរ ដោយបញ្ជូននិស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្រឆ្នាំទី៤ ទៅហាត់ការនៅខណ្ឌរដ្ឋបាលជលផលចំនួន ២០ ខេត្ត-ក្រុង ទូទាំងប្រទេស។
ខណ្ឌរដ្ឋបាលជលផលទទួលនិស្សិតចុះសិក្សាស្រាវជ្រាវ សម្រាប់រយៈពេល ៦ ខែ ដោយធ្វើនិក្ខេបបទស្រាវជ្រាវ លើប្រធានបទដែលពាក់ព័ន្ធទៅនឹងការងាររបស់ខណ្ឌរដ្ឋបាលជលផល។ បន្ទាប់មក និស្សិតចំណាយពេល៦ខែទៀតចុះហាត់ការ ដើម្បីជួយការងារនៅខណ្ឌរដ្ឋបាលជលផល ពាក់ព័ន្ធការគ្រប់គ្រង ដោយទទួលបានបទពិសោធន៍ការងារវិជ្ជាជីរៈបន្ថែមទៀត៕