ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) បានបើកការដ្ឋានសាងសង់ក្នុងតំបន់ព្រៃចម្ការពូជគ្រញូងសម្រាប់គម្រោងស្តីពី «ការបង្កើតព្រៃលម្ហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ» ស្ថិតក្នុងតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើបន្ទាយស្រីនាខេត្តសៀមរាប ដើម្បីលើកកម្ពស់សេវាកម្មវិស័យទេសចរណ៍ និងអប់រំពីសារៈខាន់ព្រៃឈើ និងជីវចម្រុះដល់ពលរដ្ឋ។
យោងតាមហ្វេសប៊ុករបស់រដ្ឋបាលព្រៃឈើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា តាមរយៈការអនុវត្តគម្រោងនេះ នឹងបង្កើនឱកាសការងារ ការលើកកម្ពស់សេវាកម្មទេសចរណ៍ តាមរយៈព្រៃលម្ហែធម្មជាតិ ការលើកកម្ពស់សុខុមាលភាពរបស់មនុស្ស និងការលើកកម្ពស់ កម្មវិធីអប់រំផងដែរ។
លោកបានបន្តថា ជាពិសេសជួយបង្កើនសមត្ថភាពយល់ដឹងស្តីពីការស្តារព្រៃឈើឡើងវិញ និងការអភិរក្សជីវចម្រុះ ដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅតំបន់ ដែលមកទស្សនា និងសម្រាកលម្ហែផងដែរ។
លោក អ៊ុង សំអាត បានបញ្ជាក់ថា៖ «ការសាងសង់សមិទ្ធផលថ្មីដែលនឹងលេចចេញរូបរាងនាពេលខាងមុខនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារនិងថែរក្សាព្រៃឈើ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ»។
នាពិធីនោះដែរ អនុរដ្ឋមន្ត្រីស្ថាប័នសេវាកម្មព្រៃឈើកូរ៉េ (KFS) លោក LIM Sang-seop បានសម្ដែងសេចក្តីអំណរសាទរយ៉ាងជ្រាលជ្រៅ ចំពោះការរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងតំបន់ព្រៃចម្ការពូជគ្រញូងសម្រាប់ការបង្កើតព្រៃលម្ហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ នាពេលនេះ។
លោកបានថ្លែងថា៖ «គម្រោងនេះគឺជានិមិត្តរូបបង្ហាញពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការព្រៃឈើរវាងកូរ៉េនិងកម្ពុជា ហើយយើងប្តេជ្ញាធានាដំណើរការប្រតិបត្តិ និងបញ្ចប់គម្រោងនេះឱ្យទទួលបានជោគជ័យ»។
ជាមួយគ្នានោះដែរ លោក Jin Sunpilនាយកប្រតិបត្តិរងនៃអង្គការសហប្រតិបត្តិព្រៃឈើអាស៊ី (AFoCO) បានលើកឡើង ថា គម្រោងព្រៃលម្ហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ នេះធ្វើឡើងក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាពធន់ រឹងមាំ និងនិរន្តរភាព ដោយរក្សាបានការថែទាំដី ធនធានធម្មជាតិនិងជីវចម្រុះ ដែលជាមូលដ្ឋានគ្រឹះនៃផលិតកម្មសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក Jin Sunpil សង្កត់ធ្ងន់ថា៖«យុទ្ធសាស្ត្រនេះ គឺជាឧទាហរណ៍នៃវិធីសាស្ត្ររួមមួយ ចំពោះការអភិរក្សព្រៃឈើ និងបរិស្ថានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដោយមិនត្រឹមតែដោះស្រាយបញ្ហាបរិស្ថានប៉ុណ្ណោះទេ ថែមទាំងសុខុមាលភាពសេដ្ឋកិច្ចសង្គមរបស់សហគមន៍មូលដ្ឋានផងដែរ។ វាពិតជាគួរឱ្យរំភើបចិត្តក្នុងការឃើញភាពស្របគ្នារបស់គម្រោងជាមួយនឹងគោលដៅសំខាន់ៗរបស់កម្ពុជា»។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក៏បានថ្លែងដោយបានលើកឡើងពីគោលបំណងសំខាន់ៗនៃការរៀបចំគម្រោងនេះផងដែរ ក្នុងនោះរួមមានចំណុចធំៗ ៤ ដូចជា៖ ទី១- លើកកម្ពស់សេវាកម្មទេសចរណ៍ និងព្រៃលម្ហែធម្មជាតិក្នុងប្រទេសកម្ពុជា, ២- ការលើកកម្ពស់សុខុមាលភាពរបស់មនុស្ស ការអភិរក្សនិងការពារប្រភេទដើមឈើ និងរុក្ខជាតិដែលរងការគំរាមកំហែង។
លោកបន្តថា ចំណុចទី៣-គឺការលើកកម្ពស់កម្មវិធីអប់រំ និងការយល់ដឹងស្តីពីការស្តារព្រៃឈើឡើងវិញ ការអភិរក្សជីវច ម្រុះ និងការចែករំលែកចំណេះដឹងនៅក្នុងតំបន់ និងចុងក្រោយ ៤-ការអភិវឌ្ឍទំនាក់ទំនងទីផ្សារទេសចរណ៍ និងការរៀបចំផែនការ ហិរញ្ញវត្ថុឱ្យមាននិរន្តរភាព ដើម្បីទ្រទ្រង់ដំណើរការរបស់ព្រៃលម្ហែធម្មជាតិ និងសួនអាស៊ាន-កូរ៉េក្នុងរយៈពេលវែង៕