ភ្នំពេញៈ ​កាកបាទក្រហមកម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាន​បន្ត​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង​ពី​ជំងឺអេដស៍ ទៅកាន់​សិស្ស​-​និស្សិត ដើម្បី​ឈាន​ឆ្ពោះទៅ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ២០២៣ ក្រោម​ប្រធានបទ «​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​»​។

​លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ថ្លែង​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា នាឱកាស​លោកស្រី​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ ប្រមាណ ៣៦០ ​នាក់ ថា វគ្គ​ផ្សព្វផ្សាយ​នេះ​គឺជា​ដំណើរ​ឈានឆ្ពោះ​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ២០២៣ ក្រោម​ប្រធានបទ «​សហគមន៍​តែមួយ ដឹកនាំ​ឆ្ពោះទៅ​បញ្ចប់​ជំងឺអេដស៍​»​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​កាកបាទក្រហមកម្ពុជា លោកស្រី​បានលើកឡើង​ទៀតថា វគ្គ​ផ្សព្វផ្សាយ​នេះ ត្រូវបាន​កាកបាទក្រហម​កម្ពុជា និង​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ បាននិងកំពុង​ចុះ​អនុវត្ត​នៅតាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។

​លោកស្រី​ថ្លែងថា​៖ «​ការងារ​អប់រំ​ផ្សព្វផ្សាយ​នេះ​ដើរតួនាទី​យ៉ាងសំខាន់​​ ក្នុងនោះ​មានការ​អប់រំ​ផ្សព្វផ្សាយ​ខាង​ផ្នែក​សុខភាព​ស្ត្រី​និង​កុមារ សុខភាព​មនុស្ស​ចាស់ ជំងឺឆ្លង​រាតត្បាត​នានា ជំងឺមហារីក​សុដន់ ជំងឺមហារីក​មាត់ស្បូន និង​ជាពិសេស​បញ្ហា ជំងឺអេដស៍​កាមរោគ​សុខភាព​ផ្លូវភេទ និង​ការថែទាំ​សុខភាព​បឋម​»​។​

​លោកស្រី ​ម៉ែន នារី​សោ​ភ័គ បាន​បន្តថា​៖ «​គោលបំណង​ដែល​យើង​ជ្រើសរើស​យុវជន​ ក្នុង​វគ្គ​ផ្សព្វផ្សាយ​នេះ ដោយហេតុ​ផល​ថា យុវជន​ជា​ទំពាំង​ស្នង​ឫស្សី យុវជន​ជា​អ្នក​បន្តវេន ហើយ​ដែល​បញ្ហា​នៃ​ការឆ្លង​មេរោគ​អេដស៍​នេះ ភាគច្រើន​កើតឡើង​ក្នុងចំណោម​យុវជន​។ ដូច្នេះ​យុវជន​ត្រូវ​លើកកម្ពស់​ការយល់ដឹង​ដើម្បី​បង្ការ​ខ្លួន​ពី​មេរោគ​អេដស៍​»​។

​លោកស្រី​ក៏បាន​បង្ហាញ​ពី​ការជឿជាក់​ផងដែរ​ថា ចំណេះដឹង​ដែល​បានផ្តល់​ជូន​សិស្ស​-​និស្សិត​នាពេលនេះ ពិតជា​មានគុណ​តម្លៃ ហើយ​ពួកគេ​នឹង​ក្លាយជា​មិត្ត​អប់រំ​មិត្ត​ដ៏​ល្អ គឺជា​គំរូ​សម្រាប់ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ​ដទៃទៀត និង​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​។​

​លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​ថា ការចូលរួម​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ក៏ដូចជា​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ពី​ជំងឺអេដស៍​ទៅដល់​សិស្ស​-​និស្សិត វា​ពិតជា​ល្អ​មែនទែន​។ ទន្ទឹមនឹងនេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ក៏​កំពុងធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺអេដស៍ ខណៈដែល​ស្ថានភាព​ជំងឺអេដស៍​បច្ចុប្បន្ននេះ ទទួលបាន​លទ្ធផល​ជោគជ័យ​ជា​បន្តបន្ទាប់​ទាំង​ថ្នាក់ជាតិ ថ្នាក់​តំបន់ ហើយ​និង​អន្តរជាតិ​។​

​ស្រប​ពេលដែល​ទទួលបាន​ផល​ជោគជ័យ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ក៏មាន​ឧបសគ្គ​រាំងស្ទះ​ខ្លះ​លើ​ការងារ​នេះ​ផងដែរ ក្នុងនោះ​ទាក់ទង​លើ​ក្រុម​ប្រជាជន​គន្លឹះ​រួមមាន​៖ ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ក្រុម​អ្នកប្រើប្រាស់ និង​ចាក់​គ្រឿងញៀន ក្រុម​ស្ត្រី​បម្រើ​ការងារ​ក្នុង​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ និង​ក្រុម​យុវវ័យ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ផងដែរ​។ លោក ឈឹម ឃិន​ដា​រ៉េត បាន​បន្ថែម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​ការជំរុញ​ការផ្សព្វផ្សាយ​ឱ្យមាន​ការយល់ដឹង​ពី​ជំងឺអេដស៍ វា​ជា​រឿង​ធំ ទៅកាន់​ស្រទាប់​យុវវ័យ​របស់​យើង ខណៈដែល​គោលដៅ​សកម្មភាព​របស់​យើង ក៏​នឹងធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​ជំងឺអេដស៍​នៅ​គ្រប់​កម្មវិធី​បុណ្យជាតិ​ធំៗ​ដែរ​»​។​

​លោក​បន្ថែមថា សកម្មភាព​ផ្សព្វផ្សាយ​របស់​កាកបាទ​ក្រហម​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត គឺជា​ការរួមចំណែក​បោះ​ជំហាន​មួយ​ឆ្ពោះទៅកាន់​គោលដៅ​បញ្ចប់​ជំងឺអេដស៍​ត្រឹម​ឆ្នាំ​២០២៥​។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ជាតិ​ប្រឆាំងនឹង​ជំងឺអេដស៍ បានឱ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០២២ កម្ពុ​ជាមាន​មនុស្ស​ប្រមាណ ៧៦០០០​ នាក់ កំពុង​ផ្ទុកមេរោគ​អេដស៍ ក្នុងនោះ ៧៤ ០០០​ នាក់ ជា​មនុស្សពេញវ័យ ដែលមាន​អាយុ​ចាប់ពី ១៥ ​ឆ្នាំ​ ឡើងទៅ និង​ប្រហែលជា ២ ០០០​ នាក់ ជា​កុមារ​។ 

​ប្រភព​ដដែល​បន្តថា ក្នុងចំណោម​មនុស្ស​ប្រមាណ ៧៦ ០០០​ នាក់​នោះ​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ៤០០​ នាក់ បើ​គិត​ក្នុង ​១​ ថ្ងៃ​មាន​អ្នក​ឆ្លង​ជំងឺអេដស៍​ចំនួន ៤​ នាក់​៕