ភ្នំពេញៈ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជាបានណែនាំដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រង ដើម្បីចូលរួមចំណែកឱ្យសមាគមមិត្តនគរបាលជាតិកម្ពុជា មានដំណើរការល្អប្រកបដោយប្រសិទ្ធភាព និងបង្កើនទំនុកចិត្ត។
លោក ស សុខា បានថ្លែងថា សមាគមមិត្តនគរបាលជាតិកម្ពុជា បានដំណើរការរយៈពេល ៤ អាណត្តិរួចមកហើយ ដោយទទួលបានជោគជ័យគួរជាទីមោទន និងមិនអាចកាត់ថ្លៃបានពីការខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំនៅក្នុងគណៈកម្មាធិការកណ្ដាល គណៈកម្មការមូលដ្ឋាន និងសមាជិក សមាជិក និងក្រុមគ្រួសារសមាគម។
លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមខ្លឹមសារនៃមហាសន្និបាត ដែលបានផ្សព្វផ្សាយតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាមួយនឹងសមិទ្ធផលទាំងនេះលោកបានណែនាំបន្ថែមដល់ថ្នាក់ដឹកនាំសមាគមទាំងអស់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់គ្រង និងបំពេញរាល់ចំណុចខ្វះខាតដែលកើតមាននាពេលកន្លងមក ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់របស់សមាជិកប្រមាណជាង ៧ ម៉ឺននាក់ នាពេលបច្ចុប្បន្ននេះ។
លោក ស សុខា ថ្លែងថា៖«សមាគមមិត្តនគរបាលជាតិកម្ពុជា មានការរីកចម្រើនជាបន្ដបន្ទាប់ទាំងបរិមាណ និងគុណភាពពី១អាណត្តិ ទៅ ១ អាណត្តិ ដែលបច្ចុប្បន្ននេះសមាគមមានសមាជិក ចំនួន ៧៨ ០៦៩ នាក់ ដោយឡែកថវិកាដែលនៅសល់ប្រមាណជាង ១៨ ពាន់លានរៀល ដែលជាចំនួនគួរឱ្យកត់សម្គាល់អាចធ្វើឱ្យសមាគមមានលទ្ធភាពពង្រឹងសមត្ថភាព ជួយសមាជិកកាន់តែល្អប្រសើរបន្ថែមទៀត»។
ដើម្បីចូលរួមចំណែកឱ្សសមាគមមិត្តនគរបាលជាតិកម្ពុជា មានដំណើរការល្អប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត លោកប្រធានកិត្តិយស បានស្នើដល់គណៈកម្មាធិការកណ្ដាលថ្មី ត្រូវមានវិធីប្រជុំជាកំណត់មួយពេញលេញច្បាស់លាស់ ដើម្បីពិនិត្យលើការដឹកនាំដោះស្រាយបញ្ហាដែលកើតឡើងទាន់ពេលវេលា ព្រមទាំងចង្អុលដឹកនាំគណៈកម្មការមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
លោកសង្កត់ធ្ងន់ថា កន្លងមកគណៈកម្មការតាមមូលដ្ឋានបានអនុវត្តល្អរួចមកហើយ ប៉ុន្ដែការងារមួយចំនួនអ្វីដែលលោកសង្កេតឃើញផ្ទាល់ គឺមានមន្ដ្រីមួយចំនួននៅថ្នាក់ក្រោមជាតិ មិនបានបំពេញកាតព្វកិច្ចអ្វីដែលប្រគល់ជូន។
លោកបន្តថា ជាពិសេសក្នុងការសម្របសម្រួលក្នុងពិធីបុណ្យសពជូនដល់មន្ដ្រី ដូចនេះលោកទទូចឱ្យសមាគមពិនិត្យលើការងារ ពិសេសស្នើគណៈកម្មាធិការអាណត្តិថ្មីនេះ ពិចារណាក្នុងការបង្កើតក្រុមការងារអនុវត្តន៍កិច្ចការដែលនៅសេសសល់។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា៖«ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា មានគ្រប់គ្រាន់ប៉ុន្ដែការបើក និងផ្ដល់ប្រាក់ឧបត្ថម្ភជូនក្រុមគ្រួសារសពដែលជាសមាជិក នៃសមាគមមានការយឺតយ៉ាវ ពេលខ្លះមានរយៈពេល ១ ខែ ពេលខ្លះមានរហូតដល់ ២ ខែ ដូច្នេះការងារនេះឯកឧត្តមសូមស្នើឱ្យប្រធានថ្មី មេត្តាពិនិត្យរបៀបរបបនីតិវិធីនៃការស្នើសុំយ៉ាងយូរក្រោម ១២ ថ្ងៃ នៃថ្ងៃធ្វើការ ដែលជាវេលាមួយសមរម្យ»។
ជាមួយគ្នានោះដែរ លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជាបានសម្តែងការកោតសរសើរ និងលើកទឹកចិត្តចំពោះកងកម្លាំងនគរបាលជាតិកម្ពុជា ដែលជានិច្ចកាលបានខិតខំព្យាយាមជម្នះរាល់ឧបសគ្គ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំជាមួយកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ច តស៊ូប្តូរផ្តាច់ការពារ ខឿនសន្តិភាព អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ទប់ស្កាត់បានអំពើភេរវកម្ម និងបង្ក្រាបទាន់ពេលវេលាបទឧក្រិដ្ឋឆ្លងដែន។
លោកបញ្ជាក់ថា៖«សកម្មភាពទាំងនេះគឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសារៈសំខាន់ នៃសមាគមមិត្តនគរបាលជាតិកម្ពុជា ពិសេសការបង្ហាញពីការពង្រឹងមិត្តភាព ចំណងសាមគ្គីភាព និងការជួយសម្រួលការលំបាកខ្វះខាតក្នុងពេលមន្ត្រីនគរបាលជាតិជួបទុក្ខលំបាកនិងករណីប្រធានស័ក្តិផ្សេងៗជាដើម»។
បើតាមលោក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាអគ្គលេខាធិការសមាគមនគរបាលជាតិកម្ពុជា គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ខែសីហា ឆ្នាំ២០២៣ សមាគមមិត្តនគរបាលជាតិកម្ពុជា មានសមាជិកចំនួន ៧៨ ០៦៩ នាក់។
ក្នុងនោះមាន សមាជិកសមាគមជាមន្ត្រីនគរបាលចំនួន ៦១ ៨៩៧ នាក់ សមាជិកជាមន្ត្រីនគរបាល ដែលបានចូលនិវត្តន៍ចំនួន ១៦ ១៧០ នាក់ និងមន្ត្រីនគរបាលពិការដែលស្ម័គ្រចិត្តនៅបន្តជាសមាជិកភាពរបស់សមាគម ចំនួន២នាក់៕