ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានជំរុញឱ្យរាជបណ្ឌិត្យសភាកម្ពុជា បង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជាគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្ត្រ។
នៅក្នុងពេលដឹកនាំកិច្ចប្រជុំការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា កាលពីទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វង្សី វិស្សុត បានធ្វើការណែនាំមួយចំនួនដើម្បីតម្រង់ទិសនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជារៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយកមកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិវឌ្ឍប្រទេសជាតិ។
តាមរយៈតេឡេក្រាម អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកបានថ្លែងថា៖«រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជាគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្ត្រ ដែលរាជបណ្ឌិត្យសភាកម្ពុជា ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់»។
លោក វង្សី វិស្សុត បានបន្ថែមថា តាមរយៈបេសកកម្ម និងភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន ស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា មានសក្តានុពលរួមចំណែកដល់ការកំណត់ចក្ខុវិស័យរបស់ប្រទេស និងការរៀបចំគោលនយោបាយនានា សម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងការអប់រំខាងផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សាអត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។
«ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្រប់ក្រសួងស្ថាប័ននានា ដើម្បីចៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។ មួយវិញទៀត ក៏ត្រូវផ្តោតលើការសិក្សាស្រាវជ្រាវគោលនយោបាយផ្សេងៗ ដូចជាការប្រែប្រួលអាកាសធាតុដើម»។លោក វង្សី វិស្សុត បានបញ្ជាក់បន្ថែម។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា រាជបណ្ឌិត្យសភាកម្ពុជាត្រូវបានបង្កើតឡើងវិញ និងមានដំណើរការចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជា ធនាគារខួរក្បាលរបស់ជាតិ ដោយសា្ថប័ននេះបានប្រមូលផ្តុំបញ្ញវន្តជាច្រើនរបស់ជាតិ ដើម្បីបម្រើការងារក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ។
លោកថ្លែងថា៖ «ក្នុងបេសកកម្មរយៈពេលជាង ២០ ឆ្នាំ មកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានសិក្សាស្រាវជ្រាវ និងស្វែងរកធាតុចូលយ៉ាងច្រើនជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធ»។
លោកបានបន្តថា៖«រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យជាតិ និងអន្តរជាតិជាបន្តបន្ទាប់ ជាមួយប្រទេសជាសមាជិកអាស៊ាន និងអាស៊ីប៉ាស៊ីហ្វិក ដូចជា ជប៉ុន សាធារណរដ្ឋកូរ៉េ ចិន អាមេរិក អាល្លឺម៉ង់ រុស្ស៊ី អូស្ត្រាលី បង់ក្លាដែស បេឡារុស ប៉ូឡូញ និងអ៊ីតាលី ជាដើម។ យើងនឹងបន្តបេសកកម្មរបស់យើងនេះជាបន្តទៀត»។
លោក សុខ ទូច បានអះអាងថា ទស្សនវិស័យរបស់រាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់លោក គឺ «ទ្រឹស្តីផ្សារភ្ជាប់នឹងអនុវត្តន៍ ភ្ជាប់ដោយលទ្ធផល និងចងភ្ជាប់ដោយក្រមសីលធម៌វិជ្ជាជីវៈ»៕