ភ្នំពេញៈ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចបានស្នើសុំសមាគមកម្ពុជា-ចិន ពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំង២ ដើម្បីផ្លាស់ប្ដូរការអប់រំដែលផ្តោតជាអាទិ៍លើអាហារូបករណ៍ វគ្គបណ្តុះបណ្តាលនិងជំនួយសម្ភារបច្ចេកវិទ្យាផ្សេងៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសមរវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោក កាវ ជាន (GAO Jian) ប្រធានក្រុមប្រឹក្សាភិបាលសមាគមកម្ពុជា-ចិន ដើម្បីផ្លាស់ប្ដូរការអប់រំកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ចំពោះសំណើនេះដែរ លោក ហួត ហាក់ បានប្រាប់ឱ្យដឹងបន្ថែម នៅថ្ងៃទី១៥ ខែវិច្ឆិកាថា ក្រោយពីមានការស្នើបែបនេះលោកប្រធានក្រុមប្រឹក្សាភិបាលបានឯកភាពគ្នាទទួលយកសំណើនេះហើយ ដោយភាគីទាំង២នឹងពិភាក្សាគ្នាលម្អិតបន្ថែមទៀតនៅពេលក្រោយ។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ «កម្ពុជា-ចិន បានប្ដេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ យើងចង់បង្កើនកិច្ចសហការឱ្យកាន់តែប្រសើរឡើងថែមទៀតលើវិស័យអប់រំរវាងប្រទេសទាំង២»។
លោក ហួត ហាក់ បានបន្តថា៖«សមាគមកម្ពុជា-ចិននេះ គេនឹងរៀបចំពេលវេលាសមស្របមួយដើម្បីចុះ MoU ជាមួយក្រសួងយើងខ្ញុំ។លទ្ធផលដែលយើងរំពឹងទុកពីការចុះ MoU នេះ គឺកិច្ចសការគ្នាលើវិស័យអប់រំ ដោយសារក្រសួងយើងបានវិទ្យាស្ថានជាតិអធិការកិច្ចមួយចំណុះ ដែលមានបេសកកម្មបណ្តុះបណ្តាលមន្ត្រីអធិការកិច្ចទាំងវ័យក្មេង និងការបណ្តុះបណ្តាលបន្ត»។
លោកថា ការចុះ MoU ជាមួយគ្នានេះ គឺជាស្ពានតភ្ជាប់សម្រាប់ពង្រឹងការងារបណ្តុះបណ្តាលអប់រំដោយក្រសួងលោកផ្តោតលើជំនាញអធិការកិច្ច និងមុខជំនាញផ្សេងទៀត ដែលបម្រើឱ្យការងារអធិការកិច្ច។
ជាមួយគ្នានោះ លោក កាវ ជាន ក៏បានស្នើដល់លោករដ្ឋមន្ត្រី ៤ ចំណុចផងដែរ រួមមាន (១) ការផ្តល់អាហារូបករណ៍កម្រិតមធ្យមសិក្សាចំនួន ២ កន្លែង នៅសាលាអន្តរជាតិអាណិកជនកម្ពុជា-ចិន,(២) ការផ្ដល់អាហារូបករណ៍កម្រិតឧត្តមសិក្សាចំនួន ២៥០ កន្លែង ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ (៣) ស្នើសុំការគាំទ្រលើគម្រោងជំនួយអប់រំ (Smart Classroom) ចំនួន ៦៥ សាលា ជាសាលាមិត្តភាពកម្ពុជា-ចិនសម្រាប់ខួបទំនាក់ទំនង ៦៥ ឆ្នាំ រវាងកម្ពុជា-ចិន និង(៤ )លោកបានស្នើអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមអធិបតីក្នុងកម្មវិធីពិព័រណ៍អប់រំចិន-អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៣ ។
ទាក់ទងនឹងការផ្លាស់ប្តូរការសិក្សាគ្នារវាងកម្ពុជា និងចិន នេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានិងមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងរដ្ឋបាលសាធារណ: នៃសាកលវិទ្យាល័យគរុកោសល្យហឺណាន,ខេត្តហឺណាន ធ្លាប់បានសហការគ្នា រៀបចំកម្មវិធីបោះជំរំរដូវក្តៅយុវជនឆ្នើមអាស៊ាន-ចិន ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅខេត្តហឺណាន ។
លោកបានបន្ថែមថា កម្មវិធីបោះជំរំកន្លងទៅ មានគោលបំណងលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមយុវជនអាស៊ាន-ចិន លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងអាស៊ាន ហើយកម្ពុជា ជាប្រទេសសមាជិកអាស៊ាន ផងនោះ វាពិតមានភាពចាំបាច់ក្នុងបង្កើនទំនាក់ទំនងឱ្យកាន់ល្អរវាងប្រទេសទាំង២។
លោក គិន ភា បានបញ្ជាក់ថា ៖ «ក្នុងបទពិសោធន៍នេះ ខ្ញុំបានកត់សម្គាល់ឃើញថា វិស័យអប់រំរបស់ចិនមានភាពទំនើប និងជឿនលឿនយ៉ាងឆាប់រហ័ស។ ដូចនេះខ្ញុំយល់ថា ការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមួយចិនកាន់តែច្រើនប៉ុនណា កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍ច្រើនប៉ុណ្ណឹងដែរ ព្រោះថា ការអភវិឌ្ឍសមត្ថភាពធនធានមនុស្សរបស់កម្ពុជា មានសារៈសំខាន់ណាស់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ»៕