ភ្នំពេញៈ កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ ខណៈភាគីអារ៉ាប៊ី សាអ៊ូឌីត បានបង្ហាញសុច្ឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ការបង្ហាញជំហរនេះធ្វើឡើងតាមរយៈជំនួបរវាង លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ី សាអ៊ូឌីតនាទីស្តីការក្រសួងកាលពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបនេះ បានឱ្យដឹងថា ភាគីទាំង ២ បានផ្លាស់ប្តូរទស្សនៈប្រកបដោយអត្ថន័យលើទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ និងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំ។
ប្រភពដដែលបានបន្តថា ភាគីទាំង ២ ក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងភាពចាំបាច់ ដើម្បីបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីរវាងក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងក្រសួងការបរទេសអារ៉ាប៊ី សាអ៊ូឌីត និងគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងប្រទេសទាំង២ដែលជាវេទិកាសំខាន់មួយសម្រាប់ស្វែងរកមធ្យោបាយថ្មីនៃសកម្មភាពជាក់ស្តែងដើម្បីជួយសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ក្រសួងការបរទេសបានបញ្ជាក់ថា៖ «ភាគីទាំង ២ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំង ២ និងបានផ្លាស់ប្តូរទស្សនៈលើការវិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ នាពេលបច្ចុប្បន្ន ទាំងនៅក្នុងតំបន់ និងពិភពលោក»។
នាឱកាសនោះ លោក Mohammed Ismaeil A. Dahlwy បានបង្ហាញពីសុច្ឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អារ៉ាប៊ី សាអ៊ូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ លោក ឃួន- ផុនរតនៈ ក៏បានបញ្ជាក់ប្រាប់លោក Mohammed Ismaeil A. Dahlwyផងដែរពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការផ្តល់ការសម្របសម្រួល និងការគាំទ្រចាំបាច់នានាសម្រាប់ដំណើរការបើកស្ថានឯកអគ្គ-រាជទូតអារ៉ាប៊ី សាអ៊ូឌីត នៅទីក្រុងភ្នំពេញដែលគ្រោងនឹងធ្វើនៅឆ្នាំក្រោយ។
ជុំវិញជំនួបនេះដែរ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ដោយលោកបានកត់សម្គាល់ថា មួយរយៈចុងក្រោយនេះ កម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត មានទំនាក់ទំនងល្អជាមួយគ្នាដែលខុសពីរជ្ជកាលមុនៗពុំដែលមានទំនាក់ទំនងបែបនេះទេ។
លោកបានបន្តថា ការបង្ហាញជំហររបស់ភាគីទាំង ២ ទាំងវិស័យការទូត និងពាណិជ្ជកម្ម គឺជាការបើកច្រកកាន់តែទូលាយសម្រាប់នយោបាយការបរទេសកម្ពុជាឆ្ពោះទៅមជ្ឈិមបូព៌ា ដែលលើសពីតំបន់អឺរ៉ុប អាស៊ី និងអ្រាហ្វិក ជាដើម។
លោកយង់ ពៅ បានថ្លែងថា៖«យើងអាចកត់សម្គាល់ថា កាលណាពង្រីកកិច្ចសហប្រតិបត្តិការទៅតំបន់ថ្មី ហើយជាតំបន់ដែលមានសក្តានុពលដែលមានការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច នោះជាសក្តានុពលទាំងសេដ្ឋកិច្ច ទាំងនយោបាយការទូតរបស់កម្ពុជាដែលពីមុនមកយើងរួមតូចជាងបច្ចុប្បន្ន»។
សូមរំឭកថា ក្នុងកិច្ចប្រជុំអាស៊ានក្រុមប្រឹក្សាសហប្រតិបត្តិការមហាឈូងសមុទ្រនៅប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីខែតុលា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud ព្រះរាជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ី សាអ៊ូឌីត បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
នៅក្នុងជំនួបទ្វេភាគីនោះ លោកហ៊ុន ម៉ាណែត បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ី សាអ៊ូឌីត តាមរយៈការសម្រេចចិត្តបង្កើតស្ថានទូតអារ៉ាប៊ី សាអ៊ូឌីតប្រចាំនៅទីក្រុងភ្នំពេញ និងបានស្នើឱ្យភាគីទាំង ២ ស្វែងយល់ពីលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងជាពិសេសកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់ការទូត និងអ្នកកាន់លិខិតឆ្លងដែនផ្លូវការ៕