ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជាបានប្រកាសចាប់ផ្តើមយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ ដែលកម្ពុជាជាប្រទេសទី១ ពីតំបន់អាស៊ីអាគ្នេយ៍នៃបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដែលបានគាំទ្រយុទ្ធនាការសកលមួយនេះ។
យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ នៅកម្ពុជា បានប្រកាសបើកកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គការអុកស្វាម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ ស្តីពីជំហររបស់កម្ពុជាចំពោះយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០ នៅកម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា យុទ្ធនាការដែលជាគំនិតផ្តួចផ្តើមជារបស់ GGGI មានគោលបំណង ចូលរួមលើកកម្ពស់ការយល់ដឹងពីសកម្មភាពអាកាសធាតុរបស់ប្រទេសកម្ពុជា និងប្រមូលផ្ដុំការគាំទ្របន្ថែមទៀត ដើម្បីចូលរួមសម្រេចបានគោលដៅនៃការបញ្ចេញឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងនៅក្នុងពិធីនោះថា យុទ្ធនាការនេះ ជាវេទិកាដ៏ពិសេសមួយ ដែលបង្កើតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានទាំងយុវជនផងដែរ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងការកសាងភាពធន់របស់កម្ពុជា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំប្តេជ្ញាលើកកម្ពស់ការអភិវឌ្ឍស្អាត បៃតង និងប្រកបដោយចីរភាពនៅកម្ពុជា។ លើសពីនេះ យុទ្ធនាការនេះក៏មានទិសដៅស្របទៅនឹងចក្ខុវិស័យរបស់ប្រទេសកម្ពុជាផងដែរ»។
ជាមួយគ្នានោះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមបានបង្ហាញការអបអរសាទរចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះយុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យត្រឹមឆ្នាំ ២០៥០» នេះ។
លោកស្រីបានថ្លែងថា តាមរយៈការគាំទ្រគំនិតផ្តួចផ្តើមជាសកលនេះ កម្ពុជាកំពុងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយការប្រែប្រួលអាកាសធាតុ និងការកសាងអនាគតប្រកបដោយចីរភាព។
លោកស្រីបានបញ្ជាក់ថា៖ «យើងមានមោទនភាពដែលបានរួមចំណែកក្នុងយុទ្ធនាការនេះ ហើយយើងនឹងសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់សកម្មភាពអាកាសធាតុប្រកបដោយបរិយាបន្ន និងសមធម៌ ជាពិសេសនៅសហគមន៍ងាយរងគ្រោះ»។
លោកស្រី Sandrine Boucher នាយិកាប្រចាំកម្ពុជានៃទីភ្នាក់ងារបារាំង (AFD) បានលើកឡើងដែរថា ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យគុណភាពខ្យល់ និងបានមើលឃើញពីផលប៉ះពាល់ជាសកលនៃការបំពុលបរិយាកាស AFD ប្តេជ្ញាចែករំលែកជំនាញបច្ចេកទេសរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាក្នុងការឆ្លើយតបទៅនឹងភាពអវិជ្ជមានកាន់តែខ្លាំងឡើងដែលកើតឡើងមកពីការបំពុលខ្យល់។
លោកស្រីបានថ្លែងថា៖ «យើងមានក្តីរំភើបដែលបានឃើញគំនិតផ្តួចផ្តើមនេះត្រូវបានចាប់ផ្តើមនៅប្រទេសកម្ពុជា»។
ចំណែកតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ប្រចាំកម្ពុជា កញ្ញា Shomi Kim ក៏បានបញ្ជាក់ដែរថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញការសាទរពីភាគីពាក់ព័ន្ធរួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងយុវជន ដែលបានចូលរួមគ្នានៅកន្លែងតែមួយដើម្បីពិភាក្សានិងជជែកវែកញែកជាមួយគ្នាអំពី វឌ្ឍនភាព និងការឆ្លុះបញ្ចាំង នៃដំណើររបស់កម្ពុជាឆ្ពោះទៅរកទិសដៅនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០»។
សូមបញ្ជាក់ដែរថា យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពអាកាសធាតុដែលស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចដែលត្រូវបានកំណត់នៅក្នុងការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDCs) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) និងគោលនយោបាយជាតិ និងគោលដៅផ្សេងទៀត។
យុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០៥០» បានចាប់ផ្តើមដំបូងនៅឆ្នាំ ២០២០ ក្រោមការផ្តួចផ្តើមរបស់ GGGI និងមជ្ឈមណ្ឌលការប្រែប្រួលអាកាសធាតុ (សាធារណរដ្ឋកូរ៉េ)។ យុទ្ធនាការនេះ បាននិងកំពុងដើរតួជាវេទិកាមួយដែលប្រមូលផ្តុំរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល យុវជន និងវិស័យសាធារណៈ ដើម្បីបង្កើន និងកសាងការយល់ដឹងជាសាធារណៈពីការបំពុលខ្យល់ និងលើកកម្ពស់ការប្តេជ្ញាចិត្តរបស់កម្ពុជាពីអព្យាក្រឹតកាបូន៕