ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឆ្លើយតបចំពោះកិច្ចសហប្រតិបត្តិការជាមួយ បារាំងលើគម្រោងធំៗ ៣ ក្នុងវិស័យវប្បធម៌ ក្នុងនោះមានការពង្រីកសារមន្ទីរជាតិ ជួសជុលបដិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធ និងកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរនិងសំបូរព្រៃគុក។
យោងតាមខ្លឹមសារប្រកាសរបស់ក្រសួងវប្បធម៌នៅល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានឱ្យដឹងថា ក្រសួងស្វាគមន៍ចំពោះការប្តេជ្ញាគាំទ្ររបស់បារាំងលើគម្រោងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសទាំង ២ តាមរយៈព្រះរាជសវនាការ រវាងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងប្រធានាធិបតីបារាំងលោកអេម៉ានុយអែលម៉ាក្រុង នាវិមានប្រធានាធិបតីបារាំង Élysée នាថ្ងៃទី ១៣ វិច្ឆិកា។
ចំពោះគម្រោងពាក់ព័ន្ធនឹងការពង្រីកសារមន្ទីរជាតិ និងកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជានិងសារមន្ទីរ Guimet របស់បារាំង ក្រសួងវប្បធម៌បញ្ជាក់ថាជាការឆ្លើយតបនឹងតម្រូវការចាំបាច់របស់ភ្ញៀវទេសចរ និងកំណើនសមុច្ច័យ ក្រសួងបានគិតពីលទ្ធភាពក្នុងការពង្រីកសារមន្ទីរជាតិទៅទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្ន ឬនៅទីតាំងថ្មី។
កន្លងមកក្រសួងបានប្រកាសសុំជំនួយអ្នកជំនាញកាលពីឆ្នាំ ២០២២ ទៅកាន់ដៃគូបរទេស ហើយមានការទទួលពីស្ថានទូតបារាំងប្រចាំកម្ពុជានៅដើមឆ្នាំ ២០២២។
ក្រសួងវប្បធម៌បញ្ជាក់ថា៖ «ក្នុងគម្រោងនេះ បារាំងថា នឹងបញ្ជូនក្រុមជំនាញចុះមកពិនិត្យនិងពិភាក្សាជាមួយក្រសួងដោយកន្លងមកភាគីទាំង ២ បានជួបពិភាក្សាគ្នានារាជធានីភ្នំពេញកាលពីពាក់កណ្តាលឆ្នាំ ២០២៣ កន្លងទៅ ហើយបច្ចុប្បន្នកំពុងរៀបចំរបាយការណ៍បច្ចេកទេសពីលទ្ធផលជំនួបនោះផងដែរ»។
ពាក់ព័ន្ធនឹងគម្រោងទី២ ជុំវិញការជួសជុលបដិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធវិញ ក្រសួងវប្បធម៌ បានលើកឡើងដែរថានឹងចាប់អនុវត្តពីពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខហើយរំពឹងថា នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៥។
ក្រសួងនឹងបញ្ជូនបដិមាព្រះវិស្ណុនេះពីសារមន្ទីរជាតិទៅជួសជុលពង្រឹងផ្ទៃលោហៈដែលខូចខាតដោយកត្តាធម្មជាតិព្រមទាំងយកទៅសិក្សាវិភាគស្វែងយល់ពីធាតុផ្សំនិងបច្ចេកទេសនៃការសិតលោហៈកាលសម័យបុរាណក៏ដូចជាសាកល្បងផ្គុំបំណែកផ្សេងទៀតភ្ជាប់ទៅនឹងតួខ្លួនបដិមានេះ។
ចំណែកឯគម្រោងទី៣ គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើយន្តការគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរសំបូរ ព្រៃគុក (ICC-Angkor SamboPrei Kuk International Coordinating Committee) ដែលមានជប៉ុនជាសហប្រធាន។
គណៈកម្មាធិការអន្តរជាតិនេះជាយន្តការអន្តររដ្ឋាភិបាលដើម្បីការងារអភិរក្សរមណីយដ្ឋានអង្គរនិងតំបន់ប្រាសាទសំបូរព្រៃគុក។
ក្រសួងលើកឡើងថា៖ «យន្តការអន្តរជាតិនេះកំពុងត្រូវបានមជ្ឈដ្ឋានអន្តរជាតិជាពិសេសយូណេស្កូចាត់ទុកជាយន្តការគំរូនិងជោគជ័យសម្រាប់វិស័យអភិរក្សនិងអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌពិភពលោកហើយក៏ជាជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាផងដែរ»។
ប្រភពដដែលបន្ថែមថា យន្តការ ICC-Angkor បានដំណើរការរយៈពេល ៣០ ឆ្នាំមកហើយហើយនឹងមានកិច្ចសហប្រតិបត្តិការបន្ថែមរយៈពេល ១០ឆ្នាំទៅមុខទៀតដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សខាងវិស័យអភិរក្ស។ សម្រាប់យន្តការនេះក៏មានកិច្ចប្រជុំដាក់ចេញយុទ្ធសាស្ត្រ ១០ ឆ្នាំ (២០២៤-២០៣៤) ផងដែរដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូនៅទីក្រុងប៉ារីសប្រទេសបារាំង នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៥ ខែវិច្ឆិកាថាកម្ពុជានិងបារាំងមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រលើកិច្ចសហប្រតិបត្តិការលើវិស័យនានាជាពិសេសលើវិស័យវប្បធម៌ជាកិច្ចសហប្រតិបត្តិការជាប្រពៃណីនិងមិត្តភាព។
លោកសង្កត់ធ្ងន់ថា៖ «ក្នុងទំនាក់ទំនងវិស័យវប្បធម៌នេះក៏បង្ហាញផងដែរ ពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាពកម្ពុជា និងបារាំង ហើយបារាំងតែងជួយគាំទ្រកម្ពុជាតួយ៉ាងនៅក្នុងវិស័យអប់រំវិស័យសុខាភិបាលក្តីបារាំងជួយច្រើនណាស់»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា ទំនាក់ទំនងកម្ពុជា-បារាំងមានលក្ខណៈល្អប្រសើរដែលកើតចេញពីទំនាក់ទំនងជាប្រវត្តិសាស្ត្រពីមរតកអាណានិគម ហើយបន្តជារៀងរហូតមកទល់សព្វថ្ងៃ។
លោកបន្តថា លើកលែងតែក្នុងសម័យសង្គ្រាមត្រជាក់ដែលទំនាក់ទំនងប្រទេសទាំង ២ ហាក់ឃ្លាតឆ្ងាយប៉ុន្តែបារាំងនៅតែដើរតួនាទីសំខាន់តួយ៉ាងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដូចជាការស្តារប្រទេសកម្ពុជាឡើងវិញ។
លោកបានថ្លែងថា៖ «ជាការសង្កេតបារាំងតែងជួយកម្ពុជាលើការកសាងធនធានមនុស្សជាពិសេសវិស័យសុខាភិបាលច្បាប់និងការងារវប្បធម៌មានកិច្ចការសារមន្ទីរជួសជុលអភិរក្សប្រាសាទវត្ថុបុរាណ វិចិត្រសិល្បៈ ហើយបារាំងជាសហប្រធាន ICC-Angkor ជាយន្តការអន្តរជាតិជួយស្តារនិងអភិរក្សប្រាសាទខ្មែរយើង»។
បើតាមការលើកឡើងរបស់លោក គិន ភា បារាំងជាច្រកទ្វារសំខាន់របស់កម្ពុជាសម្រាប់ការពង្រីកទំនាក់ទំនងទៅអឺរ៉ុបនិងក្រុមបស្ចិមលោក ហើយបារាំង ក៏ ជាម្ចាស់ជំនួយសំខាន់របស់កម្ពុជាផងដែរ។
លោកថា៖ «ទោះបីសព្វថ្ងៃការប្រើភាសាបារាំងមានការថយចុះនៅកម្ពុជាក្តីប៉ុន្តែឥទ្ធិពលបារាំងនៅមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការនយោបាយដែលខ្ញុំសុំស្នើភាគីទាំង ២ បង្កើនដំណើរទស្សនកិច្ចក្នុងចំណោមថ្នាក់ដឹកនាំរវាងគ្នានិងគ្នាបន្ថែមទៀត»៕