ភ្នំពេញៈ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបន្តអំពាវនាវដល់ជនរួមជាតិទាំងមូល និងគ្រប់មជ្ឈដ្ឋានសង្គម សាមគ្គីគ្នាជាធ្លុងមួយ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗថែមទៀត ក្នុងការងារកសាង អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសអភិវឌ្ឍន៍នានានៅក្នុងតំបន់ និងនៅលើសកលលោក ។
ការអំពាវនាវនេះធ្វើឡើងតាមរយៈសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។
សេចក្តីសម្រេចនេះបានបញ្ជាក់ថា៖ «ក្នុងស្មារតីសាមគ្គីភាពជាភាតរៈ អង្គមហាសន្និបាតបានបំពេញការងារដោយជោគជ័យតាមរបៀបវារៈដែលបានកំណត់ និងដាក់ចេញនូវសេចក្តីសម្រេចចិត្តមួយចំនួនដោយក្នុងនោះ អង្គមហាសន្និបាតបានឯកភាពទាំងស្រុងលើរបាយការណ៍ និងការវាយតម្លៃនូវលទ្ធផលនៃសកម្មភាពការងាររបស់រណសិរ្សគ្រប់ថ្នាក់ក្នុងរយៈពេល ១៧ ឆ្នាំ ពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២៣»។
ជាមួយនេះដែរ អង្គមហាសន្និបាតក៏បានអបអរសាទរសមិទ្ធផលសម្រេចបានក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ
ក្នុងកិច្ចជំរុញការអនុវត្តយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាលយ៉ាងមានប្រសិទ្ធភាពខ្ពស់។អង្គមហាសន្និបាតក៏បានអំពាវនាវដល់សមាជិក សមាជិការណសិរ្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនិងផែនការសកម្មភាពនានារបស់រណសិរ្សដែលបានដាក់ចេញដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតសមិទ្ធផលធំៗថ្មីៗថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងឱកាសនោះលោក ហ៊ុន សែន ថ្លែងថា៖ «ព្រះវត្តមាន និងវត្តមានគណៈអធិបតី សមាជិក-សមាជិកានៃមហាសន្និបាត ដែលជាតំណាងមកពីគ្រប់សមាសភាព បានយាង និមន្ត និងអញ្ជើញមកចូលរួម គឺជាការរំឭកនៃការបដិសន្ធិរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នមានឈ្មោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងមហាជ័យជម្នះ ៧ មករា ១៩៧៩ ព្រមទាំងសមិទ្ធិធំទាំងឡាយដែលប្រទេសជាតិនិងប្រជាជនកម្ពុជាសម្រេចបានរហូតមកដល់បច្ចុប្បន្ននេះ »។
លោកបានបន្តថា ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត បានប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ដែលមិនធ្លាប់មាននៅលើពិភពលោកត្រឹមតែរយៈជាង ៣ ឆ្នាំ ប្រជាជនកម្ពុជាបានបាត់បង់ជីវិត អស់ជាង ៣ លាននាក់យ៉ាងអយុត្តិធម៌បំផុត។
លោកថា៖ «ស្ថិតក្នុងកាលៈទេសៈដ៏មហន្តរាយនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នមានឈ្មោះរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានតស៊ូរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ»។
ទាក់ទិននឹងរឿងនេះ លោក ថុង ម៉េងដាវីត ប្រធានផ្នែកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានថ្លែងនៅថ្ងៃទី ១៥ ខែវិច្ឆិកាថា មហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាជាកិច្ចការមួយឬជាស្នូលមួយរបស់គណបក្សប្រជាជនកម្ពុជាដែលបានខិតខំស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក៏ដូចជាប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣ និងទទួលបានពេញលេញ បន្ទាប់ពីបោះឆ្នោត ឆ្នាំ ១៩៩៨ កន្លងមក។
ជាមួយគ្នានេះ លោកបានបង្ហាញក្តីសង្ឃឹមលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រមុខ ក្នុងការដាក់ចេញគោលនយោបាយនិងយុទ្ធសាស្ត្រស្នូលដ៏សំខាន់សម្រាប់ការបង្រួបបង្រួមជាតិ និងការស្នេហាជាតិព្រមទាំងលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី។ ជាពិសេសគោរពគោលការណ៍ និងច្បាប់អន្តរជាតិសម្រាប់ធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅលើពិភពលោក និងស្វែងរកដៃគូកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃដើម្បីទាក់ទាញវិនិយោគិន និងអ្នកទេសចរមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។
ចំណែកលោក ជ័យ តិច អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចបានថ្លែងថា មហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដូចដែលគ្រប់គ្នាបានដឹងរួចហើយ គឺនៅពេលមានរណសិរ្សនេះ ទើបមានថ្ងៃ ៧ មករា ដែលជាឆ្អឹងខ្នងរបស់គណបក្ស។
លោកថា៖ «ការប្រារព្ធធ្វើនៅថ្ងៃនេះ គឺជាការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាក៏ដូចជារៀបចំពិនិត្យមើលនូវលទ្ធផលដែលបានសម្រេចនាពេលកន្លងមក និងផែនការទៅមុខ ជាពិសេសគឺការកែសម្រួលរចនាសម្ព័ន្ធ ការតែងតាំងឥស្សរជនមួយចំនួនក្នុងជួររណសិរ្សនេះឱ្យសមស្របនឹងបច្ចុប្បន្នភាព នយោបាយ និងគណបក្សព្រមទាំងរាជរដ្ឋាភិបាលអាណត្តិទី៧ នេះ»៕