ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ឱ្យអនុវត្តគោលការណ៍ស្តង់ដាចម្បងៗចំនួន ៥ ដល់គ្រឹះសា្ថនបឋមសិក្សាសាធារណៈ ដើម្បីក្លាយជាស្តង់ដាសាលារៀនគំរូ ក្នុងគោលបំណងឈានទៅលើកកម្ពស់គុណភាពអប់រំ ឱ្យកាន់តែប្រសើរឡើង។
ក្រសួងអប់រំ បានចេញសេចក្ដីណែនាំស្តីពីដំណើរការគ្រឹះសា្ថនបឋមសិក្សាសាធារណៈសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងក្របខ័ណ្ឌស្តង់ដាសាលារៀនគំរូ នេះកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។ លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ក្នុងសេចក្តីណែនាំនេះថា សាលារៀនគំរូ គឺជាសាលារៀនដែលសម្រេចបានស្តង់ដាទាំង៥ដែលរួមមាន៖លទ្ធផលសិក្សារបស់សិស្ស,ការបង្រៀន និងរៀន, ការចូលរួមរបស់សហគមន៍,ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖«ក្រសួងដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ នេះ គឺសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដល់ដំណើរការរបស់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ផ្តោតលើការអនុវត្តស្តង់ដាសាលារៀនគំរូ និងពានរង្វាន់សាលា សម្តេចមហាបវរធិបតី និងការចូលរួមអនុវត្តយុទ្ធនាការសាលារៀនស្អាតគ្មានសំរាម សំដៅដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា»។
សេចក្តីណែនាំរបស់ក្រសួងអប់រំ ក៏បានបញ្ជាក់ដែរថា ដើម្បីឈានទៅអនុវត្តស្តង់ដាសាលារៀនគំរូចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សាមានប្រសិទ្ធភាព ក្រសួងបានកំណត់វិធានការ និងសូចនាករពាក់ព័ន្ធសំខាន់ៗរួមមាន៖ ការលើកកម្ពស់អភិបាលកិច្ចសាលារៀន,ការពិនិត្យកែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។
ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងការជំរុញនិងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងនៅថ្ងៃទី ១៥ ខែវិច្ឆិកាថា ការដាក់អនុវត្តស្ដង់ដាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យនេះ គឺដាក់ឱ្យលោកគ្រូ-អ្នកគ្រូ ខិតខំពង្រឹងលើការបង្រៀន ខណៈលោកស្រីយល់ថា ក្រសួងគួរមានកញ្ចប់ថវិកាណាមួយផ្តល់ទៅកាន់សាលា ដើម្បីឱ្យការអនុវត្តស្ដង់ដាសាលារៀនគំរូបានជោគជ័យ។
លោកស្រីបន្តថា៖«អ្វីដែលយើងនៅតែមើលឃើញគឺនៅតែមានការទាមទារឱ្យសិស្សត្រូវតែបង់ថវិកាទៅឱ្យសាលា ដូច្នេះសាលាគួរតែមានកញ្ចប់ថវិកាឱ្យច្រើនដើម្បីដោះស្រាយរឿងនេះ ព្រោះថា បើកញ្ចប់ថវិកាហ្នឹងកើតឡើងពីប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋកំពុងជាប់វិបត្តិធនាគារ នោះគឺជាបន្ទុកសម្រាប់ប្រជាពលរដ្ឋថែមទៀត។ អ៊ីចឹងសួរថា តើអាចអនុវត្តស្ដង់ដាសាលារៀនគំរូបានជោគជ័យ និងប្រសិទ្ធភាពបានកម្រិតណា?»។
នៅក្នុងទិវាគ្រូបង្រៀនលើកទី ២៦ កាលថ្ងៃទី ៥ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដាសាលារៀនគំរូ និងពានរង្វាន់សាលាគំរូ «សម្តេចមហាបវរធិបតី» សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដាសាលារៀនគំរូចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ។
លោកបានលើកឡើងថា គោលដៅនៃការដាក់ឱ្យប្រើប្រាស់ស្តង់ដាសាលាគំរូនេះ ដើម្បីឱ្យសាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដាជាសាលារៀនគំរូ ពិសេសឈានទៅកែលម្អសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សឱ្យមានសមត្ថភាពខ្ពស់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជួយអភិវឌ្ឍសាលារៀនចាប់ពីថ្នាក់មត្តេយ្យ ដល់មធ្យមសិក្សាតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយទៅតាមស្តង់ដាចំនួន ៥ ដែលរាជរដ្ឋាភិបាល និងក្រសួងអប់រំបានកំណត់ និងប្រកាសដាក់ចេញឱ្យមានប្រសិទ្ធភាពខ្ពស់៕