
អ្នកលក់ឪឡឹកតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត អង្គការអុកស្វាម
ប្រទេសកម្ពុជា មានចំណីលក់ដូរតាមដងផ្លូវយ៉ាងសម្បូរបែប ប្រសិនបើយើងដើរតាមផ្លូវលេខ ២៧១ ឆ្ពោះទៅមហាវិថីសម្ដេចសុធារស យើងនឹងឃើញអាហារលក់តាមដងដងផ្លូវតម្រៀបជួរគ្នាយ៉ាងវែង ដែលមានឱជារសឆ្ងាញ់ៗក្នុងតម្លៃសមរម្យ។
តាមដងផ្លូវនោះ យើងនឹងឃើញរទេះ និងតូបលក់ម្ហូបអាហារ មានច្រើនជម្រើស រាប់ពីមីឆា និងបាយសាច់ជ្រូក រហូតដល់សាច់មាន់ចង្កាក់ផងដែរ។ សព្វថ្ងៃនេះ យើងអាចរកទិញមុខម្ហូបសឹងតែគ្រប់មុខទៅហើយនៅតាមដងផ្លូវ។
ម្ហូបដែលខ្ញុំចូលចិត្ត គឺចង្រិតបំពង ដោយសារតែសម្បូរសារជាតិចិញ្ចឹម ហើយមានបរិស្ថានមេត្រីថែមទៀត។ ទោះជាយ៉ាងណា ខ្ញុំនៅពុំទាន់បានសាកអាពីងបំពងនៅឡើយទេ ប៉ុន្តែខ្ញុំប្រាកដជាសាក។ ចុះអ្នកវិញ សាកឬទេ?
ទោះយ៉ាងណា ខ្ញុំមិនមែនមកធ្វើបទវិភាគម្ហូបអាហារតាមដងផ្លូវនោះទេ ប៉ុន្តែខ្ញុំមកនេះ ដើម្បីចែករំលែកពីបញ្ហាប្រឈមរបស់អាជីវករលក់ដូរតាមដងផ្លូវដ៏ក្លាហានជាច្រើននាក់ ហើយពិភាក្សាគ្នាថា តើយើងអាចធ្វើអ្វីបានខ្លះដើម្បីលើកកម្ពស់ជីវភាព និងសុខភាពសេដ្ឋកិច្ចរបស់ពួកគាត់។ប្រជាពលរដ្ឋប្រកបមុខរបរលក់-ដូរតាមដងផ្លូវនៅប្រទេសកម្ពុជាមានចំនួនច្រើន ហើយភាគច្រើនបំផុតជាស្ត្រី។
កាលពីឆ្នាំ ២០១៦ អ្នកស្រាវជ្រាវ ១ ក្រុម មកពីសាកលវិទ្យាល័យ យ៉ាម៉ាគូឈី (Yamaguchi) របស់ប្រទេសជប៉ុនតាមរយៈការប្រើប្រាស់ជំរឿនសេដ្ឋកិច្ចរបស់កម្ពុជា បានប៉ាន់ប្រមាណថា ៨,៣% នៃសហគ្រាសកម្ពុជា គឺជាអាជីវកម្មលក់-ដូរតាមដងផ្លូវ ហើយ ៧៦,៦% នៃអ្នកដែលប្រកបរបរលក់ដូរតាមដងផ្លូវនេះ គឺជាស្ត្រី។ ទន្ទឹមនឹងនេះអាជីវកម្មលក់ដូរតាមដងផ្លូវក៏កំពុងកើនឡើងទៀតផង។
ទោះមានភ័ស្តុតាងតិចតួចដើម្បីយកមកពន្យល់ ថាតើហេតុអ្វីបានជាអាជីវកម្មលក់ដូរតាមដងផ្លូវសម្បូរដោយស្ត្រីបែបនេះក្ដី ប៉ុន្តែរឿងពិតមិនអាចប្រកែកបាន គឺថា ស្ត្រីកម្ពុជានៅតែប្រឈមនឹងច្បាប់ទម្លាប់វប្បធម៌ និងការមាក់ងាយពីសង្គម។ ស្ត្រីជាច្រើនជាអ្នកធ្វើការងារប្រចាំគ្រួសារដែលគ្មានប្រាក់ឈ្នួល មើលថែទាំកូនចៅ មនុស្សចាស់ និងការងារក្នុងផ្ទះជាដើម។
បើទោះបីជាស្ថានភាពរបស់ស្ត្រីបានប្រសើរឡើងក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះក្ដី ប៉ុន្តែស្ត្រីដែលទទួលបានការអប់រំតិចតួចជារឿយៗទៅប្រកបរបរនៅក្នុងវិស័យក្រៅប្រព័ន្ធ ដូចជាការលក់ដូរតាមដងផ្លូវជាដើម។
ការលក់ដូរតាមដងផ្លូវ ដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មរបស់ទីក្រុង ដោយបានផ្ដល់ការងារធ្វើ និងប្រាក់ចំណូលដល់ក្រុមប្រជាជនដែលបាត់ឱកាសជាងគេបំផុត។ យោងតាមជំរឿនប្រជាជនឆ្នាំ ២០១៩ ដោយក្រសួងផែនការ បានរកឃើញថា បើទោះបីជាស្ត្រីមានចំនួនជិត ៥២%នៃចំនួនប្រជាជនសរុបរបស់កម្ពុជាក្ដីប៉ុន្តែការគាំទ្រនៅមានកម្រិតនៅឡើយសម្រាប់ស្ត្រីប្រកបរបរលក់ដូរតាមដងផ្លូវ និងស្ត្រីជាម្ដាយ។
បញ្ហាប្រឈមធំមួយសម្រាប់អាជីវករលក់ដូរតាមដងផ្លូវ ជាពិសេសនៅតាមបណ្ដាក្រុងនានា ដូចជាបាត់ដំបង សៀមរាប និងភ្នំពេញជាដើមនោះ គឺលទ្ធភាពទទួលបានមណ្ឌលថែទាំកុមារ។ លោកអ្នកប្រហែលជាបានសង្កេតឃើញថា អាជីវករលក់ដូរតាមដងផ្លូវដាក់កូនក្នុងរទេះតូបលក់អាហារ ឬលើម៉ូតូ នៅពេលកំពុងលក់ដូរតាមដងផ្លូវ។
ស្ថានភាពបែបនេះកំពុងមានការកើនឡើង ហើយបង្កហានិភ័យខ្លាំងណាស់ចំពោះសុវត្ថិភាពរបស់កុមារ និងលទ្ធភាពរបស់ពួកគេក្នុងការចូលសាលារៀន និងរីករាយនឹងជីវិតកុមារភាពរបស់ខ្លួន។ កង្វះការទទួលស្គាល់ និងការការពារផ្នែកច្បាប់ ក៏ជាបញ្ហាប្រឈមសម្រាប់អ្នកប្រកបរបរលក់ដូរតាមដងផ្លូវ។ ពួកគាត់ជាច្រើននឹងប្រាប់អ្នកថា ពួកគាត់ត្រូវបង់លុយដើម្បីបានកន្លែងលក់ដូរ និងការការពារ។
សុវត្ថិភាពម្ហូបអាហារក្នុងចំណោមអាជីវករតាមដងផ្លូវនៅកម្ពុជាកំពុងក្លាយជាក្ដីបារម្ភកាន់តែខ្លាំងឡើង។ ម្ហូបអាហារតាមដងផ្លូវនៅទីនេះជាអាហារចម្អិនស្រាប់ និងអាចទទួលទានបានភ្លាមៗហើយម្ហូប-អាហារទាំងនេះមានជាប់ពាក់ព័ន្ធនឹងបាក់តេរី និងមេរោគផ្សេងៗ ដែលបណ្តាលឱ្យឈឺពោះក្អួតចង្អោរ រាករូស និងចុះក្អួតជាដើម។
ជារឿយៗ ហានិភ័យទាំងនេះក៏ដោយសារតែម្ហូបអាហារទាំងនោះប៉ះពាល់យូរនឹងការបំពុលចេញពីចរាចរណ៍ មជ្ឈដ្ឋានជុំវិញគ្មានអនាម័យ និងកង្វះលទ្ធភាពមានទឹកស្អាត និងសម្ភារអនាម័យត្រឹមត្រូវ ដែលអាចកើតមានដោយសារតែអវត្តមានទីតាំងលក់ដូរសមរម្យ។ បណ្ដាប្រទេសមួយចំនួនដូចជាចិន និងថៃជាដើមថែមទាំងបានគិតគូរមុខរបរនេះជាបញ្ហាសន្តិសុខជាតិថែមទៀតផង។
លទ្ធផលពីការស្រាវជ្រាវបានលើកឡើងថា ម្ហូបអាហារតាមដងផ្លូវជាប្រភពចម្បងនៃបញ្ហាម្ហូបអាហារនៅតាមបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។ ប្រទេសកម្ពុជា បានបោះជំហានទៅមុខមួយកម្រិតតាមរយៈការអនុម័តលើច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារកាលពីខែកក្កដា ឆ្នាំ ២០២២។ ប៉ុន្តែអវត្តមានទីតាំងលក់ដូរសមរម្យ នៅតែបន្តរាំងស្ទះដល់ការខិតខំប្រឹងប្រែងក្នុងការពង្រឹងសុវត្ថិភាពម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ដោយបង្កជាហានិភ័យដល់សុខភាពសាធារណៈ។ គោលនយោបាយអន្តរាគមន៍ជារឿងត្រូវការជាចាំបាច់ដើម្បីដោះស្រាយបញ្ហានេះ ។
ដោយសារអាជីវករលក់ដូរតាមដងផ្លូវភាគច្រើនជាស្ត្រី ដូច្នេះពួកគាត់ជួបប្រទះបញ្ហាប្រឈមជាច្រើនជារៀងរាល់ថ្ងៃ រាប់ចាប់តាំងពីរងការបៀតបៀន កង្វះមណ្ឌលថែទាំកុមារ និងលទ្ធភាពនៅមានកម្រិតក្នុងការទទួលបានអត្ថប្រយោជន៍គាំពារសង្គម។ ជាសំណាងល្អ បញ្ហាទាំងនេះអាចដោះស្រាយបាន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលរបស់សម្ដេច មានមធ្យោបាយ និងធនធានដើម្បីកែលម្អបញ្ហាទាំងអស់នេះ។ ការផ្ដល់ការទទួលស្គាល់ និងការពារផ្លូវច្បាប់ នឹងជួយការពារដល់សុខុមាលភាពសេដ្ឋកិច្ចរបស់អ្នកប្រកបរបរលក់ដូរតាមដងផ្លូវ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ទទួលខុសត្រូវលើការការពារ និងគាំទ្រដល់សុខុមាលភាពសេដ្ឋកិច្ចរបស់អាជីវករលក់ដូរតាមដងផ្លូវ ហើយទប់ស្កាត់ការបៀតបៀនពីសំណាក់ជនឆ្លៀតឱកាស។
សាលារាជធានីភ្នំពេញ និងអាជ្ញាធរថ្នាក់ក្រោមជាតិគួរពិចារណាអនុវត្តប្រព័ន្ធមួយ ដែលកំណត់ និងផ្ដល់ទីតាំងលក់ដូរមានសុវត្ថិភាពសម្រាប់អ្នកប្រកបរបរលក់ដូរតាមដងផ្លូវ។ ទីតាំងទាំងនោះគួរមានទឹកស្អាត សម្ភារអនាម័យត្រឹមត្រូវ និងស្ថិតនៅឆ្ងាយពីការបំពុលដោយចរាចរណ៍ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារ និងសុខភាពសាធារណៈ។
បន្ថែមលើនេះការបង្កើតមណ្ឌលថែទាំកុមារដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់ ស្ថិតនៅជិតនឹងទីតាំងលក់ដូរ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់អាជីវករស្ត្រីជាម្តាយលក់ដូរតាមដងផ្លូវ។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យពួកគាត់ប្រកបការងារ ដោយពុំមានការបារម្ភចំពោះសុវត្ថិភាព និងការអប់រំរបស់កូនៗ។
ជាងនេះទៅទៀត យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងកម្មវិធីបណ្ដុះបណ្ដាលស្ដីពីការអនុវត្តសុវត្ថិភាពម្ហូបអាហារ និងអនាម័យ ក៏អាចត្រូវបានរៀបចំឡើងសម្រាប់អាជីវករលក់ដូរតាមចិញ្ចើមផ្លូវផងដែរ។ ការផ្ដល់ចំណេះដឹង និងឧបករណ៍នានា ដើម្បីធានាបានសុវត្ថិភាពម្ហូបអាហាររបស់ពួកគាត់ មិនត្រឹមតែជួយការពារសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ពួកគេ និងការពេញចិត្តពីអតិថិជនផងដែរ។
ការគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងទីភ្នាក់ងារជំនួយអន្តរជាតិអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមដែលអាជីវករលក់ដូរតាមដងផ្លូវជួបប្រទះ។ អង្គការទាំងនេះអាចសហការជាមួយរដ្ឋាភិបាលក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានមីក្រូឥណទានសម្រាប់អាជីវករលក់ដូរតាមដង-ផ្លូវ ជាពិសេសស្ត្រី ដើម្បីជួយពួកគេលើកកម្ពស់អាជីវកម្ម និងជីវភាពរស់នៅរបស់ពួកគាត់។
នៅឆ្នាំនេះ ក្នុងឱកាសទិវាអាជីវករលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី ១១ អង្គការអុកស្វាម ព្រមជាមួយនឹងដៃគូ និងភាគីពាក់ព័ន្ធផ្សេងទៀត រួមគ្នាអបអរសាទរចំពោះសារៈសំខាន់នៃការធ្វើបរិយាបន្នសង្គម និងការទទួលស្គាល់អាជីវករលក់ដូរតាមដងផ្លូវ ជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធតម្រូវការរបស់ពួកគាត់ និងការរួមចំណែករបស់ពួកគាត់ដល់សង្គមកម្ពុជា។ នៅកម្ពុជាយើងមានគោលបំណងក្លាយជាសង្គមមានបរិយាបន្ន ដែលមិនទុកនរណាម្នាក់ចោលឡើយ។
ដើម្បីសម្រេចគោលបំណងនេះបាន យើងត្រូវការគោលនយោបាយគាំពារសង្គមដែលមានភាពបិរយាបន្ន និងសមធម៌ សម្រាប់ពលរដ្ឋគ្រប់រូប។ ជារឿងសំខាន់ ដែលរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ រួបរួមគ្នា និងប្រឹងប្រែងធ្វើការដើម្បីបង្កើតមជ្ឈដ្ឋានអំណោយផលសម្រាប់អាជីវករលក់ដូរតាមដងផ្លូវឱ្យរីកចម្រើនលូតលាស់ និងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក ហើយធានាបានសុវត្ថិភាពម្ហូបអាហារ និងសុខភាពសាធារណៈ។ អង្គការអុកស្វាម និងដៃគូត្រៀមលក្ខណៈរួចរាល់ដើម្បីធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយនាំឱ្យការផ្ដល់សេវាគាំពារសង្គមក្លាយជាការពិតសម្រាប់អាជីវករលក់ដូរតាមដងផ្លូវ៕
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម