ភ្នំពេញៈ ព្រះករុណា សម្តេចព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា បារាំងបានយកចិត្តទុកដាក់លើកម្ពុជាតាមរយៈជំនួយគ្រប់រូបភាពដែលរដ្ឋាភិបាលបារាំង ផ្តល់ជូនកម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសកិច្ចគាំទ្រលើវិស័យវប្បធម៌។
ទ្រង់មានព្រះរាជបន្ទូលដូច្នេះ នាអំឡុងព្រះរាជសវនាការរវាងព្រះអង្គ និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) នៅវិមាន Elysee ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់ព្រះអង្គ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌-មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេស បានលើកឡើងថា ព្រះមហាក្សត្រ បានអរគុណចំពោះរដ្ឋាភិបាលបារាំងដែលតែងជួយកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ខណៈបារាំងក៏ដើរតួនាទីសំខាន់ផងដែរក្នុងកិច្ចអភិរក្សវប្បធម៌ខ្មែរដូចជា ការអភិរក្សតំបន់អង្គរដែលបារាំងបន្តជួយរហូតដល់ឆ្នាំ២០៣២ ដោយបារាំងចាត់ទុកថា ជាការងារអាទិភាពមួយ។
ព្រះមហាក្សត្រក៏បានសម្តែងក្តីរំពឹងចំពោះគម្រោងសិក្សាជួសជុល និងពង្រីកសារមន្ទីរជាតិដោយអ្នកជំនាញបារាំង, កិច្ចសហប្រតិបត្តិការរវាងសារមន្ទីរ-ជាតិនៃកម្ពុជា និងសារមន្ទីរ Gu-imet របស់បារាំង ព្រមទាំងការងារជួសជុលបដិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅបារាំង និងសារមន្ទីរនានាផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះដែរ លោកប្រធានាធិបតីបារាំង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បារាំងលើការបន្តជួយដល់វិស័យនានា ជាពិសេសវិស័យសុខាភិបាលតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចគាំទ្រកម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យសុខាភិបាល។
លោកម៉ាក្រុង បញ្ជាក់ថា៖ «បារាំងនឹងជួយដល់វិស័យវប្បធម៌កម្ពុជាជាពិសេសគម្រោងជួសជុល និងពង្រីកសារមន្ទីរជាតិ គម្រោងជួសជុលព្រះវិស្ណុធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងបង្ហាញនៅបារាំង ហើយបារាំងនឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III ក្នុងបរិវេណព្រះបរមរាជវាំង ផងដែរ»។ លោកបន្តថា ជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ជាគំរូនៃពហុភាគីនិយម។
ក្នុងជំនួបសវនាការនោះដែរ កម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍របស់អង្គការ្រហ្វង់កូហ្វូនី ដោយលោកម៉ាក្រុង ក៏បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអង្គការប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខ ខណៈបារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។
ក្នុងពេលនោះដែរ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូល្រហ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយព្រះអង្គទ្រង់មានព្រះរាជបន្ទូលថា ៖ «ការគាំទ្ររបស់បារាំងមានតម្លៃយ៉ាងខ្លាំង ពីព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់បារាំងនៅអាស៊ី»។
នាចុងបញ្ចប់នៃសវនាការនោះលោកម៉ាក្រុងបានយាងព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូល ្រហ្វង់កូហ្វូនីលើកទី១៩ នៅទីក្រុងប៉ារីស នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤ ហើយព្រះករុណាទ្រង់ក៏បានអញ្ជើញប្រធានា-ធិបតីបារាំង និងភរិយា ចូលរួមកិច្ចប្រជុំកំពូល្រហ្វង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជាផងដែរ ដោយលោក ម៉ាក្រុង ក៏បានបញ្ជាក់ភ្លាមៗនូវសេចក្តីរីករាយក្នុងការចូលរួមផងដែរ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងថា បារាំងជាប្រទេសមួយ ដែលមានទំនាក់ទំនងយូរជាមួយកម្ពុជាតាំងពីទំនាក់ទំនងជាអាណានិគមមក ដែលជាដៃគូសហប្រតិបត្តិការ នៅក្នុងវិស័យនយោបាយ សង្គម សេដ្ឋកិច្ច វប្បធម៌ ជាពិសេសតួនាទីបារាំង ដែលជួយធ្វើឱ្យកើតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
លោកនិយាយថា៖«កម្ពុជានិងបារាំងគួរតែបង្កើនកិច្ចសហប្រតិបត្តិការនឹងគ្នា ថែមទៀតនៅលើគ្រប់វិស័យដោយសារមួយរយៈចុងក្រោយនេះខ្ញុំមើលឃើញថា ឥទ្ធិពលបារាំងនៅកម្ពុជា ហាក់ថមថយនៅទសវត្សរ៍ចុងក្រោយ ទាំងការវិនិយោគរបស់បារាំងក៏ថយចុះ ចំនួនអ្នកប្រើភាសាបារាំងក៏ថយចុះ កាន់តែតិចទៅៗ»។
លោកសង្កត់ធ្ងន់ថា ក្នុងទិដ្ឋភាពការបរទេសសព្វថ្ងៃ បារាំងសម្លឹងឃើញកម្ពុជាក្នុងនាមជាសមាជិកអាស៊ាន ហើយកម្ពុជាតែងគាំទ្របារាំង ក្នុងឆាកនយោបាយអន្តរជាតិហើយកម្ពុជា ទៀតសោតក៏ត្រូវការជំនួយនានារបស់បារាំងផងដែរដែលប្រទេសទាំង២ គួរពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត។
សូមជម្រាបដែរថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី បានយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកាដើម្បីចូលរួមសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋាន ប្រវត្តិសាស្ត្រតំបន់អង្គរ ដែលនឹងរៀបចំឡើង ក្នុងសម័យប្រជុំលើកទី៤២នៃសន្និសីទអង្គការយូណេស្កូ ដែលធ្វើឡើងនៅប្រទេសបារាំង៕