ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA របស់កូរ៉េខាងត្បូង បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា លើវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជាជាពិសេសលើផ្នែកផលិតនាវា និងកប៉ាល់។
ការសម្រេចនេះ គឺធ្វើឡើងក្នុងកិច្ចពិភាក្សាត្រីភាគីរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា និងលោក Kim Dong il អគ្គនាយករងក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែលភាគច្រើនផលិតនាវា និងកប៉ាល់ធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងជំនួបនោះ គ្រប់ភាគីបានឯកភាពលើការបណ្តុះបណ្តាលប្រជាពលរដ្ឋកម្ពុជាឱ្យមានចំណេះដឹងលើវិស័យឧស្សាហកម្មធុនធ្ងន់ក្នុងច្រវាក់ផលិតកម្មផលិតនាវា និងកប៉ាល់ដែលកំពុងមានសក្តានុពល។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ក្នុងជំនួបខាងលើ លោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េខាងត្បូងនិងក្រុមហ៊ុនដែលបានផ្តល់វគ្គបណ្តុះបណ្តាលនេះជូនពលរដ្ឋកម្ពុជា ឱ្យមានជំនាញក្នុងវិស័យឧស្សាហកម្មធុនធ្ងន់មួយនេះ។
លោកបញ្ជាក់ថា៖« ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រដល់ក្រុមហ៊ុន ក្នុងការបណ្តុះបណ្តាលលើជំនាញនេះនៅកម្ពុជាឱ្យទទួលបានភាពជោគជ័យ»។
សម្រាប់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងវិញ បានបញ្ជាក់ថា កិច្ចសហការបណ្តុះបណ្តាលធុនធ្ងន់នេះ នឹងក្លាយជាចំណុចជ្រោមជ្រែងដ៏សំខាន់បន្ថែមទៀត ដែលនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែស្អិតល្មួត និងស៊ីជម្រៅទាំងផ្នែកសេដ្ឋកិច្ច និងភាពជាមិត្តរបស់ប្រជាជននៃប្រទេសទាំង២។
គួរជម្រាបថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកម្រិតពិភពលោក HYUNDAI Group ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧២ ដែលមានជំនាញលើការផលិតកប៉ាល់ និងនាវាធំៗ។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ុន បានថ្លែងប្រាប់បន្ថែមថា កិច្ចសហការលើការអភិវឌ្ឍធនធានមនុស្សកម្ពុជាលើឧស្សាហកម្មធុនធ្ងន់គឺសំដៅលើផ្នែកផលិតកប៉ាល់។ លោកបន្តថាចំណែកពេលវេលានៃការអនុវត្តជាក់ស្តែងនោះ គឺក្រសួងបានស្នើសុំភាគីក្រុមហ៊ុនកូរ៉េឱ្យបានលឿន ខណៈក្រុមហ៊ុននឹងជូនដំណឹងតាមក្រោយ។
ប្រធានសហព័ន្ធសហជីពឥទ្ធិពលការងារលោក ម៉ាន់ សេងហាក់ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានថ្លែងថា កិច្ចសហការបណ្តុះបណ្តាលនេះ នឹងផ្តល់ចំណេះជំនាញបន្ថែមដល់ពលរដ្ឋកម្ពុជាផ្នែកឧស្សាហកម្មធុនធ្ងន់នេះ។
លោកថា៖«ក្នុងករណីបណ្តុះបណ្តាលទទួលបានប្រសិទ្ធភាព នឹងអាចទាក់ទាញវិនិយោគិនបរទេសផ្នែកធុនធ្ងន់មកកាន់កម្ពុជា»។
កិច្ចសហការខាងលើធ្វើឡើងស្របពេល ដែលរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ចេញឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដោយឥតគិតថ្លៃ ដើម្បីផ្តល់ជំនាញឆាប់រហ័ស និងទទួលបានការងារធ្វើសមរម្យ។
ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលនេះ ដំណើរទៅប្រកបដោយភាពជោគជ័យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធដោយបានកំណត់ជ្រើសរើសវិស័យ និងមុខជំនាញអាទិភាព ដោយធ្វើការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយអាទិភាព ឬយុទ្ធសាស្ត្រនយោបាយនានាដោយកំណត់បានមុខជំនាញសម្រាប់ជំហានដំបូង ចំនួន ៣៨ មុខជំនាញ នៅក្នុងវិស័យអាទិភាពចំនួន ១០។
ក្នុងនោះរួមមានរួមមាន សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា៕