ភ្នំពេញៈ កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ រួមគ្នាបើកសម្ពោធសប្តាហ៍ថាមពលស្អាតកម្ពុជា ឆ្នាំ ២០២៣ ដោយអំពាវនាវឱ្យមានសកម្មភាពសម្របសម្រួលលើអន្តរកាលថាមពលស្អាតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
កម្មវិធីបើកសម្ភោធសប្តាហ៍ថាមពលស្អាត ២០២៣ នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងវត្តមានរបស់ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា អង្គការដៃគូនិងភាគីពាក់ព័ន្ធផ្សេងៗដែលធ្វើការក្នុងវិស័យថាមពលស្អាតផងដែរ។ប្រធានបទនៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះគឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។
សេចក្តីប្រកាសរួមស្តីពីការសម្ពោធនេះ បានឱ្យដឹងថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះរួមមានកម្មវិធីដូចជា កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជន។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា លោក ចាស្ទីន វ៉ាយអេត មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសថា អន្តរកាលថាមពលស្អាតរបស់កម្ពុជា គឺជាឱកាសមួយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។
លោកបន្តថា អូស្ត្រាលីប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការធ្វើអន្តរកាលថាមពលកកើតឡើងវិញទៅក្នុងបណ្តាញអគ្គិសនីមេ ដើម្បីជួយកម្ពុជា សម្រេចបាននៅលទ្ធផលតាមការរំពឹងទុក។
លោកបន្ថែមថា៖«តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុនអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតលើការរួមបញ្ចូលថាមពលកកើតឡើងវិញ។
CAPRED ក៏កំពុងអនុវត្តគម្រោង ដែលជួយឱ្យប្រជាជននៅតំបន់ដាច់ស្រយាល ដែលមិនទាន់ត្រូវបានភ្ជាប់ទៅកាន់បណ្តាញអគ្គិសនី ឱ្យមានលទ្ធភាពភ្ជាប់ទៅនឹងបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលសូឡា និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល (ESCOs)»។
លោកស្រី AlissarChaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា (UNDP) មានប្រសាសន៍ថា ការទទួលយកថាមពលស្អាតមិនមែនជាគោលជំហរមនោគមន៍វិជ្ជាទេ ប៉ុន្តែវាគឺជាឱកាសអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កម្ពុជាក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន។
លោកស្រីថ្លែងថា៖«UNDP កំពុងធ្វើការដើម្បីលើកកម្ពស់ និងគាំទ្រដល់អន្តរកាលថាមពលនៅក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល បញ្ញវន្ដ និងស្ថាប័នឯកជន»។
លោកស្រីបន្ថែមថា ជាឧទាហរណ៍ ក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះ UNDP បានគាំទ្របទប្បញ្ញត្តិសំខាន់ៗដូចជា ការណែនាំអំពីថាមពលសូឡានៅលើដំបូល និងប្រសិទ្ធភាពថាមពលនៅក្នុងអគារ និងបានតភ្ជាប់បណ្ដាញអគ្គិសនីដល់ភូមិខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយផ្តល់លទ្ធភាពទៅដល់សហគមន៍ដាច់ស្រយាល និងតំបន់ដែលនៅខ្វះខាតផងដែរ។
ចំណែកលោក Matthew Allen លេខាទី១ ផ្នែកអភិវឌ្ឍន៍ របស់ស្ថានទូតនូវែលសេឡង់ប្រចាំកម្ពុជា ឡាវ និងថៃ យល់ថា ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត នឹងផ្តល់ឱកាស ដើម្បីបណ្តុះការផ្លាស់ប្តូរជាវិជ្ជមាន និងចែករំលែកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក្នុងការដោះស្រាយបញ្ហាបន្ទាន់បំផុត ដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប (EnergyLab Cambodia)មានប្រសាសន៍ថា «យើងសង្ឃឹមថាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ នឹងគាំទ្រដល់គោលដៅមួយរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលក្នុងការបង្កើនថាមពលកកើតឡើងវិញអថេរ (VRE) និងថាមពលសូឡា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា»៕