ភ្នំពេញៈ ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ បានចេញលិខិតសូមទោសក្រសួងព័ត៌មាន និងបានផ្តល់ឈ្មោះចំនួនអ្នកសារព័ត៌មានជាង ៨០០ នាក់ ដែលខ្លួនបានផ្តល់លុយកាក់នាពេលកន្លងមក ខណៈក្រសួងព័ត៌មាន ដាក់កំហិតទៅលើបុគ្គល ទទួលលុយនោះត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ការផ្តល់បញ្ជីឈ្មោះនេះ បន្ទាប់ពីក្រសួងព័ត៌មានកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ តម្រូវឱ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) សហការផ្តល់នូវរបាយការណ៍ពាក់ព័ន្ធករណីក្រុមហ៊ុននេះ បានផ្ដល់លុយកាក់ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន និងបានតម្រូវឱ្យបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។
ជុំវិញរឿងនេះ ក្រសួងបានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន លើករណីដែលក្រុមហ៊ុននេះបានចេញលិខិតធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជា្ជជីវៈសារព័ត៌មាន។
សេចក្តីប្រកាសបញ្ជាក់ថា៖«តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុនបានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាននៅកម្ពុជា»។
ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះ បុគ្គលចំនួន ៨២៨ រូប ដែលក្រុមហ៊ុន បានបញ្ជាក់ថាជាអ្នកសារព័ត៌មាន ដែលបានមកសុំលុយកាក់ពីក្រុមហ៊ុនជូនក្រសួងព័ត៌មាន។ ក្រសួងព័ត៌មានសូមបញ្ជាក់ជូនសាធារណជនថា ចំនួនតួលេខដែលក្រុមហ៊ុនកាស៊ីណូ បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថាជា អ្នកសារព័ត៌មាន។
បើតាមក្រសួងព័ត៌មាន បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង ៨២៨ រូបនេះ បានតម្កល់ទុកនៅក្រសួងព័ត៌មាន ហើយ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់។
ករណីការចេញផ្សាយ និងការផ្តល់បញ្ជីឈ្មោះអ្នកសារព័ត៌មានរបស់ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ក្រសួងព័ត៌មានបានពិនិត្យជាក់ស្ដែងឃើញថា គឺពិតជាមានអ្នកសារព័ត៌មានចូលទៅសុំលុយក្រុមហ៊ុននេះប្រាកដមែន។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានលើកឡើងថា សកម្មភាពរបស់អ្នកសារព័ត៌មានចំនួនជាង ៨០០ នាក់ ដែលទទួលលុយកាក់ពីម្ចាស់ក្រុមហ៊ុនឯកជនមួយ គឺជារឿងធ្វើឱ្យប៉ះពាល់ខ្លាំងណាស់ទៅលើក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្នូរបស់អ្នកកាសែតដែលប្រកាន់ខ្ជាប់វិន័យបានត្រឹមត្រូវផ្សេងទៀតនៅកម្ពុជា។
លោកថា៖ «សម្រាប់ខ្ញុំការអប់រំ និងការស្វែងយល់បន្ថែមទៀតលើបញ្ហានេះ មិនមានបញ្ហាអ្វីទេ ក៏ប៉ុន្តែការឈានទៅដល់ការចាត់វិធានការផ្សេងៗ ខ្ញុំគិតថាគួរមិនទាន់ដល់ថ្នាក់ហ្នឹងទេ។ យើងដឹងហើយថាកម្រិតនៃក្រមសីលធម៌វិជ្ជាជីវៈបងប្អូនអ្នកសារព័ត៌មានតាមបណ្តាខេត្តនោះបែបណា នោះយើងគួរតែផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈឱ្យបានទូលំទូលាយ» ។
ក្រសួងព័ត៌មានបញ្ជាក់ថា ដើម្បីបន្តវិធានការចំពោះបុគ្គលដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឱ្យអ្នកសារព័ត៌មាននិងបុគ្គលដែលជាប់ពាក់ព័ន្ធ ករណីសុំលុយពីកាស៊ីណូ ថបដាយអឹម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន រៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។
ក្រសួងព័ត៌មាន ក៏បានក្រើនរំឭកជាចុងក្រោយដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជាអ្នកសារព័ត៌មានត្រូវលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ចៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឱ្យអាប់ឱនដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។
ករណីនៅតែមានការបំពានច្បាប់ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាននឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕