ភ្នំពេញ : ពិព័រណ៍«ក្រឡេកមើលក្រោយ ដើម្បីឆ្ពោះទៅមុខ៖ ៣០/៣០/៣០ រឿងរ៉ាវនៃការផ្លាស់ប្ដូរ» ដែលរៀបចំដោយអ្នកថតរូបជនជាតិព័រទុយហ្គាល់ដ៏ល្បីឈ្មោះ លោក មីហ្គែល ជេរ៉ូនីម៉ូ ជាពិព័រណ៍ស្នាដៃលើសការបង្ហាញរូបថត។
វាជាដំណើរឆ្លងកាត់កិច្ចខិតខំប្រឹងប្រែង៣ទសវត្សរ៍នៅកម្ពុជា។ ពិព័រណ៍នេះ ដែលជាការប្រារឰខួបលើកទី៣០ របស់ អង្គការ Heinrich BoellStiftung (hbs) នៅកម្ពុជា បង្ហាញរឿងចំនួន ៣០ ពីអង្គការសង្គមស៊ីវិលចំនួន ៣០ និងគម្រោងមូលដ្ឋាន។
លោក ជេរ៉ូនីម៉ូ អ្នកថតរូបដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ពន្យល់ថា៖ «សាច់រឿងជាស៊េរីនេះមានគោលបំណងបង្ហាញរឿងរ៉ាវជាច្រើននៃការផ្លាស់ប្តូរនៅក្នុងប្រទេស ដោយផ្តោតលើប្រធានបទ ដូចជា ការដាក់បញ្ចូលសង្គម យេនឌ័រ បរិស្ថាន និងសិទ្ធិ»។
លោក ជេរ៉ូនីម៉ូ ជាអ្នកយកចិត្តទុកដាក់លើបញ្ហាសង្គម និងបរិស្ថាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងត្រូវបានបំផុសគំនិតដោយមនុស្សជាច្រើន រួមទាំងអង្គការសង្គមស៊ីវិលចំនួន ៣០ ផ្សេងគ្នា ក៏ដូចជា ដើម្បីជំរុញការអភិវឌ្ឍប្រទេសកម្ពុជា»។
ការតាំងពិព័រណ៍នេះស្របពេលជាមួយនឹងការចាប់ផ្តើមនៃការបោះពុម្ពផ្សាយ «សាវតារនៃភាពក្លាហាន៖ ដៃគូ ៣០ឆ្នាំ ពីការក្រឡេកមើលទៅក្រោយ ដើម្បីឆ្ពោះទៅមុខ» របស់អង្គការ (hbs) នៅកម្ពុជា។
លោកបានចែករំលែកថា៖ «Heinrich Boll Stiftungជាមូលនិធិបៃតងត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយគាំទ្រដល់អង្គការក្នុងស្រុកដែលធ្វើការលើប្រធានបទចម្រុះ ដូចជា យេនឌ័រ និងបរិស្ថានវិទ្យា»។
លោកបានពន្យល់ថា ការតាំងពិព័រណ៍ផ្តោតលើដៃគូជាច្រើនដែលមូលនិធិ Heinrich BoellStiftung (hbs) បានសហការក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នេះមិនត្រឹមតែរួមបញ្ចូលអង្គការក្រៅរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានគំនិតផ្តួចផ្តើមតូចៗជាច្រើនដែលដឹកនាំដោយយុវជនផងដែរ។ គំនិតផ្តួចផ្តើមទាំងនេះផ្តល់សេវាកម្មដ៏មានតម្លៃ និងបង្កើតកន្លែងសម្រាប់ការចូលរួមរបស់យុវជនក្នុងបញ្ហាសង្គម។
លោកបានគូសបញ្ជាក់ថា ការចូលរួមរបស់ពួកគេមានចាប់ពីការរៀបចំការតាំងពិព័រណ៍សិល្បៈ និងព្រឹត្តិការណ៍ដែលលើកកម្ពស់ការយល់ដឹងអំពីប្រធានបទសំខាន់ៗ ការបង្កើតក្រុមតូចៗ ដែលផ្តួចផ្តើមយុទ្ធនាការ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាវិជ្ជមាន និងផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់សហគមន៍ ដែលកំពុងប្រឈមមុខនឹងបញ្ហា ដូចជា ជនជាតិដើមភាគតិចដែលមានហានិភ័យនៃការបាត់បង់ដី ឬវប្បធម៌។
នៅពេលសួរអំពីបញ្ហាប្រឈម លោក ជេរ៉ូនីម៉ូ បានឱ្យដឹងថា៖ «បញ្ហាប្រឈមដ៏សំខាន់មួយគឺដំណើរការជ្រើសរើស។ យើងបានសម្ភាសមនុស្សជាច្រើន ហើយបានថតរូបរាប់មិនអស់។ នៅទីបំផុត ការតាំងពិព័រណ៍នឹងបង្ហាញរូបថតជាង ១០០ សន្លឹក អមដោយអត្ថបទដែលផ្តល់អត្ថន័យទៅដល់ប្រធានបទ»។
ស្ទីលថតរូបរបស់លោកមានគោលបំណងផ្ដោតលើការនិទានរឿងជាច្រើន និងផ្សព្វផ្សាយការងាររបស់អង្គការ និងគម្រោងដែលពាក់ព័ន្ធទាំងអស់។
លោកនិយាយថា៖ «ខ្ញុំសង្ឃឹមថា វានឹងទាក់ទាញចិត្ដអ្នកទស្សនា»។ ការនិទានរឿងរបស់ អាណាន់ បាលីហ្គា បានបង្គ្រប់អត្ថន័យទៅដល់រូបថតរបស់លោក ជេរ៉ូនីម៉ូ ដោយជាមួយគ្នានូវដំណើរសាច់រឿងដែលតំណាងឱ្យចលនាឆ្ពោះទៅមុខ បញ្ហាប្រឈម និងវឌ្ឍនភាពរបស់កម្ពុជា។
ដោយលម្អិតពីកិច្ចសហការនេះ លោក ជេរ៉ូនីម៉ូ បានលើកឡើងថា៖ «ក្រុមផលិតកម្ម និងខ្ញុំបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន។ យើងបានធ្វើការសម្ភាសជាច្រើន ជួបជាមួយសហគមន៍ និងបុគ្គលិកសង្គមជាដើម។
បន្ទាប់មក អាណាន់ បាលីហ្គា បានជួយយើងកែសម្រួលសំណេរ ហើយអ្នកស្រី ផូឡា អាស៊ូប៊ូជី នាយក hbsបានផ្ដល់គំនិតយោបល់ជាច្រើន។ វាជាការខិតខំប្រឹងប្រែងជាក្រុមពិតប្រាកដ»។
លោកបានបង្ហាញពីក្តីសង្ឃឹមថា ការចាប់ផ្តើមនៃការបោះពុម្ពផ្សាយ «សាវតារនៃភាពក្លាហាន» ដែលស្របពេលជាមួយនឹងការតាំងពិព័រណ៍នឹងលើកទឹកចិត្តអ្នកអានឱ្យចំណាយពេលវេលាក្នុងការស្វែងយល់ដឹងអំពីរឿងរ៉ាវផ្លាស់ប្តូរទាំងនេះ។
លោក ជេរ៉ូនីម៉ូ បាននិយាយថា ពិព័រណ៍រូបថតជាស៊េរីនេះមិនផ្ដោតលើការស្ទាបស្ទង់មតិពេញលេញទូទាំងប្រទេសនេះទេ តែជាការបង្ហាញរឿងរ៉ាវ។
រឿងទាំងនេះបង្ហាញពីទំនាក់ទំនងមនុស្ស និងអង្គការដែលធ្វើការប្រចាំថ្ងៃដើម្បីអនុវត្ដគំនិត កម្ពុជា ជាគ្រួសារជាទីកន្លែងធ្វើការដោយស្មើភាព និងរីកចម្រើន ហើយធម្មជាតិត្រូវបានគោរព និងថែរក្សា ហើយប្រជាជនកម្ពុជាគ្រប់រូបមិនថា ក្រុមជនជាតិភាគតិច ភេទ ឬវណ្ណៈសេដ្ឋកិច្ចសង្គមបែបណានោះទេ ត្រូវបានចាត់ទុក ដោយស្មើភាព និងការរីកចម្រើនរបស់ពួកគេត្រូវបានគិតគូរ។ លោកបានលើកឡើងថា ការក្រឡេកទៅមើលរឿងទាំងនេះ ជួយឱ្យឃើញផ្លូវសម្រាប់ការឈានទៅមុខ។
ពិព័រណ៍«ក្រឡេកមើលក្រោយ ដើម្បីឆ្ពោះទៅមុខ៖ ៣០/៣០/៣០ រឿងរ៉ាវនៃការផ្លាស់ប្ដូរ» បើកទ្វាររបស់ខ្លួននៅ Meta House ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ហើយដំណើរការដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣៕