ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានទទួលនូវការជឿទុកចិត្តគាំទ្រពីកិច្ចប្រជុំនៃរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិកចំនួន ១៦៤ ប្រទេស បានសម្រេចឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងធ្វើជាប្រធានអនុសញ្ញាអូតាវ៉ានេះ ពេញ ១ ឆ្នាំតែម្តងនាឆ្នាំ ២០២៤ ដែលកម្ពុជានឹងទទួលបានញញួរធ្វើជាប្រធាននេះនៅសប្តាហ៍ក្រោយ នៅប្រទេសស្វ៊ីស។
នេះជាការថ្លែងបញ្ជាក់ឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាសន្និសីទសារព័ត៌មានទាក់ទងនឹងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី «ពិភពលោក ១ ដែលគ្មានមីន (កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា)» កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នាទីស្នាក់ការអាជ្ញាធរមីន។
លោកបានថ្លែងថា៖ «វាគឺជាកិតិ្តយសដ៏ធំធេងណាស់សម្រាប់ប្រទេសកម្ពុជា យើងបានទទួលធ្វើជាប្រធាន ហើយក៏ជាប្រទេសលើកដំបូងនៅតំបន់អាស៊ីនេះដែរ។ អាជ្ញាធរមីននឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំរដ្ឋភាគីនៅថ្ងៃទី ២០-២៥ ខែវិច្ឆិកានេះ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ហើយពេលនោះ កម្ពុជានឹងទទួលបានញញួរធ្វើជាប្រធានអនុសញ្ញាអូតាវ៉ា ១ ឆ្នាំពេញក្នុងឆ្នាំ ២០២៤ ផងដែរ»។
លោក លី ធុជ បានបន្តថា៖ «ការទទួលបានញញួរនេះ មិនមែនតែអាជ្ញាធរមីននោះទេ តែគឺរាជរដ្ឋាភិបាល រួមនឹងប្រជាជនយើងទាំងមូលតែម្តងដែលក្លាយជាប្រធាន ជាម្ចាស់អនុសញ្ញាអូតាវ៉ានេះ ដែលស័ក្តិសមសម្រាប់កម្ពុជា ដែលបានបញ្ចប់នូវការឈឺចាប់នៃមនុស្សលោកពីសំណល់ជាតិផ្ទុះនៃសង្គ្រាមនេះ»។
នៅពេលដែលកម្ពុជា បានទទួលធ្វើជាប្រធានហើយ នៅឆ្នាំ២០២៤ នេះ កម្ពុជាមានសកម្មភាពសំខាន់ៗមួយចំនួនក្នុងនោះរួមមាន ការជំរុញការអនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់ប្រទេសចំនួន ៣៦ ដែលមិនទាន់ចូលជាសមាជិក និងប្រទេសជាសមាជិកអាស៊ាន ចំនួន ៤ គឺ ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា វៀតណាម និងប្រទេសឡាវ។ ដូចនេះ កម្ពុជានឹងកៀរគរ បញ្ចុះបញ្ចូលប្រទេសទាំងនេះ ឱ្យចូលជាសមាជិកសន្ធិសញ្ញាអូតាវ៉ានេះ។ នេះបើតាមលោក លី ធុជ បន្ថែម។
លោកថា ៖ «ពិភពលោកទាំងមូលបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេស១ ដែលជោគជ័យលើការងារបោសសម្អាតមីន ជោគជ័យពីការផ្ទេរពីប្រទេសមានសង្គ្រាមមកជាប្រទេសមានសន្តិភាព។ ទាំងនេះហើយដែលធ្វើឱ្យគណៈគ្រប់គ្រងនៃអនុសញ្ញាអូតាវ៉ា និងប្រទេសជាសមាជិក ជឿ និងទុកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ានេះ»។
សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញានៃអង្គការសហប្រជាជាតិដែលមានប្រទេសចំនួន ១៦៤ ជារដ្ឋភាគីជាសមាជិក ដែលបានចុះហត្ថលេខា និងបានគាំទ្រនូវការអនុវត្តអនុសញ្ញាអូតាវ៉ានេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
ទាក់ទងនឹងកម្ពុជា ធ្វើជាប្រធានអនុសញ្ញាអូតាវ៉ានេះ លោក លី ធុជ បានថ្លែងឱ្យដឹងដែរថា កិច្ចប្រជុំកំពូលដែលនឹងធ្វើនៅកម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនជូនជាតិមាតុភូមិ ហើយក្នុងនាំជាម្ចាស់ផ្ទះ និងជាប្រធាននៃកិច្ចប្រជុំកំពូលអនុសញ្ញាអូតាវ៉ានេះ កម្ពុជានឹងចែករំលែកនូវបទពិសោធន៍នៃកត្តាវិជ្ជមានដែលកម្ពុជាបានទទួលបន្ទាប់ពីការខិតខំប្រឹងប្រែងរហូតទាញប្រទេសឱ្យមានសុខសន្តិភាពនេះ។
កិច្ចប្រជុំអនុសញ្ញាអូតាវ៉ាដែលប្រារព្ធឡើងនៅខេត្តសៀមរាប នឹងមានប្រទេសចំនួនជិត ២០០ ប្រទេស លើពិភពលោក មកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាខែវិច្ឆិកា ឆ្នាំ២០២៤ ផងដែរ។
សូមរំឭកថា អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាមួយដែលហាមឃាត់ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរនៃគ្រាប់មីនប្រឆាំងមនុស្សលោក។ គ្រាប់មីនប្រឆាំងមនុស្សលោកត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាម ហើយបានផ្តល់នូវការឈឺចាប់ ការលំបាក ការស្លាប់ និងពិការភាពជាច្រើនរបស់ប្រជាពលរដ្ឋនៅក្នុងពិភពលោក និងបានធ្វើឱ្យដីស្រែចម្ការជាច្រើនហិកតាពុំអាចអនុញ្ញាតឱ្យប្រជាកសិករប្រើប្រាស់ពោរពេញដោយសុវត្ថិភាពបានឡើយ៕