ភ្នំពេញៈ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ដល់អនុសាសន៍ណែនាំ ឱ្យមន្ទីរពេទ្យព្រះអង្គឌួង បន្តសកម្មភាពក្នុងការពង្រីកអគារសម្រាក-ព្យាបាលបន្ថែម និងធ្វើទំនើបកម្មមន្ទីរពេទ្យ ដើម្បីផ្ដល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការផ្ដល់អនុសាសន៍ណែនាំបែបនេះ ខណៈដែលលោក ឈាង រ៉ា បានចុះមកពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងមកសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសុខាភិបាល។
ក្នុងការចុះពិនិត្យនេះដែរ លោក ឈាង រ៉ា បានវាយតម្លៃខ្ពស់ពីភាពរីកចម្រើនរបស់មន្ទីរពេទ្យ ទាំងសំណង់អគារថ្មីៗ និងអគារដែលមានស្រាប់ ដោយត្រូវបានរៀបចំ និងជួសជុលឡើងវិញបានយ៉ាងល្អប្រសើរ រួមទាំងសម្ភារបរិក្ខារវេជ្ជសាស្ត្រ និងធនធានមនុស្សមានជំនាញច្បាស់លាស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
លោកថ្លែងថា៖ «ទន្ទឹមនឹងការរីកចម្រើននេះ ខ្ញុំសូមផ្តល់អនុសាសន៍បន្ថែមទៀតក្នុងការបន្តសកម្មភាពតទៅមុខទៀតដូចជាការធ្វើទំនើបកម្មមន្ទីរពេទ្យប្រកបដោយនវានុវត្តន៍ ឌីជីថល និងមានការទទួលស្គាល់គុណភាព និងការជំរុញអនុវត្តគម្រោងសាងសង់អគារថ្មីៗបន្ថែមទៀត។ ជាពិសេសបន្តអនុវត្តសកម្មភាព ដែលមានស្រាប់ ដោយធានាឆ្លើយតបនឹងអាទិភាពដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ក៏ដូចជាអាទិភាពរបស់ក្រសួងសុខាភិបាល»។
បើតាមលោក ឈាង រ៉ា បានបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលក្នុងនោះវិស័យសុខាភិបាលជាវិស័យអាទិភាព១ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ លោកបន្តថា ដើម្បីឈានទៅសម្រេចបាន ការគ្របដណ្តប់សុខភាពជាសកល ត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង ៩ចំណុច និងអាទិភាពគន្លឹះរួមមានពង្រឹងមណ្ឌលសុខភាព តាមរយៈការពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់ឧបករណ៍សម្ភារបរិក្ខារវេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ឱសថឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីធានាការផ្តល់សេវា ២៤ ម៉ោង លើ ២៤ ម៉ោង។
លោកបន្ថែមថា ក្រៅពីនេះ ពង្រឹងគុណភាពសេវាថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យជាតិ ដោយផ្តោតទៅលើការពង្រឹងផ្នែកប្រពោធនកម្ម ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្រ។ ហើយនិងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅគ្រប់កម្រិត តាមរយៈការបណ្តុះបណ្តាលផ្នែកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ថ្លែងថា ការផ្តល់អនុសាសន៍ជាសារជំរុញ និងលើកទឹកចិត្ត ពីព្រោះមន្ទីរពេទ្យព្រះអង្គឌួងជាមន្ទីរពេទ្យពេញនិយម១ដែលជួយផ្ដល់សេវាព្យាបាលជូនទៅដល់ប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព។ លោកបន្តថា មន្ទីរពេទ្យនេះ ក៏មានកេរ្តិ៍ឈ្មោះល្បីក្នុងការព្យាបាលជំងឺត្រចៀក ច្រមុះ និងជំងឺផ្សេងៗទៀត ខណៈដែលជាទូទៅប្រជាពលរដ្ឋដែលមានបញ្ហាជំងឺបែបនេះតែងតែទៅព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកថ្លែងថា៖ «អ៊ីចឹង! រដ្ឋមន្ត្រីលោកចុះមកពិនិត្យមន្ទីរពេទ្យនេះ វាជាការល្អ ហើយសង្ឃឹមថាគាត់អាចនឹងទៅធ្វើការចុះពិនិត្យនៅតាមមន្ទីរពេទ្យផ្សេងៗទៀត ជាពិសេសជំរុញវិស័យណាដែលមិនទាន់ដើរបានល្អនៅក្នុងមន្ទីរពេទ្យឱ្យកាន់តែប្រសើរ»។
លោក យង់ គិមអេង ថ្លែងថា ក្រៅពីនេះក្រសួងសុខាភិបាល ក៏ត្រូវតែជំរុញធ្វើទំនើបកម្មបន្ថែមទៀតនៅគ្រប់មន្ទីរពេទ្យ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា មានលទ្ធភាពវះកាត់ជំងឺធំៗ ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការព្យាបាល ដោយមិនចាំបាច់ឱ្យប្រជាពលរដ្ឋ ឬអ្នកជំងឺដែលមានលទ្ធភាព ចេញទៅធ្វើការព្យាបាលនៅប្រទេសក្រៅឡើយ។
កន្លងមកឱ្យតែប្រជាពលរដ្ឋណាដែលមានជំងឺធ្ងន់ធ្ងរ គឺពួកគាត់មិនសូវជ្រើសរើសមន្ទីរពេទ្យក្នុងស្រុក ដើម្បីព្យាបាលនោះទេ លុះណាតែពលរដ្ឋគ្មានជម្រើសនិងអត់មានលទ្ធភាព ទើបសម្រេចចិត្តមកព្យាបាលក្នុងស្រុក។ ហេតុនេះហើយវាធ្វើឱ្យប៉ះពាល់មុខមាត់សេវាសុខាភិបាលផង និងត្រូវខាតបង់ថវិកាសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្ថែមថា៖ «អ្វីដែលសំខាន់ គឺយើងត្រូវធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានការជឿជាក់ អ៊ីចឹង! វាអាស្រ័យទៅលើគុណភាពនៃការផ្ដល់សេវា និងក្រមសីលធម៌របស់គ្រូពេទ្យដែលបានប្រព្រឹត្តចំពោះអ្នកជំងឺដោយការគោរព និងសេចក្ដីថ្លៃថ្លូរ»៕