ភ្នំពេញៈសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាក្រោមកញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅលើទីលានប៉េតង់នៃពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ដោយនឹងបញ្ចប់នៅទី១៨ ខែវិច្ឆិកា។
ថ្លែងនៅក្នុងពិធីបើកការប្រកួត កាលពីព្រឹកថ្ងៃព្រហស្បតិ៍នោះ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺផ្តោតខ្លាំងទៅលើការផ្តល់ឱកាសឱ្យគ្រប់កីឡាករ កីឡាការិនីទាំងអស់ បានប្រកួតប្រជែងគ្នា ដើម្បីសម្រិតសម្រាំងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ចូលហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិ នៅឆ្នាំក្រោយ។
លោកបញ្ជាក់ថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ព្រមទាំងបង្កើនទំនាក់ទំនងរវាងសម្ព័ន្ធ ក្លិប និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីទូទាំងប្រទេស អាចចូលរួមប្រកួតប្រជែង និងដុសខាត់សមត្ថភាព ហើយនេះជាវេទិកាសម្រាប់សហព័ន្ធ សម្លឹងមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពល និងឧបនិស្ស័យលើកីឡាប៊ូល និងប៉េតង់ មកចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិ យុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់ទៀត»។
ជាមួយគ្នានេះ លោក សុខ សូកាន ដែលបានចូលដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ជំនួសប្រធានសហព័ន្ធមុន លោក ស សុខា នោះបានមើលឃើញថា សមត្ថភាពប្រកួតប្រជែងរបស់កីឡាករ កីឡាការិនីប៉េតង់ មានការរីកចម្រើនជាលំដាប់ បើទោះបីជាក្រុមនេះមិនអាចដណ្តើមបានមេដាយមាស ពោលគឺបានត្រឹមឈ្នះមេដាយប្រាក់៦ និងសំរឹទ្ធ៤ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។
លោកបានថ្លែងថា៖ «តាមរយៈការប្រកួតនាឆ្នាំកន្លងមក ខ្ញុំបានកត់សម្គាល់ឃើញថា កីឡាករ កីឡាការិនី ម្នាក់ៗមានទឹកដៃក្នុងការលេងខុសៗគា្ន ហើយពី ១ ឆ្នាំ ទៅ ១ ឆ្នាំ សមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏កាន់តែរីកចម្រើនឡើង ដូច្នេះការប្រកួតនេះអាចចាត់ទុកថាជាទីលានសាកល្បងសមត្ថភាព ជាកន្លែងមួយសម្រាប់ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីបច្ចេកទេសក្នុងការលេងកីឡាប៊ូល និងប៉េតង់រវាងគ្នាទៅវិញទៅមក»។
សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣នេះ មានប្រតិភូកីឡាតំណាងឱ្យសម្ព័ន្ធ និងក្លិប ចំនួន៥៣ បានដាក់ពាក្យចូលរួមប្រកួត ក្នុងនោះមានប្រតិភូ ៥០ នាក់ គ្រូបង្វឹក ៥០ នាក់ កីឡាករ២៣០ នាក់ និងកីឡាការិនីចំនួន ៨៦ នាក់ ដោយអ្នកទាំងនេះ ត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាចំនួន ៦ គឺប្រកួត៣ទល់ ៣ នាក់ ទាំងបុរស-នារី, វាយយកពិន្ទុ ទាំងបុរស-នារី និងការប្រកួត ១ ទល់ ១ នាក់ ទាំងផ្នែកយុវជន និងយុវនារី ដែលមានអាយុ ១៣ ដល់ ១៦ ឆ្នាំ។
ទន្ទឹមនឹងនេះ លោក សុខ សូកាន បានបន្ថែមថា៖«ខ្ញុំសូមលើកទឹកចិត្តដល់គណៈកម្មការរៀបចំការប្រកួត និងអំពាវនាវដល់កីឡាករ កីឡាការិនី សម្ព័ន្ធ-ក្លិប តាមបណ្តារាជធានី ខេត្ត សូមប្រកួតដោយយកចិត្តទុកដាក់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ប្រកួតដោយភាពត្រឹមត្រូវ និងយុត្តិធម៌ព្រមទាំងគោរពតាមបទបញ្ជា បច្ចេកទេស និងវិន័យនៃការប្រកួត ក្រោមស្មារតី «សាមគ្គីជាមហាគ្រួសារកីឡាប៊ូល និងប៉េតង់»។
ចំណែកលោក អ៊ិន គឹមស្រ៊ុន ទីប្រឹក្សាសហព័ន្ធ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានប្រកាស នៅក្នុងពិធីបើកការប្រកួតថ្នាក់ជាតិនេះថា បន្ទាប់ពីការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣រួចមក ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាប៊ូល និងប៉េតង់ បានប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនឡើងវិញ ក្នុងឆ្នាំ២០២៣ ចាប់តាំងពីដើមខែកក្កដា រហូតដល់ចុងខែវិច្ឆិកា។
ចំពោះការហ្វឹកហាត់នេះ លោកបញ្ជាក់ថា៖ «ការិយាល័យបច្ចេកទេស និងអភិវឌ្ឍបានដាក់ចេញបន្ថែមឱ្យហ្វឹកហាត់នូវបច្ចេកទេសកម្រិតខ្ពស់ចំនួន ៧ មុខជំនាញ ដើម្បីពង្រឹងសមត្ថភាព និងគុណផល គឺទី១ ការចូលប៊ូលចំនួន៦០គ្រាប់ ទី២ការចូលប៊ូលតាមរូបភាពលើកប៊ីឡើង និងលើកប៊ីចូលកង ទី៣វាយយកពិន្ទុ ទី៤វាយចូលតាមរូបភាព I, H, Y ទី៥ ប្រកួត ទី៦សំណួរផ្ទាល់មាត់ និងទី៧វិន័យ ហើយជាលទ្ធផលតាមការធ្វើតេស្តប្រចាំខែ គឺគុណផលរបស់ កីឡាករ កីឡាការិនី មានការកើនឡើងគួរឱ្យកត់សម្គាល់»។
យ៉ាងណាក៏ដោយ លោក គឹមស្រ៊ុន បានស្នើឱ្យបណ្តាសម្ព័ន្ធ និងក្លិប ពិនិត្យ និងកត់ចំណាំ ដើម្បីអាចស្ទង់មើលពីការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ដើម្បីដឹងថាកម្រិតបច្ចេកទេសពួកគេកើនឡើង ឬថយចុះ។ មួយវិញទៀត លោកស្នើសុំឱ្យបណ្ដាសម្ព័ន្ធ និងក្លិបរាជធានីខេត្តធ្វើការ Update បញ្ជីបច្ចុប្បន្នភាព និងបានលើកទឹកចិត្តដល់រាជធានីខេត្តដែលមិនទាន់បានចុះបញ្ជីបច្ចុប្បន្នភាពជាមួយសហព័ន្ធ សូមរៀបចំ ដើម្បីពង្រីកវិសាលភាពវិស័យកីឡាប៊ូល និងប៉េតង់នៅទូទាំងប្រទេស៕