ភ្នំពេញៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការដៃគូ កំពុងរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រ សំដៅទប់ស្កាត់ការនេសាទហួសកម្រិត និងធានាដល់ការរក្សាបាននូវធនធានសមុទ្រ ប្រកបដោយប្រសិទ្ធភាព។
ដើម្បីឱ្យការរៀបចំផែនការនេះ ប្រព្រឹត្តទៅដោយរលូនមូលនិធិសហភាពអឺរ៉ុប(EU)និងអង្គការ FAO កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្ដល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីរដ្ឋបាលជលផលថ្នាក់ជាតិ និងខេត្តជាប់តំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធផ្នែកនេសាទផ្សេងទៀត ក្នុងគោលបំណងបង្កើនការយល់ដឹង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជានេសាទ នៅតំបន់ឆ្នេរសមុទ្រ ឱ្យកាន់តែប្រសើរឡើង។
វគ្គបណ្តុះបណ្តាលនេះនឹងកសាងសមត្ថភាពដល់ភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងជលផល ដោយផ្តោតលើសកម្មភាពនៃការនេសាទហួសកម្រិត និងដែននេសាទសេរី ផលវិបាកនានា ដែលបានប្រឈម ជាពិសេសពិភាក្សាលើយុទ្ធសាស្រ្ត និងផែនការអនុវត្តនានាដើម្បីដោះស្រាយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖«ជម្រកត្រីសំខាន់ៗ រួមមាន ផ្កាថ្ម ស្មៅសមុទ្រ និងព្រៃកោងកាង គឺជាកន្លែងបន្តពូជ លូតលាស់ និងចិញ្ចឹមជីវិតរបស់ត្រី ហើយត្រីសមុទ្រ ក៏មិនអាចរស់បានដោយគ្មានទីជម្រកដែលសម្បូរដោយសុខុមាលភាព និងបរិស្ថានល្អឡើយ។ ដូច្នេះការគ្រប់គ្រងជលផលប្រកបដោយប្រសិទ្ធភាព នឹងរួមចំណែកដល់ដំណើរការធ្វើឱ្យមានកំណើនតម្លៃសេដ្ឋកិច្ចដែលទាញចេញពីជលផលសមុទ្រ សំដៅធានាថា ធនធានត្រូវបានប្រើប្រាស់ក្នុងកម្រិតប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព»។
លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល តាមរយៈសេចក្តីប្រកាសនេះបានឱ្យដឹងថា រដ្ឋបាលជលផលបានរៀបចំផែនការគ្រប់គ្រងជលផលសមុទ្រដោយមានការជួយគាំទ្របច្ចេកទេសពីអង្គការ FAO និងបានប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅគ្រប់កម្រិត រួមទាំងអាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទ។
លោកបន្តថា បច្ចុប្បន្ននេះរដ្ឋបាលជលផលកំពុងដំណើរការ សុំការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកបន្តថា ផែនការនេះនឹងជួយស្តារ និងការពារធនធានជលផល និងទីជម្រកសំខាន់ៗ ដែលអនុញ្ញាតឱ្យទាញយកផលប្រយោជន៍ជាច្រើនពីការនេសាទប្រកបដោយនិរន្តរភាព។
លោកបញ្ជាក់ថា៖ «ផ្នែកមួយនៃការធានានូវនិរន្តរភាពនេះ គឺការកៀរគរភាគីពាក់ព័ន្ធរួមគ្នាបង្កើនការយល់ដឹងពីការនេសាទដូចជាការនេសាទហួសកម្រិត និងការនេសាទសេរីគ្មានការគ្រប់គ្រង និងត្រួតពិនិត្យនិងការទទួលយកនូវតម្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាក្នុងការសហការគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះ»។
លោកបន្ថែមថា ការធ្វើការដែលមានគោលដៅរួមគ្នា នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការអនុវត្ត និងសកម្មភាពដែលមានផលប៉ះពាល់អវិជ្ជមានលើធនធានជលផល ទីជម្រក និងផលប្រយោជន៍។
ចំណែក លោកផែន ប៊ុនធឿន ទីប្រឹក្សាបច្ចេកទេស ផ្នែកគ្រប់គ្រងជលផលសមុទ្រមកពីអង្គការ FAO នៅកម្ពុជា ក៏បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីជួយដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រសហគមន៍នេសាទ និងអ្នកនេសាទស្វែងយល់អំពីយន្តការដែលអាចប្រើប្រាស់ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រឱ្យមាននិរន្តរភាព។
លោកថ្លែងថា៖ «ក្នុងវគ្គបណ្តុះបណ្តាលនេះមានការពិភាក្សាជាក្រុម និងលំហាត់ជាច្រើន ដើម្បីឱ្យភាគីពាក់ព័ន្ធ និងតួអង្គសំខាន់ៗ អនុវត្តបច្ចេកទេស បង្កើតលក្ខខណ្ឌដែលមានស្ថិរភាព និងអាចព្យាករផលស្តុកត្រី»។
បើតាមសេចក្ដីប្រកាសព័ត៌មាន វគ្គបណ្តុះបណ្តាលកំពុងប្រព្រឹត្តឡើងនៅខេត្តកែប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងសមត្ថភាព និងកម្លាំងនេសាទ និងនៅខេត្តកំពត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងការនេសាទតាមតំបន់ និងពេលវេលា។
សូមបញ្ជាក់ថា ការបង្កើតផែនការគ្រប់គ្រងជលផលសមុទ្រត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០២១ ដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប តាមរយៈអង្គការ FAO ក្រោមគម្រោងគាំទ្របច្ចេកទេស កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន ផ្នែកនេសាទ(CAPFISH-Capture) ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប៕