ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថាប័នពាក់ព័ន្ធ គ្រោងដាក់ឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ បានដឹងពីតួនាទី ភារកិច្ច ក្នុងការឆ្លើយតបការផ្ដល់សេវាជូនកុមារដែលទទួលរងគ្រោះ។
លោក ភី ណូ ប្រធាននាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកាថា គោលបំណងនៃការបង្កើតសៀវភៅណែនាំនេះ ដើម្បីចង់ពង្រឹងប្រព័ន្ធកិច្ចការពារកុមារជារួមមួយដោយសារក្រសួងមើលឃើញថា ប្រព័ន្ធកិច្ចការពារកុមារនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពរាយប៉ាយ ខណៈដែលក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការជាមួយកុមារ ពួកគាត់មានប្រព័ន្ធកិច្ចការពារកុមារផ្សេងពីខាងក្រសួង។
លោកបានបន្តថា សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង គឺមានផែនការច្រើនលើប្រព័ន្ធកិច្ចការពារកុមារ ដូច្នេះហើយទើបក្រសួងសង្គមកិច្ច ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានរួមគ្នាធ្វើសេចក្ដីព្រាងសៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល រួមគ្នាអនុវត្ត។
លោកបានថ្លែងថា៖ «នៅក្នុងសៀវភៅណែនាំហ្នឹង មានលក្ខណៈសុខដុមនីយកម្ម ហើយមានយន្តការច្បាស់លាស់ក្នុងការទទួលខុសត្រូវ និងឆ្លើយតប ហើយមួយទៀត នីតិវិធីក្នុងសៀវភៅនេះ បានរៀបចំឡើងដោយផ្អែកទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើវិមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិ អ៊ីចឹងមន្ត្រីនៅថ្នាក់ក្រោមជាតិ មានតួនាទីសំខាន់ណាស់ក្នុងឆ្លើយតប និងផ្ដល់សេវាចំពោះកុមារងាយរងគ្រោះដោយអំពើរំលោភបំពាន»។
បើតាមលោក ភី ណូ បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ សៀវភៅណែនាំស្ដីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ បានអនុវត្តសាកល្បងនៅក្នុងស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២២ ខណៈដែលការអនុវត្តសៀវភៅណែនាំនេះ គឺឱ្យអាជ្ញាធរថ្នាក់ស្រុក ឃុំ ត្រូវអនុវត្តភារកិច្ចរបស់ខ្លួន នៅពេលដែលកុមាររងគ្រោះដោយសារអំពើហិង្សា ឬអំពើរំលោភបំពាន។
លោកបន្តថា ដូច្នេះអាជ្ញាធរមូលដ្ឋាន ពួកគាត់នឹងច្បាស់អំពីតួនាទីថា ត្រូវឆ្លើយតបអ្វីខ្លះ ឬបើឆ្លើយតបមិនបានអាចនឹងបញ្ជូនមកខេត្តដើម្បីធ្វើការដោះស្រាយ។
លោក ភី ណូ បានបញ្ជាក់៖ «អ៊ីចឹង! សារៈប្រយោជន៍នៃសៀវភៅហ្នឹង គឺឱ្យអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិ ជាពិសេសឃុំ-សង្កាត់ ស្រុក យល់ច្បាស់ពីភារកិច្ចរបស់ខ្លួន និងនីតិវិធីជួយទៅដល់កុមារ នៅពេលកុមារមានការរំលោភបំពាន ការគំរាមកំហែង ឬក៏ប្រឈមនឹងការរងគ្រោះអ្វីមួយ»។
សៀវភៅណែនាំនេះ ក៏បានផ្ដល់ប្រយោជន៍សម្រាប់កុមារ ដើម្បីទទួលបានកិច្ចគាំពារ ការការពារ ហើយនិងទទួលបានសេវាសមស្របទៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិដែលមាន។
លោកបានបន្ថែមថា ហេតុនេះទាំងអង្គការសង្គមស៊ីវិល ក៏ត្រូវអនុវត្តទៅតាមនីតិវិធីនៅក្នុងសៀវភៅណែនាំនេះដែរ មិនមែនតែស្ថាប័នរាជរដ្ឋាភិបាលទេ ទោះបីករណីដែលកើតឡើងលើកុមារ វាជាកិច្ចអន្តរាគមន៍របស់សមត្ថកិច្ច និងអាជ្ញាធរក៏ដោយ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរ ក៏អាចសហការជាមួយអង្គការដៃគូ ដើម្បីផ្ដល់សេវាជូនកុមារដែលរងគ្រោះទាំងអស់នោះបានដែរ។
ទាក់ទងនឹងសៀវភៅណែនាំនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងដែរថា វាជាសៀវភៅណែនាំមួយដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការសង្គមស៊ីវិល រួមគ្នាក្នុងការជួយការពារ និងជួយសង្គ្រោះកុមារដែលងាយរងគ្រោះ។
លោកថ្លែងថា៖ «សំខាន់អាហ្នឹងជាគោលការណ៍ណែនាំទេ ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការអនុវត្តច្បាប់ទាក់ទងនឹងការការពារកុមារ អ៊ីចឹងយើងត្រូវនាំគ្នាធ្វើម៉េច ដើម្បីអនុវត្តច្បាប់ហ្នឹងឱ្យមានប្រសិទ្ធភាព ជួយការពារទៅដល់កុមារ និងសង្គ្រោះកុមារដែលត្រូវរងគ្រោះដោយការរំលោភបំពានផ្សេងៗ»។
លោកបានបន្ថែមថា ទោះបីជាយ៉ាងណាការ បង្កើតសៀវភៅណែនាំនេះ វាក៏ជារឿងល្អមួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដឹងពីភារកិច្ច តួនាទីត្រូវអនុវត្ត ក៏ដូចជាចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ រួមជាមួយអង្គការសង្គមស៊ីវិលផង ជាពិសេសត្រូវធ្វើយ៉ាងណាឱ្យសៀវភៅណែនាំនេះពេលដាក់អនុវត្តផ្លូវការ គឺមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងសង្គមកិច្ច និងក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាពិគ្រោះយោបល់ជាលើកចុងក្រោយ ជាមួយស្ថាប័ន្ធពាក់ព័ន្ធ លើសេចក្តីព្រាងសៀវភៅណែនាំស្តីពីនីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មុននឹងស្នើសុំការអនុម័តពីថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងមហាផ្ទៃ សម្រាប់ដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗនេះ៕