ភ្នំពេញៈ «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ នេះជាសំឡេងកងរំពងស្រែកឡើងស្រុះៗគ្នាដោយសិស្សានុសិស្សជាច្រើននៅក្នុងបរិវេណសាលារៀនពេលប្រជុំជួរគោរពទង់ជាតិ។ សកម្មភាពនេះជាការចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»ដែលផ្ដួចផ្តើមឡើងដោយក្រសួងបរិស្ថានសំដៅចូលរួមកាត់បន្ថយការប្រែប្រួល អាកាសធាតុ។
របាយការណ៍ស្តីពីស្ថានភាពអាកាសធាតុ និងការអភិវឌ្ឍរបស់កម្ពុជាឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបង្កហានិភ័យផ្នែករូបវន្តដូចជាការកើនឡើងសីតុណ្ហភាព និងគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងមានសភាពកាន់តែធ្ងន់ធ្ងរ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងបរិស្ថានក្នុងអាណត្តីថ្មីនេះ បានដាក់ចេញការងារអាទិភាពចំនួន ៣ រួមមាន ទី១ ការគ្រប់គ្រងសំណល់រឹងសំដៅលើភាពស្អាត ពិសេសលុបបំបាត់សំណល់ប្លាស្ទិក ទី២ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការស្តារគម្របព្រៃឈើបៃតង និងទី៣ នាំអាទិភាពទាំង ២ ខាងដើមនេះឆ្ពោះទៅឆាកអន្តរជាតិសំដៅឱ្យមានចីរភាពបរិស្ថាន។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានថ្លែងថា ក្រសួងបរិស្ថានបន្តពង្រឹងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយអនុវត្តវិធានការជាក់ស្តែងតាមរយៈដាក់ឱ្យប្រើប្រាស់ធុងសំរាមដាច់ដោយឡែកនៅតាមសាលារៀន និងលើកទឹកចិត្តសិស្សា-នុសិស្សកែច្នៃប្លាស្ទិក និងសំណល់សំរាមធ្វើជាជីកំប៉ុស។ វិធានការដ៏ចម្បងនេះ បាននិងកំពុងប្រព្រឹត្តទៅស្របតាមគំនិតផ្តួចផ្តើមជាសកល របស់អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការបំពុលប្លាស្ទិកផងដែរ។
លោកថ្លែងថា៖ «វិធានការទាំងនេះ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ និងដោះស្រាយបញ្ហាឫសគល់នៃការបំពុលប្លាស្ទិក តាមរយៈការពង្រឹងការអនុវត្តការគ្រប់គ្រងសំណល់ឱ្យមានប្រសិទ្ធភាព»។
ក្រសួងបរិស្ថានឱ្យដឹងថា យុទ្ធនាការនេះមិនត្រឹមតែមានការគាំទ្រ និងចូលរួមពីសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការគាំទ្រយ៉ាងពេញទំហឹងពីដៃគូអភិវឌ្ឍន៍ម្ចាស់រោងចក្រ និងកាកបាទក្រហមកម្ពុជាផងដែរ។ បើតាមក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី ១ ខែកញ្ញារហូតមកដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំនេះសាលារៀនទូទាំងប្រទេសសរុបចំនួន ៥ ៨០៨ សាលា គ្រូបង្រៀនចំនួន ១៩១ ១៨៣ នាក់ និងសិស្សានុសិស្ស ២ ៤៣៩ ៥៣៩ នាក់ បានចូលរួមគាំទ្រយុទ្ធនាការនេះ ខណៈសកម្មភាពនេះ នៅតែបន្តធ្វើរហូតដល់គ្រប់សាលារៀននៅទូទាំងប្រទេស។
ដើម្បីគ្រប់គ្រងធនធានធម្មជាតិនិងការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសិទ្ធភាពក្រសួងបរិស្ថានក៏បានដាក់ចេញវិធានការមួយចំនួនផងដែរ រួមមានការអនុវត្តច្បាប់ ១០០ ភាគរយមិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ។
ពង្រឹងសហការឱ្យកាន់តែស្អិតល្មួតជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយនិងកម្លាំងសមត្ថកិច្ចដើម្បីពង្រឹងការអនុវត្តច្បាប់ ព្រមទាំងជំរុញការដាំដុះកូនឈើយ៉ាងហោច ១ លានដើមក្នុង ១ ឆ្នាំផងដែរ។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា ស្របតាមទិសដៅអាទិភាពរបស់ក្រសួងបរិស្ថានក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បាននិងកំពុងបន្តធ្វើយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀនដោយត្រូវអនុវត្តរហូតគ្រប់សាលារៀននៅទូទាំងខេត្ត។
លោកបន្ថែមថា ក្រៅពីបញ្ជ្រាបការយល់ដឹងពីការទុកដាក់ថង់ប្លាស្ទិកនៅតាមសាលារៀន មន្ទីរជំនាញក៏កំពុងយកចិត្តទុកដាក់ផងដែរលើការទុកដាក់ការប្រើប្រាស់សំណល់រឹងផ្សេងៗទៀតដូចជាដប កំប៉ុង និងសំរាមផ្សេងៗ ដើម្បីឱ្យមានសណ្តាប់ធ្នាប់។
ខេត្តស្ទឹងត្រែងបង្កើតកាកសំណល់សំរាមទាំងរឹង និងរាវពី ៤០ ទៅ ៥០តោន ក្នុង ១ ថ្ងៃ។ យ៉ាងណាក្ដីបច្ចុប្បន្នសំណល់ប្លាស្ទិក និងសំណល់រឹងមួយចំនួនដូចជាដែក និងអាលុយមីញ៉ូមត្រូវបានអ្នករើសអេតចាយរើសចេញ ប៉ុន្តែសំណល់ប្លាស្ទិកនៅសល់ច្រើន។
លោកថ្លែងថា៖ «ថង់ប្លាស្ទិកគឺវាប៉ះពាល់ច្រើន ទី១ បរិស្ថានកខ្វក់ហើយមិនងាយរលាយទេ ហើយវាប៉ើងតាមខ្យល់ ធ្លាក់ចូលទឹកធ្វើឱ្យបំពុលពីលើចុះក្រោម ហើយដល់ទៅក្នុងទឹកទៀត នៅស្រុកយើងមិនថាតែស្ទឹងត្រែងទេ គឺនៅគ្រប់កន្លែងទាំងអស់ថង់ប្លាស្ទិកនេះរញ៉េរញ៉ៃពេញទាំងអស់គឺមិនទាន់គ្រប់គ្រងបានទេ»។
ក្រៅពីនេះការពង្រឹងអនុវត្តច្បាប់ពាក់ព័ន្ធនឹងតំបន់ការពារធម្មជាតិទាំងអស់ជារឿងសំខាន់ក្នុងនោះចាប់ពីមានការណែនាំពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន កម្លាំងជំនាញកំពុងបន្តអនុវត្ត ក្នុងនោះបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ៤ ករណី។ បន្ថែមលើនេះ មន្ទីរបរិស្ថានខេត្តក៏បាននិងកំពុងរៀបចំឱ្យមានថ្នាលបណ្តុះកូនឈើបន្ថែមទៀតសម្រាប់ដាំដុះបង្កើតគម្របព្រៃឈើឡើងវិញ។
លោក ស្រេង ជាហេង បន្ថែមថា ការបណ្តុះគំនិតស្រឡាញ់បរិស្ថានស្អាតគ្មានប្លាស្ទិកនៅតាមសាលារៀន គឺជាការផ្លាស់ប្តូរផ្នត់គំនិតក្មេង និងអាចផ្សព្វផ្សាយដល់ឪពុកម្តាយ អាណាព្យាបាល សហគមន៍ក្នុងភូមិបានចូលរួមទាំងអស់គ្នាបន្ថែមទៀត។
«ពេលមានការផ្សព្វផ្សាយពីលោកគ្រូ-អ្នកគ្រូ ពីមន្ទីរអ៊ីចឹងទៅ គាត់ខំប្រឹងខ្លួនឯងផង និងទៅផ្សព្វផ្សាយទៅដល់សហគមន៍ផង ខ្ញុំគិតថា វាជាចំណែកមួយក្នុងការជំរុញការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។
លោក ជ័យ ហ៊ឹម មេឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅឆ្នាំនេះក្នុងមូលដ្ឋានឃុំចំបក់ ចាប់ផ្តើមយកចិត្តទុកដាក់ចូលរួមលើបញ្ហាបរិស្ថាន ស្របតាមការណែនាំនៃយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន។
លោកថា៖ «ឥឡូវនេះក្រោមការដឹកនាំរបស់មន្ទីរ ក៏ដូចជារដ្ឋបាលខេត្ត ស្រុក គឺយើងមានការយកចិត្តទុកដាក់ច្រើនជាងមុន។ មានការចូលរួមរបស់សិស្សានុសិស្ស ជាពិសេសលោកពូអុំមាមីងដែលរស់នៅតាមបណ្តាភូមិ»។
ការបោសសម្អាតកាកសំណល់សំរាមនៅតាមមូលដ្ឋាន ក្នុង ១ សប្តាហ៍ មានសមាជិកគណៈកម្មការចុះប្រមូលទុកដាក់ក្រោយភ្ញៀវមកលេងកម្សាន្តហើយបានបន្សល់ទុកសំរាមនៅពាសវាលពាសកាល។
ដោយឡែកការរក្សាទុកដាក់សំរាមនៅតាមផ្ទះប្រជាពលរដ្ឋគឺធ្វើបានល្អ។ ម្យ៉ាងតំបន់នេះជាតំបន់ដែលមានភ្ញៀវទេសចរមកលេងកម្សាន្តរៀងរាល់ចុងសប្តាហ៍ ជាពិសេសគឺភ្ញៀវបរទេសដែលមានការទុកដាក់សំរាមយ៉ាងមានរបៀបគួរឱ្យយកគំរូតាម។
បើតាមលោកមេឃុំ ការទុកដាក់សំរាមបានត្រឹមត្រូវ នឹងធ្វើឱ្យបរិស្ថានស្អាត កាត់បន្ថយការបំពុលដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ។ អាជ្ញាធរឃុំនឹងជំរុញឱ្យមានការបញ្ជូនសារអប់រំបន្ថែមទៀត នៅពេលមានការប្រជុំអាណត្តិក្រុមប្រឹក្សា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ នៅក្នុងមូលដ្ឋាន។
លោក ពៅ ពិន នាយកអនុវិទ្យាល័យ ហ៊ុន សែន ទួលសូភី បានថ្លែងថា ការគិតគូរ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុជារឿងដែលគ្រប់គ្នា ត្រូវចូលរួម ព្រោះមិនមានអ្នកណាម្នាក់អាចហាមឃាត់ការប្រែប្រួលដ៏ធំធេងនេះបានទេ គួរតែមានសកម្មភាពធ្វើការដោយផ្តើមចេញពីបុគ្គលម្នាក់ៗ គ្រួសារ ១ ទៅសហគមន៍ ១ និងពីសង្គម ១ ទៅសង្គម ១។
បញ្ហានេះអនុវិទ្យាល័យ ហ៊ុន សែន ទួលសូភីក៏បានរួមចំណែកតាំងពីមុនពេលក្រសួងបរិស្ថានបើកយុទ្ធនាការលុបបំបាត់ថង់ប្លាស្ទិកមកម្ល៉េះ។
លោកប្រាប់ថា ការធ្វើឱ្យបរិស្ថាននៅតាមសាលារៀនល្អស្អាត គ្មានសំរាម គ្មានប្លាស្ទិក មិនត្រឹមតែធ្វើឱ្យការរស់នៅ និងការរៀនសូត្រមានផាសុកភាពប៉ុណ្ណោះទេ តែថែមទាំងបានរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុបានមួយចំណែកទៀតផង។
«ខ្ញុំចង់ឱ្យសហគមន៍យល់ដឹងទាំងអស់គ្នា ដើម្បីបរិស្ថានប្រទេសយើង សំខាន់ចាប់ផ្តើមទាំងអស់គ្នា មិនអាចធ្វើតែពីសាលាបានទេ។ កាលណាយើងមានបរិស្ថានស្អាតគឺសុខភាពយើងវាល្អយើងកាត់បន្ថយបរិយាកាសអាក្រក់ ភ្លៀងធ្លាក់ទៀងទាត់ គុណភាពដីយើងក៏ល្អ ងាយស្រួលបង្កបង្កើនផលកសិកម្ម»។
លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃ និងអនាម័យសហគមន៍ បានគាំទ្រសកម្មភាពរបស់ក្រួងបរិស្ថានក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេសគឺការរៀបចំទុកដាក់កាកសំណល់រឹង និងលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមសាលារៀន។
យ៉ាងណាក្ដី លោកលើកឡើងថា ការធ្វើយុទ្ធនាការតែ ១ ពេល នៅតាមសាលារៀនអាចមិនគ្រប់គ្រាន់ទេ គួរតែមានការធ្វើនៅតាមសហគមន៍ផងទើបរឹតតែល្អ។
បើតាមលោក យ៉ុនគូរ៉ា ដើម្បីឱ្យការបំពុលចេញពីសហគមន៍ប្រែទៅល្អប្រសើរ គួរតែមានអ្នកប្រមូលសំរាមនៅច្រកល្ហកតាមភូមិ និងមានអ្នកឃ្លាំមើលការបោះចោលសំរាមផង ដែលចំណុចនេះ ប្រសិនបើមានអ្នកបោះចោលមិនត្រឹមត្រូវ អាចអនុវត្តតាមគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្តដែលមាន។
លោកថ្លែងថា៖ «ការប្រែប្រួលអាកាសធាតុហ្នឹងវាផ្សំគ្នាដែរ វាផ្សំចេញពីទឹកលូស្អុយ ឬក៏ទឹកសម្អុយហ្នឹងវាអាចជះឧស្ម័នផ្ទះកញ្ចក់ឡើងលើ ប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ វាធ្វើឱ្យខ្យល់ពុលវាធ្វើឱ្យចំហេះហើយលើអាកាសហ្នឹងវាពុល អ៊ីចឹងទៅណា»។
អនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ អាទិភាពរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញនេះ ជាការរួមចំណែកធានាឱ្យបានចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ ភាគរយនៅក្នុងឆ្នាំ ២០៥០»៕