សៀមរាបៈ ក្រោយពីមានការរំសាយរចនាសម្ព័ន្ធគ្រប់គ្រង និងបណ្តេញភិក្ខុ សាមណេរ គណៈកម្មការ និងអាចារ្យ ចេញពីវត្តពោធិ៍លង្កា ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែការគ្រប់គ្រងមិនបានល្អ និងបែងចែកបក្ខពួក បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធបានធ្វើការណែនាំមិនស្តាប់ជាច្រើនឆ្នាំ នៅពេលនេះវត្តនេះត្រូវបានធ្វើការបោសសម្អាតបរិស្ថាន និងរៀបចំសោភណភាពវត្ត បានល្អឡើងវិញដោយគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្ន។
ព្រះភិក្ខុ ទេព ភឿន ព្រះវិន័យធម៌ និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាបឱ្យដឹងថា គណៈកម្មការរៀបចំគ្រប់គ្រង វត្តពោធិ៍លង្កាបណ្តោះអាសន្ន រួមមាន មន្ត្រីសង្ឃសាលាគណខេត្ត សាលាអនុគណក្រុង ដោយមានការចូលរួមសហការពីអាជ្ញាធរ មន្ទីរធម្មការ និងសាសនា និងគណៈគ្រប់គ្រងសាលាបឋមសិក្សាពោធិ៍លង្កា បានធ្វើការបោសសម្អាត រៀបចំ ឱ្យមានរបៀបរៀបរយល្អ ឡើងវិញ។
វិធានការនេះធ្វើឡើងក្រោយពីសាលាគណខេត្តសៀមរាបសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាដោយបណ្តេញព្រះសង្ឃ គណៈកម្មការ និងអាចារ្យ ចេញពីវត្តកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា។
ព្រះអង្គឱ្យដឹងថា កន្លងមកការគ្រប់គ្រងវត្តពោធិ៍លង្កាមានភាពអនាធិបតេយ្យ បែងចែកបក្ខពួកច្រើន គឺព្រះចៅអធិការវត្តផ្សេង គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ និងគ្រូវិន័យធម៌ផ្សេង ដែលសាលាគណខេត្តសៀមរាប បានធ្វើការណែនាំជាច្រើនលើកច្រើនសាអស់រយៈពេលរាប់ឆ្នាំ ប៉ុន្តែនៅតែមិនអាចណែនាំបាន ទើបចុងក្រោយ សាលាគណសម្រេចធ្វើសារដាក់ជូនទៅគណៈសង្ឃនាយក ហើយគណៈសង្ឃនាយកក៏បានសម្រេច បញ្ចប់មុខតំណែងគណៈសង្ឃវត្តនេះតែម្តង។
ព្រះភិក្ខុបញ្ជាក់ថា៖ «និយាយរួមគឺយើងរំសាយរដ្ឋបាលសង្ឃមួយវត្តពោធិ៍លង្កាហ្នឹងតែម្តងដើម្បីយើងសម្រួលឱ្យវាស្រួលអាហ្នឹងភាសាងាយស្តាប់ថា កំណែទម្រង់នៅក្នុងទីវត្តហ្នឹង ដើម្បីឱ្យមានសណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ប្រកបដោយបែបបទរដ្ឋបាល»។
ព្រះអង្គអះអាងថា ការរំសាយគណៈសង្ឃវត្តពោធិ៍លង្កានេះមិនមានពាក់ព័ន្ធរឿងនយោបាយ ឬរឿងអ្វីផ្សេងនោះទេ សំខាន់ព្រោះតែក្នុងវត្តនោះមិនមានការឯកភាពគ្នា ពិបាកក្នុងការគ្រប់គ្រង។
ការរំសាយនេះ ប្រៀបដូចជាការព្យាបាលដំបៅដែលត្រូវកាត់សាច់ស្អុយចោល ថ្វីដ្បិតតែឈឺ ប៉ុន្តែការព្យាបាលជានឹងបានល្អប្រសើរវិញ។ បន្តាប់ពីការអនុវត្តតាមនីតិវិធី សាលាគណខេត្តនឹងរៀបចំរចនាសម្ព័ន្ធការគ្រប់គ្រងដឹកនាំថ្មី ដែលត្រឹមត្រូវតាមធម៌វិន័យ ព្រះពុទ្ធសាសនា។
ភិក្ខុ ១ អង្គគង់នៅវត្តពោធិ៍លង្កា ១០ ឆ្នាំមកហើយ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងលក្ខខណ្ឌមិនបញ្ចេញព្រះនាមថា បញ្ហាការមិនឯកភាពគ្នានៅក្នុងវត្តនេះដំបូងមាន ២ បក្ខ ប៉ុន្តែក្រោយមកមានរហូតដល់ ៤ បក្ខ រញ៉េរញ៉ៃជាខ្លាំង។ នៅពេលឃើញមានការបញ្ចប់តំណែងគណៈសង្ឃវត្តទាំង ៤ អង្គ ព្រះអង្គមានអារម្មណ៍រីករាយ និងគាំទ្រព្រោះចង់ឱ្យវត្តមានភាពរីកចម្រើនតាមរយៈអ្នកដឹកនាំថ្មីដែលអាចរក្សាអ្នកសិក្សារៀនសូត្របានច្រើន។
បើកាលណាមិនធ្វើបែបនេះ មេរោគនៅតែមិនអាចលុបបំបាត់ ហើយភាពអនាធិបតេយ្យនៅតែកើតមានក្នុងវត្ត។
ព្រះអង្គបន្តថា៖ «វត្តហ្នឹងអ្នករៀនមានតែខាងចៅអធិការទេ ចំពោះខាងបក្ខដែលប្រឆាំងសុទ្ធតែចាប់បួសអត់មានឆាយា អត់មានសង្ឃដីកាច្បាស់លាស់ទេ។ អ៊ីចឹងហើយពិបាក ពួកគេរាងស្ទាវៗ ឈ្លើយអ៊ីចឹងទៅ និយាយឱ្យចំអាចថា ព្រឹកឡើងដើរបិណ្ឌបាត យប់ឡើងប្រែកាយអ៊ីចឹងទៅ»។
ព្រះសង្ឃដដែលប្រាប់ថា ក្រោយមានការសម្អាត និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានល្អឡើងវិញហើយ អាចនឹងមានការពិនិត្យលទ្ធភាពក្នុងការទទួលយកភិក្ខុសាមណេរ សាមណៈសិស្សដែលចេញទៅនោះឱ្យត្រឡប់ចូលក្នុងវត្តវិញ ដោយពិនិត្យមើលប្រវត្តិរូបច្បាស់លាស់ និងមានការពិនិត្យមើលសារធាតុញៀនជាដើម។
យ៉ាងណាក្តីការរៀបចំឱ្យចាកចេញនោះ មិនមែនបណ្តេញចេញដោយមិនបានរៀបចំកន្លែងត្រូវទៅនោះទេ គឺមានការបញ្ជូនឈ្មោះច្បាស់លាស់ ក្នុងការទៅនៅកន្លែងថ្មីត្រឹមត្រូវ។ មុននឹងបណ្តេញចេញក៏មានការជូនដំណឹងមុនក្នុងរយៈពេលមួយយូរសមរម្យផងដែរ។
ឧបាសិកាមុំ អាយុ ៧១ ឆ្នាំបានឱ្យដឹងថា មុនពេលរំសាយគណៈសង្ឃក្នុងវត្តលោកយាយតែងទៅវត្តធ្វើបុណ្យរក្សាសីលធម្មតា ប៉ុន្តែក្រោយរំសាយគណៈសង្ឃលោកយាយប្តូរមករក្សាសីលនៅផ្ទះ ចាំមើលការរៀបចំវត្តរួចរាល់ទើបទៅវត្តដូចធម្មតាវិញ។
រឿងរ៉ាវរញ៉េរញ៉ៃក្នុងវត្តនេះ កើតឡើងយូរណាស់មកហើយព្រះសង្ឃបែងចែកបក្ខពួកមិនត្រូវគ្នា ចាត់ចែងកាន់លុយដោយខ្លួនឯង ឱ្យញាតិសន្តានមកធ្វើការលក់ដូរក្នុងវត្តអនាធិបតេយ្យ គ្មានគណៈកម្មការគ្រប់គ្រងច្បាស់លាស់។
ឧបាសិការូបនេះបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា រំលាយចោលទាំងអស់អ៊ីចឹងល្អ ព្រោះខាងនេះក៏យ៉ាប់ ខាងនោះក៏យ៉ាប់ ខ្ញុំចង់ឱ្យមានចៅអធិការ គ្រប់គ្រងតែ១យើងចាស់ទុំស្រួលធ្វើបុណ្យធ្វើទាន»។
លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាបឱ្យដឹងថា ក្រោយពីមានការរំសាយគណៈសង្ឃនៅក្នុងវត្តពោធិ៍លង្កា នៅថ្ងៃទី ១៣ ខែវិច្ឆិកា មិនមានការតវ៉ាណាមួយកើតឡើងទេ ថ្វីបើពេលចុះអនុវត្តមានការតវ៉ាខ្លះពីព្រះសង្ឃ ប៉ុន្តែក្រោយសម្របសម្រួល ព្រះសង្ឃទាំងនោះ បានយល់ព្រមចាកចេញទាំងអស់។
យ៉ាងណាក្តីលោកបញ្ជាក់ថា ចំពោះបញ្ហានៅក្នុងវត្តដែលកើតឡើងនេះ ការដោះស្រាយផ្សេងៗ នៅលើខាងផ្នែកសង្ឃជាអ្នកសម្រេច មន្ទីរ និងអាជ្ញាធរគ្រាន់តែសហការប៉ុណ្ណោះ។
តាមសេចក្តីជូនដំណឹងរបស់សាលាអនុគណក្រុងសៀមរាប ឱ្យដឹងថា ព្រះសង្ឃនៅក្នុងវត្តមានចំនួនសរុប ១៤០ អង្គ និងតាជី យាយជី ក្មេងវត្តមានចំនួន ៣១ នាក់។
ការមិនអនុញ្ញាតឱ្យមានអ្នកនៅក្នុងវត្តបន្ត សាលាអនុគណក្រុងសៀមរាប បានណែនាំ ដល់ព្រះសង្ឃ និងយាយជី តាជី ក្មេងវត្តទាំងអស់ ទាក់ទងទៅសាលាអនុគណដើម្បីបានកន្លែងស្នាក់នៅផ្សេងទៀត៕